ជាក់ស្តែងគេសង្កេតឃើញមានអ្នករកស៊ីអនឡាញមួយចំនួនបានប្រើប្រាស់បណ្តាញសង្គមធ្វើជាទីលានហែកហួរកេរ្តិ៍ខ្មាស់ និងអ្នកខ្លះបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ កិត្តិយស និងមុខមាត់ប្រទេសជាតិ។ ក្រុមអ្នកជំនាញ ដែលតាមដានស្ថានការណ៍សង្គមបានចាត់ទុកសកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌សង្គម និងបានស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ឱ្យតឹងរ៉ឹងលើបុគ្គលទាំងនោះផងដែរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា សង្គមខ្មែរកំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយអ្នកលក់អនឡាញ និងអ្នករកលុយតាមប្រព័ន្ធអនឡាញ(MMO)មួយចំនួន ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរោះ ជេរបញ្ចោរ ឬជេរប្រមាថអ្នកដទៃ ហែកហួរជម្លោះក្នុងគ្រួសារ និងការផលិតមាតិកាអសីលធម៌ បំផ្លើស ប្រឌិត បង្កចលាចលសង្គមជាដើម។ សម្រាប់អ្នកជំនាញរូបនេះ ភាគច្រើននៃអ្នកលក់អនឡាញ និងអ្នករកលុយតាមអនឡាញ (MMO) ទាំងនោះមានអាកប្បកិរិយាដូចមិនមែនពលរដ្ឋខ្មែរ តែហាក់ដូចជាក្រុមមនុស្សមកពីស្រុកណាមួយ ដែលគេប្រើមកឱ្យបំផ្លិចបំផ្លាញសង្គមខ្មែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត គិន ភា ហាក់មានក្ដីបារម្ភថា បើអនុញ្ញាតឱ្យពួកគេនៅតែបន្តសកម្មភាពបែបហ្នឹងតទៅទៀត សង្គមខ្មែរនឹងមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ដូច្នេះស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ធ្ងន់ធ្ងរលើអ្នកទាំងនោះ ដើម្បីគ្រប់គ្រងសង្គម ហើយមិនអាចបណ្ដែតបណ្ដោយឱ្យក្រុមជនទាំងនោះ បន្តបំផ្លិចបំផ្លាញសង្គមខ្មែរតទៅទៀតនោះទេ។
ជុំវិញបញ្ហានេះដែរលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានចាត់ទុកការប្រើពាក្យពេចន៍អសុរោះរបស់អ្នកលក់ដូរមួយចំនួនក្នុងបណ្ដាញសង្គម គឺបានបង្ហាញពីការធ្លាក់ចុះក្រមសីលធម៌របស់អ្នករកស៊ី ខណៈទង្វើនេះនឹងបង្កឱ្យមានការខាតបង់ដល់អាជីវកម្មក្នុងអាជីពរបស់ពួកគេ។ បើតាមអ្នកជំនាញរូបនេះ ការប្រើពាក្យពេចន៍អសុរោះរបស់អ្នកលក់ដូរមួយចំនួន នឹងជះឥទ្ធិពលអាក្រក់ដល់សេចក្ដីថ្លៃថ្នូរ និងសង្គមជាតិ។
ជាមួយគ្នានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវរូបនេះ ស្នើដល់រដ្ឋាភិបាល គួររៀបចំឱ្យមានក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់អ្នកលក់ដូរតាមប្រព័ន្ធអនឡាញទាំងអស់ ដើម្បីធានាថា ពួកគេនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ពិសេសអ្នកធ្វើអាជីវកម្មល្អៗ។
គួរបញ្ជាក់ថា កាលពេលថ្មីៗនេះមានការផ្ទុះប្រតិកម្មជាច្រើនពីសាធារណជនចំពោះអ្នករកស៊ីតាមអនឡាញពីរនាក់ប្តីប្រពន្ធ នៅខេត្តសៀមរាប ក្រោយពួកគេបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ និងជេរបញ្ចោរអ្នកទិញម្នាក់ ដែលត្រូវបានគេចែកចាញព្រោងព្រាតនៅលើបណ្តាញសង្គម។ ក្រោយមានការផ្ទុះប្រតិកម្មពីមហាជន បុគ្គលជាអ្នកលក់អនឡាញទាំងពីរចេញមកព្រមទទួលស្គាល់កំហុស និងបានសុំទោសជាសាធារណៈផងដែរ។ នេះមិនមែនជាករណីទី១នោះទេ ពោលគឺបញ្ហាដូចគ្នា ឬស្រដៀងគ្នានេះបានកើតឡើងជាច្រើនលើករួចមកហើយ៕
អត្ថបទ៖ បូ ដូឡា