អត្រាអតិផរណាខែធ្នូរបស់អាមេរិក

អត្រាអតិផរណាខែធ្នូរបស់អាមេរិកបង្ហាញតួលេខថយចុះ ប៉ុន្តែទីផ្សារការងារនៅតែតូចចង្អៀត


របាយការណ៍អតិផរណានៅអាមេរិកសម្រាប់ខែធ្នូកន្លងទៅថ្មីៗនេះ បានបង្ហាញពីតួលេខធ្លាក់ចុះបន្តិចហើយ ដែលវាជាការស្រុតចុះលើកដំបូងហើយក្នុងប៉ុន្មានខែរយៈចុងក្រោយនេះ ស្របពេលដែលតម្លៃនៃប្រេងឥន្ធនៈនិងយានយន្តក៏មានទំនោរធ្លាក់ចុះដូចគ្នា។ ប្រការនេះធ្វើឱ្យ មានក្តីសង្ឃឹមថា និន្នាការនៃអត្រាអតិផរណា កំពុងស្ថិតនៅលើទំនោរថយចុះម្តងបន្តិច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អតិផរណាសហរដ្ឋអាមេរិកហាក់ល្អប្រសើរបន្តិចហើយ!
ដោយ

ទោះយ៉ាងណា របាយការណ៍ខែធ្នូដដែលបានបង្ហាញថា ​ទីផ្សារការងារនៅអាមេរិក នៅតែមានភាពតូចចង្អៀត ខណៈដែល​ថ្មីៗនេះ ក៏មានការរាយការណ៍ពីក្រុមហ៊ុនគ្រាក់ៗរបស់អាមេរិកជាច្រើន បានបង្ហាញពីផែនការកាត់បន្ថយការងារបុគ្គលិក​ជាបន្ដបន្ទាប់ផងដែរ។

របាយការណ៍ដែលចេញផ្សាយដោយ នាយកដ្ឋានពលកម្មកាលពីថ្ងៃព្រហស្បតិ៍​ទី១២ ខែមករា បានបង្ហាញឱ្យឃើញថា តម្លៃម្ហូបអាហារនៅអាមេរិក​មានកំណើនតិចតួចខ្លាំងបំផុត បើគិតពីខែមីនាឆ្នាំ២០២១មក។ ប៉ុន្តែសម្រាប់ថ្លៃជួល និងតម្លៃឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃវិញ នៅតែមានខ្ពស់ខ្លាំងដដែល។

អ្នកជំនាញជឿថា​ ការថមថយនូវកម្រិតអតិផរណាបែបនេះ អាចអនុញ្ញាតឱ្យធនាគារកណ្តាលពន្យាពេលការបន្តដំឡើងអត្រាការប្រាក់គោលសម្រាប់ខែក្រោយ។ គួរជម្រាបថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក​បានចាប់ផ្តើមដំឡើងអត្រាការប្រាក់គោល ក្នុងល្បឿនដ៏លឿនបំផុត​មិនធ្លាប់ជួបប្រទះ ចាប់តាំងពី​ទសវត្សរ៍ឆ្នាំ១៩៨០មកម្លេះ។

មន្ត្រីជំនាញរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក​មានទស្សនៈវិជ្ជមាន ចំពោះ​ការធ្លាក់ចុះនៃអត្រាអតិផរណានេះ ដោយលោកមើលឃើញថាពីភាពដែលអាចទៅរួច នៃការដំឡើងអត្រាការប្រាក់គោលក្នុងរង្វង់ត្រឹមតែ ០,២៥%ប៉ុណ្ណោះនៅថ្ងៃខាងមុខ។

របាយការណ៍ដដែលបានបង្ហាញ​ផងដងដែរថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានធ្លាក់ចុះ ០,១% កាលពីខែ​ធ្នូ​ឆ្នាំ២០២២ ដែលវាជាការធ្លាក់ចុះ​លើកដំបូង​រាប់ចាប់​តាំង​ពីខែ​ឧសភាឆ្នាំ២០២០ ជាពេលដែល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅអាមេរិក។

ក្រឡេកមកមើលការព្យាករណ៍​របស់សេដ្ឋវិទូ​ក៏មិនខុសគ្នាដែរ ដោយមិនរាប់បញ្ចូលម្ហូប​អាហារ ថ្លែកន្លែងស្នាក់ និងថ្លៃថាមពល តម្លៃទំនិញជារួម​បានធ្លាក់ចុះទាប​ជាងការរំពឹងទុក​ក្នុងរយៈពេល៣ខែ​ជាប់ៗគ្នា ដែលការធ្លាក់ចុះនេះ បង្ហាញពីការគ្រប់គ្រង​បានល្អ ជាក្តីសង្ឃឹមថា អាមេរិកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ។

ជាក់ស្តែង តម្លៃសាំងនៅខែធ្នូកន្លងទៅ បានធ្លាក់ចុះប្រមាណ៩,៤% ចំណែកតម្លៃម្ហូបអាហារបានកើនឡើង ០,៣% បើធៀបនឹងកំណើនរង្វង់០,៥% កាលពីខែមុនៗ។ ដោយឡែកតម្លៃគ្រឿងម្ហូបអាហារ កើនឡើង ០,២%ប៉ុណ្ណោះ ដែលនេះក៏ជាតម្លៃទាបបំផុត បើគិតចាប់ពីខែមីនាឆ្នាំ២០២១មក ក្នុងនោះ តម្លៃបន្លែ ផ្លែឈើ ទឹកដោះគោគឺសុទ្ធសឹងតែបានធ្លាក់ចុះ។

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បាននិយាយថា ទំនោរធ្លាក់ចុះនៃអតិផរណានេះ បានកាត់បន្ថយសម្ពាធមួយភាគធំសម្រាប់​ប្រជាជនអាមេរិក ហើយនេះក៏ជាភស្តុតាង​បញ្ចាក់ផងដែរថា វិធានការដោះស្រាយ របស់រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនកំពុង​ទទួលបានផលហើយ។ ម៉្យាងវិញទៀត ​អត្រាការប្រាក់កម្ចីកាន់តែខ្ពស់ តម្រូវការកាន់តែទាប ស្របពេលដែល​ខ្សែចង្វាក់​ផ្គត់ផ្គង់​មានភាពល្អប្រសើរ ក៏ជាដើមចមដែលធ្វើឲ្យតម្លៃនៃផលិតផល​​​ធ្លាក់ចុះផងដែរ។

សូមបញ្ចាក់ផងដែរថា កាលពីឆ្នាំ២០២២ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់គោលដល់ទៅចន្លោះពី ៤,២៥%ទៅ៤,៥០%ឯណោះ។ វាជាកម្រិតខ្ពស់បំផុតគិតចាប់ពីចុងឆ្នាំ២០០៧។ បើគិតពីពេលនេះ ទៅចុងឆ្នាំ២០២៣ គេរំពឹងថា អាមេរិកនឹងដំឡើងអត្រាការប្រាក់គោល ឲ្យបានយ៉ាងហោចណាស់ ០,៧៥%បន្ថែមទៀត៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ភាពប្រេះឆារវាងចិន និងអូស្រ្តាលីកំពុងបង្ហាញពីពន្លឺផ្សះផ្សាគ្នាឡើងវិញ ឬយ៉ាងណា?

ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់ប្រេសិតជាន់ខ្ពស់ចិនទៅកាន់តំបន់ភាគខាងលិចអូស្ត្រាលី ដែលជាកន្លែងប្រមូលផលនិងនាំចេញបង្កងអូស្ត្រាលីដ៏ធំបំផុតនៅដើមសប្តាហ៍នេះ…

តើស្ថានភាពអតិផរណារបស់ចិនឆ្នាំ២០២៣នឹងមានទាប ឬខ្ពស់ជាងបណ្ដាប្រទេសសេដ្ឋកិច្ចធំៗឯទៀត?

ព័ត៌មាន
អតិផរណារបស់ប្រទេសចិនស្ថិតនៅកម្រិតអត្រា២%ក្នុងឆ្នាំ២០២២ ដែលវាជាចំនួនក្រោមកម្រិតដែលធ្លាប់បានគ្រោងទុកពីមុនមក ថានឹងឡើងដល់ទៅប្រហែល៣% ខណៈដែលស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ