សេដ្ឋកិច្ចចិន

សេដ្ឋកិច្ចចិនកំពុងមានសម្ពាធជាថ្មី!


ផលិតផលនិងទិន្នផលចេញពីរោងចក្រសហគ្រាសក្នុងប្រទេសចិនថយចុះ ស្របពេលដែលវិស័យលក់រាយក៏កំពុងធ្លាក់ចុះដូចគ្នា បានបង្កជាសម្ពាធមកលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមួយកំរិតទៀត ចំពេលដែលចិនកំពុងកម្រើកឡើងវិញនូវករណីឆ្លងកូវីដ១៩ បំប្លែងថ្មី ឌែលតា គួរឲ្យព្រួយបារម្ភ បូករួមនឹងគ្រោះទឹកជំនន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រោងចក្រសហគ្រាស នៅក្នុងប្រទេសចិន
ដោយ

របាយការណ៍​ទិន្នផល​រោងចក្រ​សហគ្រាស ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ផលិតផល​របស់​រោងចក្រ​សហគ្រាស​ពី ៨,៣% នៅ​ខែមិថុនា មក​នៅ​ត្រឹម ៦,៤% សម្រាប់​ខែកក្កដា​។ ការ​ថយ​ចុះ​នេះ​ផង​ដែរ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ព្យាករណ៍​កន្លង​មក​សម្រាប់​ខែកក្កដា​ថា ទិន្នផល​រោងចក្រ​សហគ្រាស​នៅ​ប្រទេស​ចិន​អាច​នឹង​បន្ត​កើនឡើង​ក្នុង​រង្វង់​ជិត ៨%​។

ជាមួយ​គ្នា​នេះ វិស័យ​លក់រាយ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ក៏​បាន​បង្ហាញ​ពី​សញ្ញា​ដាំ​ក្បាល​ចុះ​ផង​ដែរ ដោយ​កាលពី​ខែមិថុនា​វិស័យ​លក់រាយ​មាន​កំណើន​ជាង ១២% ខណៈ​ខែកក្កដា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៨,៥% ទាប​ជាង​ការ​ព្យាករ​ដែល​ថា កំណើន​នឹង​អាច​មាន​ដល់ ១១,៥%​។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ស្ទុះ​ងើបឡើង​វិញ​ដល់​កម្រិត​កំណើន​មុន​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ប៉ុន្តែ​ការ​ងើបឡើង​នេះ កំពុង​បាត់បង់​សម្ទុះ​ទៅ​វិញ​បណ្តើរ​ៗ ដោយសារ​អាជីវកម្ម​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ថ្លៃដើម​ខ្ពស់​ជាង​មុន គួប​ផ្សំ​នឹង​ភាព​រង្គោះរង្គើ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ជាស​កល​ផង​ដែរ​។ ការ​កម្រើក​ឡើង​វិញ​នៃ​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ឌែ​លតា ចាប់ពី​ខែកក្កដា ដែល​នាំ​ឱ្យ​មានការ​រឹត​បន្តឹង​សារ​ជា​ថ្មី បាន​បង្ក​ការ​រំខាន​ដល់​ផលិតកម្ម​រោងចក្រ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លំដាប់​ទី​ពីរ​មួយ​នេះ​។

ជាមួយនឹង​វត្តមាន​នៃ​កូ​វី​ដ​១៩​ឌែ​លតា ប្រទេស​ចិន​ជា​ថ្មី​ម្តងទៀត បាន​រឹត​បន្តឹង​សកម្មភាព​សង្គម​និង​សេដ្ឋកិច្ច ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ដែល​បាន​ឈាន​ទៅ​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម ជា​ពិសេស​ការ​ធ្វើ​ដំណើរ​និង​បដិសណ្ឋារកិច្ច​។

ដោយឡែក គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​សំខាន់​ៗ​មួយ​ចំនួន​របស់​ចិន បាន​ក្លាយជា​សម្ពាធ​មួយ​កម្រិត​ទៀត​ដល់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ជាក់ស្តែង ភ្លៀង​ធ្លាក់​ច្រើន​នៅ​ខេត្ត​ហឺ​ណា​ន​កាលពី​ខែកក្កដា បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០០ នាក់​។

សូម​បញ្ជាក់​ថា ក្រោយ​របាយការណ៍​ខែកក្កដា​ដែល​ចេញផ្សាយ​ដោយ ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ចុះ​ក្នុង​វិស័យ​សំខាន់​ៗ​ជា​ច្រើន​បែប​នេះ អ្នកវិភាគ​សេដ្ឋកិច្ច​ចិន​កាន់តែ​ច្រើន​ឡើង​ផង​ដែរ បាន​ផ្តើម​កាត់​បន្ថយ​ការ​ប៉ាន់​ប្រមាណ​របស់​ពួក​គេ ស្តី​ពី​កំណើនសេដ្ឋកិច្ច​របស់​ចិន​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ពី​រង្វង់​ជិត ៩% មក​នៅ​ត្រឹម​ប្រមាណ ៨,៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង«ភូមិកីឡដ្ឋាន» និងធនាគារ ហ្វីលីព ចុះកិច្ចសហប្រតិបត្តិការផ្ដល់ឥណទានឆ្លាតវៃ ដល់អតិថិជន

ព័ត៌មាន
គម្រោង«ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់អ្នកឧកញ៉ា សៀ ឬទ្ធី និងធនាគារ ហ្វីលីព បានចុះកិច្ចសហប្រតិបត្តិការផ្ដល់ឥណទានឆ្លាតវៃ ដល់អតិថិជន។ ពិធីន…

ឥណ្ឌូនេស៊ី កំពុងខិតខំរក្សាតុល្យភាព រវាងវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ច ចំពេលកូវីដ-១៩បន្ដរាតត្បាតខ្លាំង

ព័ត៌មាន
ស្ថានភាពកូវីដ១៩ នៅប្រទេសឥណ្ឌុនេស៊ីនៅរយៈចុងក្រោយនេះកាន់តែដុនដាបខ្លាំងឡើងៗ ទន្ទឹមនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយថា អ្វីដែលរដ្ឋាភិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ