
ក្រុមកសិករនៅខេត្តបាត់ដំបង បានអះអាងថា ស្រូវស្រងែបច្ចុប្បន្នអាចលក់បានតែជាង៦០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនអាចលក់បានជាង១,០០០រៀលក្នុងមួយគីឡូក្រាមឯណោះ។
លោកស្រី សឿន កុសល កសិករធ្វើស្រែពូជស្រូវស្រងែម្នាក់នៅខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នតម្លៃស្រូវស្រងែនៅតំបន់លោកស្រីអាចលក់បានក្នុងតម្លៃ៦៨០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដោយកាលពីឆ្នាំមុនអាចលក់បានក្នុងរង្វង់១,១០០រៀលក្នុងមួយគីឡូក្រាមឯណោះ។ បើតាមកសិកររូបនេះប្រសិនស្រូវស្រងែនៅឆ្នាំនេះនៅតែមិនអាចឡើងថ្លៃ នៅឆ្នាំក្រោយលោកស្រីទំនងជាឈប់ធ្វើស្រែ ហើយងាកទៅប្រកបរបរផ្សេងជំនួសវិញ គ្រាន់បានប្រាក់ចំណូលខ្លះដោះស្រាយជីវភាព។
ជាមួយគ្នានេះ លោក វង្ស ប៉ោយយង់ និងលោក ស៊ីម មុន្នី កសិករធ្វើស្រែពូជស្រូវស្រងែនៅខេត្តបាត់ដំបងដែរនោះហាក់បង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយតម្លៃស្រូវស្រងែនៅតំបន់របស់លោកធ្លាក់ថ្លៃខ្លាំងមកនៅត្រឹម៦៧០រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុនលោកអាចលក់បានរហូតដល់ជាង១០០០រៀលក្នុង១គីឡូក្រាម។ ជាមួយគ្នានេះកសិករទាំងពីររូប ស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយចុះមកពន្យល់ណែនាំដល់កសិករនៅតំបន់របស់លោកពីការដាំដុះក្នុងកិច្ចសន្យា ក៏ដូចជាង្កើតជាសហគមន៍កសិកម្មទំនើប ព្រោះកសិករហាក់មិនសូវយល់ច្បាស់។
ដោយឡែក លោក យិន វែងអាន ថៅកែរោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង បានឱ្យដឹងថា នៅរោងម៉ាស៊ីនស្រូវរបស់លោកក្នុងមួយថ្ងៃទទួលទិញស្រូវស្រងែស្រាលពីកសិករចន្លោះពី២៥០ទៅ៣០០តោន និងកំពុងរៀបចំធ្វើយ៉ាងអាចទិញស្រូវពីកសិករឱ្យបាន៥០០តោនក្នុងមួយថ្ងៃ។ បើតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ តម្លៃស្រូវដែលលោកទិញចូលចន្លោះពី៨០០រៀលទៅ៨១០រៀលក្នុង១គីឡូក្រាមអាស្រ័យលើគុណភាពស្រូវ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យស្រូវស្រងែធ្លាក់ថ្លៃនៅឆ្នាំនេះ ដោយសារកាលពីកន្លងទៅស្រូវប្រភេទនេះត្រូវបានឈ្មួញកណ្ដាលប្រមូលទិញនាំទៅលក់បន្តនៅប្រទេសថៃ ប៉ុន្តែបន្ទាប់ពីជម្លោះព្រំដែនធ្វើឱ្យស្រូវប្រភេទនេះកកស្ទះដោយសារលែងមានអ្នកប្រមូលទិញ គួបផ្សំទីផ្សារអង្ករនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួល ក្រោយឥណ្ឌា បានបើកការនាំចេញឡើងវិញ។ តែយ៉ាងណាដើម្បីជួយដោះសា្រយបញ្ហានេះ ក្រសួងកសិកម្ម បានស្នើកញ្ចប់ថវិការប្រមាណ១០លានដុល្លារពីរដ្ឋាភិបាលបន្ថែមទៀត ដើម្បីជួយប្រមូលទិញស្រូវពីកសិករ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់កសិករឱ្យមានការសហការល្អជាមួយមន្ត្រីកសិកម្មឃុំ ដើម្បីអាចរៀបចំគម្រោងផលិតស្រូវក្នុងកិច្ចសន្យាទទួលបានតម្លៃថេរ។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មន្រ្តីកសិកម្មឃុំ និងអជ្ញាធរមូលដ្ឋានកំពុងចុះជួយសម្របសម្រួលការប្រមូលផលស្រូវ ជាពិសេសស្រូវស្រងែ និងសែនក្រអូប ដើម្បីដឹងថា កន្លែងណាមានកសិករប្រមូលផលពូជស្រូវប្រភេទណាក្នុងបរិមាណប៉ុន្មាន ដែលងាយស្រួលទំនាក់ទំនងជាមុនជាមួយរោងម៉ាស៊ីនកិនស្រូវ សហការដើម្បីត្រៀមឡានដឹក និងឡសម្ងួតជាមុន។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB) ក៏បានសហការជាមួយក្រសួងកសិកម្ម ដើម្បីផ្តល់ទុនបន្ថែមដល់រោងម៉ាស៊ីនកិនស្រូវយកមកប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីកសិករផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា