យោងតាមការចុះផ្សាយរបស់កាសែត The Nation ការសិក្សាខាងលើនេះបង្ហាញថា ទីផ្សាររថយន្តអគ្គិសនីកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសចំនួន៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការសិក្សាដ៏ទូលំទូលាយដែលគ្របដណ្តប់លើប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីននេះ បានរកឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការប្រើប្រាស់ និងកិច្ចខិតខំប្រឹងប្រែងផលិតរថយន្តអគ្គិសនីក្នុងស្រុក។
របាយការណ៍សិក្សានេះបង្ហាញថា ការលក់រថយន្តអគ្គិសនី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងជាង៣ដងក្នុងឆ្នាំ២០២៣ ដោយឈានដល់១៥ម៉ឺន៣ពាន់៥រយគ្រឿង។ ការកើនឡើងនេះ គឺភាគច្រើនដោយសារតែគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល និងវត្តមានដែលកំពុងកើនឡើងនៃក្រុមហ៊ុនផលិតរថយន្តចិន នៅក្នុងតំបន់។ ជាការកត់សម្គាល់ ប្រទេសថៃ បានក្លាយជាប្រទេសនាំមុខគេ ដោយការលក់រថយន្តអគ្គិសនី បានកើនឡើង៤ដង ដល់៨ម៉ឺន៦ពាន់៤រយគ្រឿង។
លោកស្រី ខូម៉ល ខារៀ (Komal Kareer) អ្នកជំនាញទទួលបន្ទុកស្រាវជ្រាវ វិភាគ និងផ្ដល់ទស្សនវិស័យអំពីបច្ចេកវិទ្យាដឹកជញ្ជូនស្អាតប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន BloombergNEF បានធ្វើការកត់សម្គាល់ថា ការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងក្រុមហ៊ុនផលិតរថយន្តថ្មីៗ និងក្រុមហ៊ុនចាស់ៗដែលឈរជើងលើទីផ្សារជាយូរមកហើយ គួបផ្សំជាមួយការធ្លាក់ចុះថ្លៃដើមនៃការផលិតអាគុយ នឹងធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីមានសន្ទុះកើនឡើងកាន់តែខ្លាំងនៅប៉ុន្មានទសវត្សរ៍ខាងមុខ។
ក្រុមហ៊ុនស្រាវជ្រាវ BloombergNEF បានព្យាករថា ការលក់រថយន្តអគ្គិសនីនឹងឈានដល់ជិត២,៧លានគ្រឿង នៅត្រឹមឆ្នាំ២០៤០ ដែលតំណាងឱ្យ៥៦%នៃការលក់រថយន្តសរុប។
ទន្ទឹមនេះ របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរ អំពីភាពចាំបាច់ដែលត្រូវបង្កើនការវិនិយោគជាបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធសាកអាគុយរថយន្តអគ្គិសនី ខណៈដែលតម្រូវការអគ្គិសនីពីរថយន្តអគ្គិសនីត្រូវបានព្យាករថានឹងកើនឡើងដល់៨៥តេរ៉ាវ៉ាត់ម៉ោង (TWh) ដោយកើនឡើងពីត្រឹមតែ៣២២ជីហ្គាវ៉ាត់ម៉ោង (GWh) ក្នុងឆ្នាំ២០២៣។
ដើម្បីគាំទ្រដល់កំណើនរថយន្តអគ្គិសនី តំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវការឧបករណ៍សាកអាគុយប្រហែល១១,៥លានគ្រឿង ជាមួយនឹងការវិនិយោគសរុបចំនួន៣,១ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៤០៕
ដោយ: តែម សុខុម