ប្រទេសក្នុងទ្វីបអាមេរិកខាងត្បូង

ប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងចង់បង្កើតរូបិយបណ្ណថ្មីមួយរួមគ្នាសម្រាប់ដោះដូរពាណិជ្ជកម្ម


នៅក្នុងកិច្ចប្រជុំរវាងអ្នកតំណាងធុរកិច្ចប្រទេសប្រេស៊ីល និងអ្នកតំណាងធុរកិច្ចប្រទេសអាហ្សង់ទីននៅវិមានប្រធានាធិបតីក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃច័ន្ទទី២៣ខែមករា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio da Silva និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានជជែកអំពីគម្រោងផលិតរូបិយបណ្ណរួមគ្នាមួយប្រភេទ សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី ហើយក៏មានបំណងបង្រួបបង្រួមឲ្យមានការប្រើប្រាស់រូបិយបណ្ណនោះ នៅក្នុងប្រទេសផ្សេងទៀតជុំវិញតំបន់អាមេរិកខាងត្បូងផងដែរ ដើម្បីជំនួសការប្រើប្រាស់ប្រាក់អឺរ៉ូ។
ប្រេស៊ីល និងអាហ្សង់ទីនចង់បង្កើតរូបិយប័ណ្ណរួមមួយសម្រាប់ចររាចរក្នុងទ្វីបអាមេរិក ខាងត្បូង!

យ៉ាងណាក៏ដោយ ផែនការនេះ​ត្រូវក្រុមអ្នកវិភាគខ្លះថា ជារឿងមិនអាចទៅរួច ​និងខ្លះទៀតបានបង្ហាញសុទិដ្ឋិនិយម។
ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន UBS Global Wealth Management លោក អាលិចហ្សូ ហ្សឺវ៉ុនកូ(Alejo Czerwonko) បានបង្ហាញទស្សនៈសុទិដ្ឋិនិយមចំពោះគម្រោងបង្កើតរូបិយបណ្ណថ្មីនេះ ទោះបីជាមានកំណត់ត្រាមិនល្អក្នុងតំបន់អំពីសមាហរណកម្មសេដ្ឋកិច្ច​រវាងគ្នាក៏ដោយ។

ដោយឡែក ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូសឡាស ម៉ានឌូរ៉ូ(Nicolas Maduro) បាននិយាយ​កាលពីថ្ងៃចន្ទថា វេណេហ្ស៊ុយអេឡាបាន​ត្រៀមខ្លួន​រួចរាល់ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមមួយនេះ ទោះបីជាប្រទេសខ្លួនកំពុង​ទទួលរង​នូវវិបត្តិ​អតិផរណាខ្ពស់ដល់​ប្រមាណ​ជាង ២៣០% ក៏ដោយ។

ដោយឡែក សេដ្ឋវិទូផ្នែកទីផ្សារនៅក្រុមហ៊ុន Capital Economics អ្នកស្រី គីមបឺលី ស្ពើហ្វេកធឺ(Kimberley Sperrfechter) បាននិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Lula ដែលទើបតែជាប់ឆ្នោតនិងឡើងកាន់ដំណែងនៅខែមករានេះ គួរតែយកចិត្តទុកដាក់លើរឿងមួយចំនួនផ្សេងទៀតវិញ ដូចជាផែនការសេដ្ឋកិច្ចសម្រាប់ប្រទេសខ្លួនជាដើម ព្រោះអ្នកស្រីយល់ថា ទីផ្សារទំនងជា​មិនចាប់អារម្មណ៍​ចំពោះរូបិយបណ្ណរួមនេះទេ ដោយហេតុថា ការបង្កើតរូបិយបណ្ណថ្មី មិនមែនជារឿងងាយស្រួលទេ គឺគេចាំបាច់ត្រូវការក្របខណ្ឌ​នយោបាយរួមគ្នា និងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីបង្កើតឡើង។

ក្រុមអ្នកវិភាគភាគច្រើនក៏មិនមានក្ដីរំពឹងជាវិជ្ជមានចំពោះការបង្កើតរូបិយបណ្ណថ្មីនេះដែរ ​ដោយសារនេះមិនមែនជាលើកទី១ឡើយដែល មេដឹកនាំប្រទេសទាំងពីរ​មានគម្រោងបែបនេះ ពោលគឺកាលពីឆ្នាំ១៩៨៧ប្រទេសទាំងពីរ ក៏បានលើកឡើងពីផែនការសម្រាប់ពាណិជ្ជកម្ម​អាហ្សង់ទីន - ប្រេស៊ីលផងដែរ ហើយក្នុងឆ្នាំ២០១៩ អតីតប្រធានាធិបតីប្រេស៊ីល​លោក បូលសុនណារ៉ូ(Bolsonaro) ក៏បាននិយាយគម្រោងរូបិយបណ្ណនេះដែរ ប៉ុន្តែមិនមានសញ្ញាណាបង្ហាញពីការវិវត្តន៍ទៅមុខឡើយ។

អនុប្រធានក្រុមប្រឹក្សាសង្គមកិច្ចអាមេរិក លោក អេរិក ហ្វេនវ៉ស(Eric Farnsworth) ជឿថា អាហ្សង់ទីន ដែលបច្ចុប្បន្នមានអតិផរណាប្រចាំឆ្នាំប្រមាណ៩៥% នឹងទទួលបានអត្ថប្រយោជន៍ពី​ការបង្កើតរូបិយបណ្ណរួមថ្មីនេះ តែសម្រាប់ប្រទេសប្រេស៊ីល គឺមិនដូចច្នេះទេ។ លោកបានសង្កត់ធ្ងន់ថា ប្រេស៊ីល មានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ស្រាប់ទៅហើយ ហើយកាលពីឆ្នាំមុនរូបិយបណ្ណប្រេស៊ីល មានតម្លៃថ្លៃជាងប្រាក់ដុល្លារទៀតផង ខណៈប្រាក់ប៉េសូរបស់អាហ្សង់ទីនបានធ្លាក់ចុះ បើទោះបីជា មានការគ្រប់គ្រងរូបិយបណ្ណយ៉ាងតឹងរ៉ឹងក៏ដោយ។ លោកយល់ថា ប្រេស៊ីលមិនគួរ ចងខ្លួនទៅនឹងប្រទេសជិតខាងដែលមានសក្តានុពល​តិចជាង​ខ្លួន​បែបនេះទេ៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ចិនកំពុងក្លាយជាអ្នកទិញឧស្ម័នធម្មជាតិរាវដ៏ធំរបស់ពិភពលោក ដោយក្ដោបចំណែកទីផ្សារដល់ទៅ ៤០%

ព័ត៌មាន
មហាយក្សចិនកំពុងក្លាយជាអ្នកនាំមុខគេនៅក្នុងពិភពលោក លើការបញ្ជាទិញឧស្ម័នធម្មជាតិរាវ LNG ពោលគឺមានប្រហែល ៤០% នៃការចុះកុងត្រាទិញឧស្ម័ន LNG ក្ន…

អតិផរណានៅប្រទេសវេណេស៊ុយអេឡាថយចុះមកត្រឹមកម្រិតជាង ២៣០%ក្នុងឆ្នាំ២០២២

ព័ត៌មាន
ប្រទេសវេណេស៊ុយអេឡា ដែលគេស្គាល់ថា ស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតអតិផរណាខ្ពស់ជាងគេបំផុតក្នុងពិភពលោកនោះ កំពុងមានទំនោរអតិផរណាថមថយចុះម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ