រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអេស្វាទីនី លោក នីល រិកខេនប៊ើក (Neal Rijkenberg) បានអះអាងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ប្រទេសខ្លួនបានទទួលប្រាក់ជាង៥លានដុល្លារពីរដ្ឋបាលសហរដ្ឋអាម៉េរិកជាថ្នូរនឹងការទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១៦០នាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាម៉េរិក។ អេស្វាទីនី ជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកមួយចំនួនទៀតដូចជា ស៊ូដង់ខាងត្បូង, ហ្គាណា និងរវ៉ាន់ដា ជាដើម ដែលបានយល់ព្រមទទួលយកអ្នកដែលត្រូវនិរទេសទៅកាន់ប្រទេសទីបី ដែលជាផ្នែកមួយ នៃការបង្ក្រាបរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ លើអន្តោប្រវេសន៍ខុសច្បាប់។
ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបង្ហាញសារធារណៈនោះទេ ខណៈរដ្ឋាភិបាលអេស្វាទីនី កំពុងប្រឈមមុខនឹងបណ្តឹងពីមេធាវីសិទ្ធិមនុស្ស ដែលអះអាងថា កិច្ចព្រមព្រៀងសម្ងាត់នេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
មកទល់ពេលនេះ សហរដ្ឋអាម៉េរិក បានបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងតិច១៥នាក់ទៅកាន់ប្រទេសអេស្វាទីនីរួចហើយ ដោយពួកគេមកពីប្រទេសវៀតណាម, គុយបា, ឡាវ, យេម៉ែន និងហ្វីលីពីន៕