ធនធានមនុស្ស​មានជំនាញ

របាយការណ៍៖ សន្ទស្សន៍ពិន្ទុធនធានមនុស្សរបស់កម្ពុជា មានខ្ពស់ជាងប្រទេស២ នៅអាស៊ាន!


របាយការណ៍សន្ទស្សន៍ធនធានមនុស្ស ប្រចាំឆ្នាំ២០១៨របស់ធនាគារពិភពលោក បានឲ្យដឹងដែរថា សន្ទស្សន៍ធនធានមនុស្សកម្ពុជា មានកម្រិតពិន្ទុ ០,៤៩ ធៀប នឹងប្រទេសសមាជិកអាស៊ាន ទាំង១០ គឺកម្ពុជា មានខ្ពស់ជាងមីយ៉ាន់ម៉ា និងឡាវ តែបន្តិចបន្តួចប៉ុណ្ណោះ ខណៈដែលប្រទេស ជាប់ចំណាត់ថ្នាក់លេខ១ លេខ ២ និងលេខ ៣ គឺសាំងហ្គាពួរ មានកម្រិតពិន្ទុ ០,៨៨ វៀតណាម មានកម្រិតពិន្ទុ ០,៦៧ និងម៉ាឡេស៊ី មាន០,៦២។
និស្សិត​ខ្មែរ​មួយ​ក្រុម បង្ហាញ​ពី​គំនិត​បង្កើត​ចំណតស្វ័យ​ប្រវត្តិ ដោយ​មិន​ប្រើ​មនុស្ស ប្រើ​ទីធ្លា​តូច ប៉ុន្តែ ចត​រថយន្ត​បាន​ច្រើន។ រូបភាព៖ ហេង ភារម្យ
ដោយ

អ្នកជំនាញ​សេដ្ឋកិច្ច បាន​លើកឡើងថា តាមរបាយការណ៍នេះ បាន​សបញ្ជាក់​ឲ្យឃើញថា កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស ពិសេស​ធនធានមនុស្ស​មាន​ជំនាញ​ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី​៣ មេសានេះដែរ ក៏​បានចេញ​នូវរបាយការណ៍​ថ្មីចុង​ក្រោយ​មួយ របស់ខ្លួន ដោយបាន​ព្យាករ​ពីកំណើន​សេដ្ឋកិច្ច​របស់កម្ពុជា នៅឆ្នាំ២០១៩នេះ ថា នឹងថមថយ​ចុះជាង​ឆ្នាំមុន​បន្តិច ប៉ុន្ដែនៅតែ​ជាកំណើន​មួយរឹងមាំ គឺមាន៧%។ ទោះយ៉ាងណា ស្ថាប័នអន្តរជាតិមួយនេះ បានគូស​បញ្ជាក់ថា កម្ពុជា ចាំបាច់​ត្រូវលុបបំបាត់​នូវបញ្ហា​ចម្បងមួយ ដើម្បីធានានូវកំណើន​ប្រកបដោយ​ចីរភាពក្នុងរយៈពេលវែង នោះគឺ​ការលុបបំបាត់​នូវគម្លាត​ជំនាញ ដែលបាន​និងកំពុង​កើត​មាន។

របាយការណ៍​ស្ដីពី​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ២០១៩ របស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានឲ្យ​ដឹងថា ប្រទេសកម្ពុជា បានសម្រេច​នូវកំណើន​យ៉ាង​ខ្ពស់ តាមរយៈ​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម ដែលមាន​ប្រាក់ឈ្នួលទាប ប៉ុន្ដែ ដំណាក់កាល​អភិវឌ្ឍន៍​បែបនេះ កំពុងឈាន​ជិតដល់​ទីបញ្ចប់​ហើយ។ ដើម្បី​បន្តរក្សា​កំណើន​ខ្ពស់នាពេល​អនាគត កម្ពុជា ត្រូវអភិវឌ្ឍ​កម្លាំង​ពលកម្មជំនាញ ដែលងាយ​សម្រប​ខ្លួន​ទៅតាម​បម្លាស់​ប្តូរ​នៃបច្ចេកវិទ្យា។

លោកស្រី Sunniya Durrani Jamal នាយិកា​ធនាគារអភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា បានលើ​កឡើង​ដែរថា ប្រទេសកម្ពុជា នឹងរក្សា​បាននូវ​កំណើន​សេដ្ឋកិច្ច រឹងមាំ ក្នុងរយៈពេលពីរ​ឆ្នាំទៅមុខ​ទៀត ទោះបីជាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ ចុះខ្សោយក៏ដោយ។ កត្តាសំខាន់​មួយ ដែលទាចទាក់ទាញ និងរក្សាបាននូវ​កំណើន​រយៈពេលវែងបាន នោះគឺកត្តា​គុណភាព​ធនធាន​មនុស្ស​របស់​កម្ពុជា ដែលរួមបញ្ជូល​ទាំងជំនាញ​បច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលអាច​ឆ្លើយតបទៅ​នឹងតម្រូវការ​របស់​វិស័យឯកជន។

តាមការកត់​សម្គាល់​ក្នុង​របាយការណ៍ ការអូស​បន្លាយ​មិន​ផ្គូរផ្គងគ្នា រវាងជំនាញ ដែលឧស្សាហកម្ម និងក្រុមហ៊ុន​នានា​ត្រូវការ និងជំនាញ ដែលផ្ដល់​ឲ្យ​យុវជន នៅក្នុងសាលា រួមទាំង​នៅតាមគ្រឹះស្ថាន​ដែលមាន​ឯកទេស​ខាងអប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តា​ដ៏សំខាន់​ដែលនាំឲ្យ​កើតមាន​គម្លាត​ជំនាញ​បែបនេះ។ ហើយប្រសិនបើ កម្ពុជាមិនបិទ​គម្លាត​ជំនាញនេះ ឲ្យបានឆាប់​ទេ នោះកម្ពុជានឹងបាត់​បង់​ផល​ប្រយោជន៍ ដែលខ្លួនអាច​ទទួលបាន​ពីកម្លាំងពល​កម្ម​វ័យក្មេង ដែលមាន​ចំនួនកាន់តែ​ច្រើន​ទៅៗ ជាមិនខាន​ឡើយ។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍​របស់ ADB កំណើន​វិស័យឧស្សាហកម្ម នៅឆ្នាំនេះ អាចនឹង​ថយចុះមកនៅត្រឹម ១០,១% ខណៈឆ្នាំមុន មានកំណើន១០,៨%។ ជាមួយគ្នានេះ កំណើន​នៃវិស័យ​សេវាកម្ម និងកសិកម្ម ក៏នឹង​ថមថយ​តិចតួច​ដូចគ្នាដែរ។ តាមបម្រែបម្រួល​នៃវិស័យ​សំខាន់ៗ ទាំងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករ​ថា នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៧% និងឆ្នាំក្រោយ​នឹងថយចុះមក​នៅកំណើន​ ៦,៨%។

ជាមួយគ្នានោះដែរ សេដ្ឋកិច្ច កម្ពុជា​ក៏កំពុង​មាន​បញ្ហាប្រឈមធំៗ ចំនួន៣ ផងដែរ រួមមាន ទី១ គឺការចុះខ្សោយ​នៃកំណើន​សេដ្ឋកិច្ចសកល។ ទី២ គឺទាក់ទង​នឹងសហភាព​អឺរ៉ុប​បន្តអនុវត្តផែន​ការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ និងទី ៣ គឺ កំណើន​ឥណទានក្នុងកម្រិត​ខ្ពស់​ក្នុ្ងងវិស័យ​អចលនទ្រព្យ។ ហើយហានិភ័យ​ដែលកំពុង​កើតមាន​ថ្មីៗនេះមួយទៀតនោះ គឺគ្រោះ​រាំងស្ងួត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទំនងប្តូរពីប្រទេសមានគ្រឿងញៀនឆ្លងកាត់ អាចទៅជាកន្លែងកែច្នៃគ្រឿងញៀនវិញ?

ព័ត៌មាន
ជំនួញគ្រឿងញៀននៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនៅដើមឆ្នាំ២០១៩ នេះថា កំពុងតែកក្រើកតាំងពីទីក្រុងរហូតដល់ទីជនបទចុងកាត់មាត់ញក។ អាជ្ញាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ