ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងចំណាយប្រាក់ប្រមាណជាង ៥២០ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដែលចំនួននេះមានការកើនឡើងជាង ៨ % បើធៀបនឹងកញ្ចប់ថវិកាដែលបានសម្រេចឲ្យប្រើប្រាស់កាលពីឆ្នាំដើមឆ្នាំ២០២១។
កំណើនការចំណាយប្រចាំឆ្នាំ ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាននេះ នឹងធ្វើឱ្យសមាមាត្របំណុលនៃផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូង កើនឡើងដល់ជាង៥០% ដែលជាចំនួនធំបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះ។ លើសពីនេះទៀត បើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង បំណុលប្រទេសនេះនឹងកើនឡើងដល់ ជិត៦០% នៃ GDP នៅមុនឆ្នាំ ២០២៥។
សម្រាប់ការចំណាយនៅឆ្នាំក្រោយ មាន១ភាគ៣នៃកញ្ចប់ថវិកាសរុបនឹងត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូល បម្រុងទុកសម្រាប់វិស័យសុខុមាលភាព និងការងារប្រជាពលរដ្ឋ ដើម្បីអាចឲ្យពួកគេយកទៅដោះស្រាយ ថ្លៃចំណាយក្នុងរស់នៅប្រចាំថ្ងៃដែលកំពុងមានបញ្ហាកើនឡើង។
ដោយឡែក ថវិកាប្រមាណ ១០ពាន់លានដុល្លារអាមេរិកនឹងត្រូវបែងចែកសម្រាប់ការចំណាយលើវិស័យដែលទាក់ទងនឹងបរិស្ថាន ដើម្បីឆ្ពោះទៅរកគោលនយោបាយលុបបំបាត់ការបញ្ចេញឧស្ម័នពុលត្រឹមឆ្នាំ២០៥០។
គួរជម្រាបថា ទោះបីអត្រាបំណុលរបស់កូរ៉េខាងត្បូងបានកើនដល់៥០% នៃGDP ទៅហើយក្តីប៉ុន្តែកូរ៉េខាងត្បូងនៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនពេញមួយឆ្នាំ២០២១នេះ ក្នុងអត្រា៤%ដដែល ហើយរដ្ឋាភិបាលកូរ៉េថែមទាំងបានសន្យាថា នឹងបន្តផ្តល់ការគាំទ្រ ផ្នែកសារពើពន្ធ ដល់ចរន្តសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយកូវីដ១៩បន្ថែមទៀត៕