ចិនមានការខឹងនឹដោយធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់បន្ថែមទៀត

ចិនបន្ដធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ចំពេលមានដំណើរទស្សនកិច្ចសមាជិកសភាអាមេរិកជាថ្មីនៅកោះនេះ


យោធាចិនបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធថែមមួយកម្រិតទៀតនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ទី១៥ សីហា ខណៈដែលសមាជិកសភាអាមេរិកមួយក្រុមបានធ្វើដំណើរទស្សនាកោះនេះសាជាថ្មី និងបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ផងដែរ ដោយបញ្ហានេះ កំពុងធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយតំបន់បារម្ភពីភាពតានតឹង ដែលអាចផ្ទុះបែកកាន់តែខ្លាំងឡើងៗ រវាងទីក្រុងប៉េកាំង និងក្រុងតៃប៉ិ ដែលមានអាមេរិកជាខ្នងបង្អែកនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិនបន្ដធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ចំពេលមានដំណើរទស្សនកិច្ចសមាជិកសភាអាមេរិកជាថ្មីនៅកោះនេះ

សមាជិកសភាអាមេរិកទាំងប្រាំរូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធអាមេរិក លោក Ed Markey បានមកដល់ទីក្រុងតៃប៉ិ ក្នុងដំណើរទស្សនកិច្ច ដែលមិនមានការប្រកាសមុន កាលពីល្ងាចថ្ងៃទី ១៤ខែសីហា ដែលជាក្រុមមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លើកទី២ហើយ បន្ទាប់ពីវត្តមានរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក ដែលបានឈានជើងចូលកោះតៃវ៉ាន់នៅក្នុងខែសីហានេះ។

ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើត ដែលទទួលខុសត្រូវនៅតំបន់ក្បែរកោះតៃវ៉ាន់ បាននិយាយថា «ខ្លួនបានរៀបចំការល្បាតត្រៀមប្រយុទ្ធនៃកងកម្លាំងចម្រុះមុខងារ និងសមយុទ្ធប្រយុទ្ធនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃចន្ទនេះសាជាថ្មី»។

ទីស្នាក់ការយោធាចិននេះបានបន្ថែមថា សមយុទ្ធនេះគឺជាការរារាំងយ៉ាងដាច់ខាតចំពោះសហរដ្ឋអាមេរិក និងតៃវ៉ាន់ដែលនៅតែលេងល្បិចនយោបាយ និងបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

នៅក្នុងជំនួបជាមួយសមាជិកសភាអាមេរិក នៅក្នុងការិយាល័យរបស់ខ្លួន លោកស្រីសៃ អ៊ីង វេនបាននិយាយថា សមយុទ្ធរបស់ប្រទេសចិននេះ បានប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងខ្លាំង។

ទន្ទឹមនឹងគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៦ សីហានេះថា ប្រទេសចិនក៏បានដាក់ទណ្ឌកម្មលើមន្ត្រីតៃវ៉ាន់ចំនួនប្រាំពីររូប ដែលបន្តគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ការដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីដើមសីហានេះ។

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា អ្នកដែលត្រូវបានដាក់ទណ្ឌកម្មទាំងនោះ នឹងមិនអាចទៅទស្សនកិច្ចនៅប្រទេសចិន ហុងកុង និងទីក្រុងម៉ាកាវបានទេ ហើយក្រុមហ៊ុន រួមទាំងនឹងអ្នកវិនិយោគដែលទាក់ទងនឹងពួកគេ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកស៊ីអាជីវកម្មនៅក្នុងប្រទេសចិនបានដែរ។

នៅអំឡុងពេលដែលស្ថានការណ៍កោះតៃវ៉ាន់កាន់តែក្ដៅរោលរាល មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក ឯណោះវិញ បាននិយាយកាលពីថ្ងៃទី ១៦ សីហាថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានចូលរួមជាមួយគ្នាក្នុងការធ្វើសមយុទ្ធការពារមីស៊ីលផ្លោងហោះចេញពីឆ្នេរសមុទ្រ នៅកោះហាវ៉ៃកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបនឹងបញ្ហាអស្ថេរភាពដែលបង្កឡើងដោយប្រទេសចិននៅច្រកសមុទ្រតៃវ៉ាន់នាពេលថ្មីៗនេះក៏ដូចជាក្រោយមើលឃើញពីការគំរាមគំហែងពីសំណាក់កូរ៉េខាងជើងជាដើម។

មែនទែនទៅ វាជាលើកទីមួយហើយដែលប្រទេសទាំងបីបានធ្វើសមយុទ្ធបែបនេះចាប់តាំងពីឆ្នាំ ២០១៧ មក បន្ទាប់ពីទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

មន្ទីរបញ្ចកោណអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើសមយុទ្ធដែលរួមមានការបាញ់មីស៊ីល និងប្រព័ន្ធតាមដានគ្រាប់ផ្លោងផ្សេងៗ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការការពារសន្តិសុខរួម និងពង្រឹងច្បាប់អន្តរជាតិឡើងវិញ៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលហ្វីលីពីននឹងដំឡើងអត្រាការប្រាក់គោល ០.៥% បន្ថែមទៀតនៅសប្ដាហ៍ ដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
ធនាគារកណ្តាលហ្វីលីពីននឹងអនុវត្តគោលនយោបាយដំឡើងអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលដែលអនុម័តកាលពីខែកក្កដា ដោយត្រូវដំឡើងអត្រាការប្រាក់គោលក្នុងអ…

បើមានការផ្ទុះសង្គ្រាមនុយក្លេអ៊ែមែន តើអាយុជីវិតមនុស្សនៅទូទាំងពិភពលោកនឹងត្រូវវិនាសខ្លាំងកម្រិតណា?

ព័ត៌មាន
នៅពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងក្នុងចំណោមសហរដ្ឋអាមេរិក រុស្ស៊ី និងចិនធ្វើឱ្យការភ័យខ្លាចថា ការប្រជែងសព្វាវុធនុយក្លេអ៊ែរបាននិងកំពុងរើឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ