លោក ត្រាំ

ប្រទេសនៅអាស៊ានមួយចំនួនសន្យាបង្កើនការទិញផលិតផលអាម៉េរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ ស្របពេលការអនុវត្តពន្ធបដិការខិតជិតចូលមកដល់


ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍បានបង្កើនការនាំចូលផលិតផលរបស់អាម៉េរិកទ្វេដងរាប់ចាប់ពីការទិញយន្តហោះប៊ូអ៊ីងរាប់សិបគ្រឿង រហូតដល់ការនាំចូលសណ្តែកសៀងដើម្បីផ្គាប់ចិត្តលោក ដូណាល់ ត្រាំ ក្នុងបំណងចង់បានការបន្ធូរបន្ថយពន្ធ ស្របពេកឱសានវាទនៃការផ្អាកការអនុវត្តពន្ធបដិការកាន់តែខិតជិតមកដល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអាស៊ី។
លោក ត្រាំ
ដោយ

ស្របពេលការផ្អាក៩០ថ្ងៃ នៃការអនុវត្តពន្ធបដិការលើសពីកម្រិតមូលដ្ឋាន១០% ដែលលោក ដូណាល់ ត្រាំ បានដាក់លើប្រទេស និងដែនដីជាង១៨០ទូទាំងពិភពលោកនឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសមួយចំនួននៅអាស៊ាន បានសន្យាបង្កើនការនាំចូលផលិតផលរបស់អាម៉េរិកទ្វេដង ដើម្បីផ្គាប់ចិត្តលោក ដូណាល់ ត្រាំ

ប្រទេសវៀតណាមដែលទើបសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិកដំបូងគេនៅអាស៊ាន បានទម្លាក់អត្រាពន្ធគយមកនៅសូន្យភាគរយលើការនាំចូលទំនិញពីអាម៉េរិក ជាថ្នូរនឹងការបន្ថយពន្ធពី៤៦%មកនៅត្រឹម២០%របស់អាម៉េរិកសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង៤០%សម្រាប់ទំនិញឆ្លងកាត់វៀតណាម។ វៀតណាម ក៏នឹងបើកចំហទីផ្សារសម្រាប់ក្រុមហ៊ុនអាម៉េរិក និងសន្យាទិញយន្តហោះដឹកអ្នកដំណើរមួយចំនួនពីក្រុមហ៊ុនប៊ូអ៊ីង និងថាមពលព្រមទាំងផលិតផលកសិកម្មរបស់អាម៉េរិកផងដែរ ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មទ្វេភាគី។

សម្រាប់ប្រទេសឥណ្ឌូនេស៊ីដែលជាប់ពន្ធបដិការ៣២%ឯណោះវិញ រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចលោក អ៊ែរឡានហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយកាលពីសប្ដាហ៍មុនថា ឥណ្ឌូនេស៊ីបានបន្ធូរបន្ថយការរឹតបន្តឹងការនាំចូល និងការដកចេញរបាំងមិនមែនពន្ធសម្រាប់ការធ្វើអាជីវកម្មបរទេសរួមទាំងអាម៉េរិកផងដែរ។ ឥណ្ឌូនេស៊ីក៏បានស្នើឱ្យក្រុមហ៊ុនអាម៉េរិកវិនិយោគលើគម្រោងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី និងរ៉ែសំខាន់ៗនៅក្នុងប្រទេសខ្លួនបន្ថែមពីលើការទិញឧស្ម័ន ប្រេង សណ្តែកសៀង និងស្រូវសាលីពីអាម៉េរិក ខណៈប្រទេសនេះកំពុងពិភាក្សាជាមួយក្រុមហ៊ុនប៊ូអ៊ីង ដើម្បីទិញយន្តហោះប្រមាណ៧៥គ្រឿងងផងដែរ។

ចំណែកប្រទេសម៉ាឡេស៊ីដែលប្រឈមមុខនឹងអត្រាពន្ធបដិការ២៥% បានសន្យាដូចគ្នាថា នឹងកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈការបង្កើនការនាំចូលឧស្ម័ន LNG និងទំនិញកសិកម្មដូចជាសណ្តែកសៀងជាដើម។ រដ្ឋាភិបាលគូឡាឡាំពួ បាននិយាយកាលពីសប្តាហ៍មុនថា ម៉ាឡេស៊ីកំពុងផ្តល់អាទិភាពលើវិស័យដែលខ្លួនមានទំនាក់ទំនងរឹងមាំជាមួយអាម៉េរិកដូចជាគ្រឿងអេឡិចត្រូនិក និងប្រេងដូងជាដើម។

ទន្ទឹមនឹងនេះ ប្រទេសថៃដែលជាប់ពន្ធ៣៦% ក៏បានសន្យានាំចូលទំនិញពីអាម៉េរិកថែមទៀតផងដែរ ទោះបីប្រទេសនេះកំពុងមានវិបត្តិនយោបាយដោយតុលាការធម្មនុញ្ញបានព្យួរលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីក៏ដោយ។ ប្រទេសនេះបានសន្យានាំចូលឧស្ម័នធម្មជាតិរាវបន្ថែមទៀតពីអាម៉េរិក ហើយក្រុមហ៊ុនថាមពលថៃ PTT Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីចុងខែមិថុនា ដើម្បីនាំចូលឧស្ម័ន LNG ចំនួន២លានតោនក្នុងមួយឆ្នាំសម្រាប់រយៈពេល២០ឆ្នាំ ហើយថៃក៏នឹងពិចារណានាំចូលសណ្តែកសៀង និងអាហារសៀងពីអាម៉េរិកថែមទៀតសម្រាប់ឧស្សាហកម្មចំណីអាហាររបស់ថៃផងដែរ៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ហេតុអ្វីមហាយក្សចិន ប្រតិកម្មចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងវៀតណាម?

អ្នកវិភាគបានចាត់ទុកការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងវៀតណាមដែលលោក ដូណាល់ ត្រាំ បានបង្ហើបកាលពីពេលថ្មីៗ កំពុងអង្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ