យ៉ាងណាក៏ដោយ ផែនការនេះត្រូវក្រុមអ្នកវិភាគខ្លះថា ជារឿងមិនអាចទៅរួច និងខ្លះទៀតបានបង្ហាញសុទិដ្ឋិនិយម។
ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន UBS Global Wealth Management លោក អាលិចហ្សូ ហ្សឺវ៉ុនកូ(Alejo Czerwonko) បានបង្ហាញទស្សនៈសុទិដ្ឋិនិយមចំពោះគម្រោងបង្កើតរូបិយបណ្ណថ្មីនេះ ទោះបីជាមានកំណត់ត្រាមិនល្អក្នុងតំបន់អំពីសមាហរណកម្មសេដ្ឋកិច្ចរវាងគ្នាក៏ដោយ។
ដោយឡែក ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូសឡាស ម៉ានឌូរ៉ូ(Nicolas Maduro) បាននិយាយកាលពីថ្ងៃចន្ទថា វេណេហ្ស៊ុយអេឡាបានត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមមួយនេះ ទោះបីជាប្រទេសខ្លួនកំពុងទទួលរងនូវវិបត្តិអតិផរណាខ្ពស់ដល់ប្រមាណជាង ២៣០% ក៏ដោយ។
ដោយឡែក សេដ្ឋវិទូផ្នែកទីផ្សារនៅក្រុមហ៊ុន Capital Economics អ្នកស្រី គីមបឺលី ស្ពើហ្វេកធឺ(Kimberley Sperrfechter) បាននិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Lula ដែលទើបតែជាប់ឆ្នោតនិងឡើងកាន់ដំណែងនៅខែមករានេះ គួរតែយកចិត្តទុកដាក់លើរឿងមួយចំនួនផ្សេងទៀតវិញ ដូចជាផែនការសេដ្ឋកិច្ចសម្រាប់ប្រទេសខ្លួនជាដើម ព្រោះអ្នកស្រីយល់ថា ទីផ្សារទំនងជាមិនចាប់អារម្មណ៍ចំពោះរូបិយបណ្ណរួមនេះទេ ដោយហេតុថា ការបង្កើតរូបិយបណ្ណថ្មី មិនមែនជារឿងងាយស្រួលទេ គឺគេចាំបាច់ត្រូវការក្របខណ្ឌនយោបាយរួមគ្នា និងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីបង្កើតឡើង។
ក្រុមអ្នកវិភាគភាគច្រើនក៏មិនមានក្ដីរំពឹងជាវិជ្ជមានចំពោះការបង្កើតរូបិយបណ្ណថ្មីនេះដែរ ដោយសារនេះមិនមែនជាលើកទី១ឡើយដែល មេដឹកនាំប្រទេសទាំងពីរមានគម្រោងបែបនេះ ពោលគឺកាលពីឆ្នាំ១៩៨៧ប្រទេសទាំងពីរ ក៏បានលើកឡើងពីផែនការសម្រាប់ពាណិជ្ជកម្មអាហ្សង់ទីន - ប្រេស៊ីលផងដែរ ហើយក្នុងឆ្នាំ២០១៩ អតីតប្រធានាធិបតីប្រេស៊ីលលោក បូលសុនណារ៉ូ(Bolsonaro) ក៏បាននិយាយគម្រោងរូបិយបណ្ណនេះដែរ ប៉ុន្តែមិនមានសញ្ញាណាបង្ហាញពីការវិវត្តន៍ទៅមុខឡើយ។
អនុប្រធានក្រុមប្រឹក្សាសង្គមកិច្ចអាមេរិក លោក អេរិក ហ្វេនវ៉ស(Eric Farnsworth) ជឿថា អាហ្សង់ទីន ដែលបច្ចុប្បន្នមានអតិផរណាប្រចាំឆ្នាំប្រមាណ៩៥% នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើតរូបិយបណ្ណរួមថ្មីនេះ តែសម្រាប់ប្រទេសប្រេស៊ីល គឺមិនដូចច្នេះទេ។ លោកបានសង្កត់ធ្ងន់ថា ប្រេស៊ីល មានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ស្រាប់ទៅហើយ ហើយកាលពីឆ្នាំមុនរូបិយបណ្ណប្រេស៊ីល មានតម្លៃថ្លៃជាងប្រាក់ដុល្លារទៀតផង ខណៈប្រាក់ប៉េសូរបស់អាហ្សង់ទីនបានធ្លាក់ចុះ បើទោះបីជា មានការគ្រប់គ្រងរូបិយបណ្ណយ៉ាងតឹងរ៉ឹងក៏ដោយ។ លោកយល់ថា ប្រេស៊ីលមិនគួរ ចងខ្លួនទៅនឹងប្រទេសជិតខាងដែលមានសក្តានុពលតិចជាងខ្លួនបែបនេះទេ៕
អត្ថបទ ៖ សារៀម លក្ខិណា