
ក្រោយឡើងកាន់តំណែងបានប្រមាណជាង២ខែ ដែលធ្វើឱ្យពិភពលោករងការរំជើបរំជួល ជ្រួលច្របល់ លោក ដូណាល់ ត្រាំ បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសភាក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាម៉េរិកជាលើកដំបូងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ តែជាអកុសលនៅក្នុងការថ្លែងសុន្ទរកថាលើកដំបូងរបស់លោក ត្រាំ នេះ ត្រូវបានរំខានដោយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យមួយចំនួននៅប៉ុន្មាននាទីដំបូង រហូតមានសមាជិកសភាប្រចាំរដ្ឋថិចសាស់ម្នាក់គឺលោក អាល់ គ្រីន (Al Green) ត្រូវបានប្រធានសភាបណ្ដេញចេញពីអង្គប្រជុំ បន្ទាប់ពីលោកបានឡើងស្រែក ហើយបដិសេធមិនព្រមអង្គុយចុះ។
ប្រធានសភាមកពីគណបក្សសាធារណរដ្ឋលោក ម៉ៃ ចនសុន បានព្រមានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងបានបញ្ជាឱ្យកងកម្លាំងសន្តិសុខនាំលោកលោក គ្រីន ចេញពីអង្គប្រជុំ ដើម្បីស្តារស្ថានការឡើងវិញ ក្នុងគោលបំណងឱ្យលោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាបន្ត។
មុនពេលដើរចេញពីកិច្ចប្រជុំលោក គ្រីន បានលើកឈើច្រត់ចង្អុលសំដៅទៅលោក ត្រាំ ដែលទំនងជាចង់និយាយថា លោក ត្រាំ មិនបានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកា នោះទេ បន្ទាប់ពីលោក ត្រាំ បាននិយាយអួតពីជ័យជម្នះរបស់គណបក្សសាធារណរដ្ឋ។ ស្របបេលលោក គ្រីន កំពុងដើរចេញពីអង្គប្រជុំ សមាជិកសភារបស់គណបក្សសាធារណរដ្ឋមួយចំនួនបានស្រែកច្រៀងឌឺដងដាក់លោក គ្រីន វិញថា លាសិនហើយ ដែលធ្វើឱ្យកិច្ចប្រជុំសភាលើកដំបូងរបស់អាម៉េរិកមើលទៅហាក់មានភាពរញ៉េរញ៉ៃ និងមិនមានសណ្តាប់ធ្នាប់។
លោក គ្រីន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសាលប្រជុំថា វាមិនសមទាល់តែសោះ ដែលលោក ត្រាំ បានកាន់តំណែងកំពូលបែបនេះ។ ក្រៅពីលោក គ្រីន ក៏មានស្ត្រីសមាជិកសភាខ្លះទៀតបានពាក់អាវពណ៌ផ្កាឈូក ដើម្បីតវ៉ាប្រឆាំងនឹងលោក ត្រាំ ដែលបានក្បត់ចិត្តស្រីៗ និងក្រុមគ្រួសារ ដើម្បីតែមិត្តភក្តិមហាសេដ្ឋីរបស់លោក ខណៈសមាជិកសភាប្រហែល១០នាក់ទៀតបានដើរចេញពីអង្គប្រជុំ ក្រោយពីពួកគេបានបង្ហាញអាវយឺតពណ៌ខ្មៅផងដែរ៕
អត្ថបទ៖ សុខ មង្គល