
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នមានរោងចក្រកែច្នៃគ្រាប់ស្វាចចន្ទីមួយចំនួនកំពុងត្រៀមខ្លួនដើម្បីបោះមូលដ្ឋានផលិតកម្មនៅក្នុងសួនកសិឧស្សាហកម្មស្វាយចន្ទី ដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៤០០ហិកតានេះ ដើម្បីទទួលបានការអនុគ្រោះមួយចំនួនពីរដ្ឋ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនកំពុងត្រៀមបើកដាក់ឱ្យដំណើរការ និងត្រៀមខ្លួនដើម្បីបោះមូលដ្ឋានផលិតកម្មនៅក្នុងសួនកសិឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមប្រធានសមាគមរូបនេះ ការចូលនៅក្នុងសួនកសិឧស្សាហកម្ម ក្រុមហ៊ុនទាំងនោះនឹងទទួលបាននូវអត្ថប្រយោជន៍ និងការលើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាលទាំងការអនុគ្រោះផ្នែកពន្ធដា និងពន្ធគយ និងមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធជាស្រេច ដែលគាំទ្រដោយរដ្ឋជាដើម។ សម្រាប់លោក អួន ស៊ីឡុត ក្រោយសួនកសិឧស្សាហកម្មនេះចេញជារូបរាង វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីរបស់កម្ពុជា តាមរយៈការទាក់ទាញការវិនិយោគបន្ថែម ដែលនឹងជំរុញដល់ការកែច្នៃក្នុងស្រុកបានកាន់តែច្រើន បង្កើនប្រាក់ចំណូលក្នុងចរន្តសេដ្ឋកិច្ច បង្កើតការងារ និងផ្តល់តម្លៃបន្ថែមដល់កសិករ និងផ្តល់ស្ថិរភាពតម្លៃស្វាយចន្ទីផងដែរ។
បើតាមលោក អួន ស៊ីឡុត ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកនៅឆ្នាំនេះហាក់មានការថយចុះបន្តិចបើធៀបនឹងឆ្នាំមុនដោយសារតម្លៃគ្រាប់ស្វាយចន្ទីឆៅមានតម្លៃល្អកាលពីដើមរដូវ ដែលជំរុញឱ្យកសិករ និងសហគ្រាសកែច្នៃក្នុងស្រុកមួយចំនួនបានលក់គ្រាប់ស្វាយចន្ទីយ៉ាងច្រើនទៅឱ្យឈ្មួញវៀតណាម។ តួយ៉ាងបើតាមរបាយការណ៍គយវៀតណាម បានបង្ហាញថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ជាង៨៩ម៉ឺនតោន ជាមួយទំហំទឹកប្រាក់ប្រមាណ១ពាន់៣រយលានដុល្លារកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជា អាចលក់បានចំនួន៦,៦០០រៀលក្នុង១គីឡូក្រាម។
បច្ចុប្បន្នកម្ពុជា មានរោងចក្រសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណជាង៥០ ក្នុងនោះចំនួន៦ ជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧ពាន់តោនទៅ១៤ម៉ឺនតោនក្នុង១ឆ្នាំ ខណៈជាង៤០សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ។
សូមជម្រាបថា យោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ ប្រចាំឆ្នាំ២០២៤ ដែលទើបដាក់ឱ្យប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា៕