នាកិច្ចពិភាក្សា ស្តីពី«ស្ថានភាពបំណុលនៅកម្ពុជា»នៅរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងពីហេតុផលមួយចំនួន ដែលគម្រោងផ្ទះល្វែង និងអចលនទ្រព្យមួយចំនួនអាចបើកលក់គម្រោងពួកគេទាំងគ្មានអាជ្ញាបណ្ណពីនិយ័តករ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ និយ័តករពុំទទួលបានព័ត៌មានគ្រប់គ្រាន់ចំពោះសកម្មភាពនៃការធ្វើអាជីវកម្មលក់លំនៅឋាន ឬអគារមួយចំនួននៅតាមមូលដ្ឋាននោះទេ ដោយសារនៅមួយរយៈមកនេះសកម្មភាពសាងសង់មានការរីកដុះដាលច្រើន។ កន្លងមកនិយ័តករ បានដឹងពីការធ្វើអាជីវកម្មលក់អចលនទ្រព្យមួយចំនួន តាមរយៈសកម្មភាពផ្សព្វផ្សាយនានា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជូ វណ្ណៈ ដែលបានបន្ថែមថា ទោះជាយ៉ាងណាមន្រ្តីរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តែងចុះពិនិត្យនៅតាមមូលដ្ឋាន ដើម្បីសាកសួររកច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ហើយប្រសិនបើពុំមានច្បាប់ទេនោះនឹងតម្រូវឱ្យម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថា អាជ្ញាធរហាក់នៅមានភាពខ្វះចន្លោះចំពោះអាជីវកម្មលក់ផ្ទះ និងអគារមួយចំនួន ដែលមិនមានច្បាប់អាជីវកម្ម។ ការណ៍នេះនឹងធ្វើឱ្យពលរដ្ឋជាអ្នកទិញក្លាយជាជនរងគ្រោះ និងប្រឈមមុខជាមួយវិបត្តិហិរញ្ញវត្ថុ ហើយវិស័យអចលនទ្រព្យកម្ពុជា ក៏នឹងប្រឈមការបាត់បង់ទំនុកចិត្តផងដែរ។ បើតាមលោក សេក សុជាតិ ប្រសិនបើអាជ្ញាធរទប់ស្កាត់មិនទាន់ពេលទេ នោះវានឹងរីករាលដាលកាន់តែធំ ដោយបង្កបញ្ហាដល់សេដ្ឋកិច្ច សង្គម ហើយនឹងក្លាយជាបន្ទុករបស់រដ្ឋាភិបាល។
បើតាមអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មកទល់ពេលនេះស្ថានភាពបំណុលរបស់អ្នកទិញអ្នកផ្ទះនៅតាមបុរីនានា ដែលស្ថិតនៅក្នុងប្រព័ន្ធ ឬបុរីដែលទទួលអាជ្ញាបណ្ណស្របច្បាប់ មានទំហំប្រមាណ១ពាន់លានដុល្លារ ខណៈអ្នកជំពាក់ស្ថិតនៅក្រៅប្រព័ន្ធនៅពុំទាន់មានតួលេខច្បាស់លាស់នោះទេ៕