វិស័យខ្លះត្រូវបានលើកលែងពន្ធពីរដ្ឋ តែមិនរីកចម្រើន!

មេពន្ធដារថា វិស័យមួយចំនួនទោះទទួលបានការលើកលែងពន្ធ តែហាក់មិនរីកចម្រើន


មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលការណ៍លើកទឹកចិត្តដល់វិស័យសំខាន់ៗមួយចំនួន តាមរយៈការលើកលែងពន្ធ ពិសេសក្រោយវិស័យទាំងនេះ បានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩តែម្ដង។
វិស័យខ្លះត្រូវបានលើកលែងពន្ធពីរដ្ឋ តែមិនរីកចម្រើន!
ដោយ

ទោះបីបច្ចុប្បន្ន ការរាតត្បាតនៃជំងឺកូវីដ១៩ បានថមថយក៏ពិតមែន រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកលែងការយកពន្ធ សម្រាប់វិស័យមួយចំនួនបន្តទៀត រួមមាន វិស័យកសិកម្ម និងវិស័យឧស្សាហកម្មកែច្នៃជាដើម។ ក៏ប៉ុន្តែ បើទោះទទួលបានការលើកលែងពន្ធក្ដី មេពន្ធដារកត់សម្គាល់ឃើញថា វិស័យទាំងនោះនៅតែមិនសូវដំណើរការ និងជួបប្រឈមនូវបញ្ហាមួយចំនួនដដែល។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកយ៉ាងខ្លាំងលើការលើកទឹកចិត្តក្នុងវិស័យពន្ធដារចំពោះវិស័យមួយចំនួន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ពិសេសជួយឲ្យវិស័យឯកជនមានដំណើរការល្អប្រសើរប្រកបដោយនិរន្ត៍ភាព និងមានភាពរីកចម្រើន។ យ៉ាងណាក៏ដោយថ្នាក់ដឹកនាំរូបនេះ កត់សម្គាល់ឃើញថា បើទោះបីទទួលបានការអនុគ្រោះពន្ធពីរដ្ឋក្តី តែវិស័យទាំងនោះរួមមានកសិកម្ម និងឧស្សាហកម្មនៅតែបន្តជួបបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ និងដំណើរការផលិតកម្មរបស់ខ្លួនដដែល។ ជុំវិញបញ្ហានេះ ឯកឧត្តម គង់ វិបុល សង្កត់ធ្ងន់ថា កម្ពុជាត្រូវរៀបចំផែនការសកម្មភាព និងគោលការណ៍ ក៏ដូចជាគោលនយោបាយបន្ថែមមួយចំនួន ហើយលោកក៏បានជំរុញឲ្យកម្ពុជា គិតគូផ្ដោតទៅលើវិស័យកែច្នៃបន្ថែម ដើម្បីឲ្យវិស័យមួយនេះអាចដំណើរការដោយរលូន។

បើតាមឯកឧត្តម គង់ វិបុល ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្នុងវិស័យពន្ធដារចំពោះវិស័យចំនួននេះ ត្រូវបានអនុវត្តជាច្រើនលើកច្រើនសាររួចមកហើយ ជាពិសេសវិស័យទេសចរណ៍ដែលរងគ្រោះខ្លាំងដោយសារតែវិបត្តិកូវីដ-១៩ តែម្តង។ ប៉ុន្តែការលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ត្រូវបានបញ្ចប់ហើយកាលពីឆ្នាំ២០២២ ហើយរដ្ឋបានចាប់ផ្ដើមប្រមូលពន្ធពីវិស័យនេះឡើងវិញនៅឆ្នាំ២០២៣នេះ ផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម គង់ វិបុល ដែលបានបន្ថែមថា សម្រាប់វិស័យមួយចំនួនផ្សេងទៀតដូចជាវិស័យសំណង់ជាដើម រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន អាចបន្តបង់ពន្ធដារជាកញ្ចប់រហូតដល់ឆ្នាំ២០២៤ ជាមួយវិធានការបន្ធូរបន្ថយមួយចំនួនទៀត។ ក្នុងនោះ រដ្ឋនឹងបន្តលើកលែងការយកពន្ធប្រថាប់ត្រាសម្រាប់ប្រភេទអចលនទ្រព្យ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិករហូតដល់ឆ្នាំ២០២៤ ផងដែរ។ ខណៈវិស័យកសិកម្មវិញត្រូវបានរដ្ឋបន្តលើកលែងការយកពន្ធគ្រប់ប្រភេទដដែល ដើម្បីជំរុញនូវកំណើនសេ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា នៅរយៈពេល៧ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង២ពាន់លានដុល្លារ ស្មើនឹងជាង៦៤% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ខណៈអគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឲ្យបានជាង៣ពាន់៥រយលានដុល្លារនៅឆ្នាំនេះ ដោយមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២។ ដោយឡែក សម្រាប់នៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានជាង៤ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គង់ វិបុល៕




អត្ថបទបន្ទាប់


វិស័យទេសចរណ៍កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង បើបន្តចាំត្រងភ្ញៀវទេសចរពីប្រទេសជិតខាង

អ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា កន្លងមកភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជាភាគច្រើនចូលតាមរយៈប្រទេសជិតខាង និងប្រទេសនៅតំបន់អាស៊ាន…

កម្ពុជារកចំណូលបានជាង២៧៣លានដុល្លារពីការនាំចេញជ័រកៅស៊ូនៅ៨ខែឆ្នាំនេះ ខណៈតម្លៃបន្តធ្លាក់ចុះ

មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូបានអះអាងថា វិបត្តិសេដ្ឋកិច្ចសាកល និងការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈម សម្រាប់ខ្សែច្រវាក់ផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ