ប្រទេសដីកោះស្រីលង្កាដែលមានប្រជាជនជាង ២២ លាននាក់កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ដោយសារតែការខ្វះខាតទុនបម្រុងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ខណៈប្រទេសនេះកំពុងតស៊ូក្នុងការចំណាយលើការនាំចូលសំខាន់ៗនូវផលិតផលដូចជា អាហារ ឱសថ និង ប្រេងដែលជាតម្រូវការចាំបាច់បំផុត។
ប៉ុន្តែការនាំចូលប្រេងឥន្ទនៈនៅតែមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុកបានទេ ខណៈមានមនុស្សរាប់ពាន់នាក់តែងតែឈរតម្រង់ជូរនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីចាំទិញប្រេងឥន្ទនៈជារៀងរាល់ថ្ងៃ ដោយអ្នកខ្លះបាននិយាយថា ពួកគាត់បានរង់ចាំតម្រង់ជួរអស់រយៈពេល ៤ ថ្ងៃទើបអាចទទួលបានប្រេងឥន្ធនៈ។
នាំពាក្យរបស់គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលស្រីលង្កា លោក Gunewardena បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសស្រីលង្កានឹងបញ្ចេញប្រេងឥន្ធនៈសម្រាប់តែការផ្គត់ផ្គង់ដល់ រថភ្លើង និង ឡានក្រុង សេវាវេជ្ជសាស្ត្រ និងយានជំនិះដែលដឹកជញ្ជូនស្បៀងអាហារប៉ុណ្ណោះ ចាប់ពីថ្ងៃទី២៨មិថុនា រហូតដល់ ថ្ងៃទី ១០ ខែកក្កដា ខណៈសាលារៀននៅតាមទីក្រុងនឹងត្រូវបិទ ហើយបុគ្គលិកទាំងអស់ត្រូវបានជំរុញឱ្យធ្វើការពីផ្ទះ និង សេវារថយន្តក្រុងទៅខេត្តផ្សេងៗនឹងត្រូវបានផ្អាក ដើម្បីទប់ទល់នឹងការអស់ប្រេងឥន្ទនៈប្រើប្រាស់ក្នុងស្រុក ចំពេលដែលទុនបម្រុងគឺនៅមានតិចតូចស្ដួចស្ដើងបំផុត។
លោក Gunewardena បាននិយាយថា ប្រទេសស្រីលង្កាមិនដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះទេ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនពីមុនមក។
គួរកត់សម្គាល់ថា រដ្ឋាភិបាលស្រីលង្កាកំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកញ្ចប់ថវិកាសង្គ្រោះថ្មីបន្ថែមទៀត ប៉ុន្តែមនុស្សជាច្រើនមិនអាចរង់ចាំ ទាំងដែលកំពុងរងទុក្ខវេទនាដូចសព្វថ្ងៃនេះបានទេ ដូច្នេះថា វាបានជំរុញឲ្យមានការឆ្លងដែនភៀសខ្លួនខុសច្បាប់បានកើនឡើងកាន់តែច្រើន។ អ្នកនាំពាក្យម្នាក់បាននិយាយថា កងទ័ពជើងទឹកស្រីលង្កានៅព្រឹកព្រលឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានចាប់ខ្លួនមនុស្ស ៥៤ នាក់នៅឆ្នេរសមុទ្រភាគខាងកើត ខណៈដែលពួកគេព្យាយាមចាកចេញពីប្រទេសតាមទូក។
រដ្ឋមន្ត្រីថាមពលបាននិយាយកាលពីថ្ងៃអាទិត្យទី ២៦ ខែមិថុនា ថា ឃ្លាំងស្តុកប្រេងឥន្ធនៈរបស់រដ្ឋាភិបាលនៅសល់ប្រេងម៉ាស៊ូតប្រហែល ៩ ពាន់តោន និង ប្រេងសាំងចំនួន ៦ ពាន់តោនប៉ុណ្ណោះ ហើយមិនមានការដឹកជញ្ជូនថ្មីមកដល់ក្នុងពេលឆាប់ៗនោះទេ។
ទោះយ៉ាងណា ក្រុមហ៊ុន Lanka IOC ដែលជាអង្គភាពក្នុងស្រុកនៃសាជីវកម្មប្រេងឥណ្ឌាបានប្រាប់រ៉យទ័រថា ខ្លួនមានប្រេងម៉ាស៊ូតជាង ២ ម៉ឺនតោន និងប្រេងសាំងជិត ៨ ពាន់តោន ហើយកំពុងរំពឹងថា នឹងមានការដឹកជញ្ជូនប្រេងសាំង និង ម៉ាស៊ូតចំនួន ៣ ម៉ឺនតោនទៀត ដែលនឹងបញ្ជូនទៅដល់ស្រីលង្កានៅថ្ងៃទី ១៣ ខែ កក្កដា។
យ៉ាងណាមិញ ប្រទេសស្រីលង្កាប្រើប្រាស់ប្រេងម៉ាស៊ូតប្រហែល ៥ ពាន់តោន និងប្រេងសាំង ៣ ពាន់ តោនក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន នេះបើតាមប្រធានក្រុមហ៊ុន Lanka IOC បានប្រាប់រ៉យទ័រ។
និយតករថាមពលរបស់ប្រទេសស្រីលង្កាបាននិយាយថា ប្រទេសនេះកំពុងប្រើប្រាស់ស្តុកប្រេងចុងក្រោយរបស់ខ្លួនហើយ ដើម្បីដំណើរការរោងចក្រថាមពលកំដៅជាច្រើន និងរក្សាការដាច់ចរន្តអគ្គិសនីឱ្យនៅកម្រិតអប្បបរមា ខណៈការដាច់ចរន្តអគ្គិសនី ដែលបានគ្រោងទុកនឹងកើនឡើងដល់ ៣ ម៉ោងចាប់ពីថ្ងៃច័ន្ទ។
គួរជម្រាបថា មូលនិធិរូបបិយវត្ថុអន្តជាតិ (IMF) កំពុងធ្វើទស្សនកិច្ចនៅស្រីលង្កា ដើម្បីពិភាក្សាលើកញ្ចប់ថវិកាសង្គ្រោះថ្មីចំនួន ៣ ពាន់លានដុល្លារ។ ប្រទេសនេះកំពុងរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងណាមួយ មុនពេលដំណើរទស្សនកិច្ចបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ដើម្បីពន្លឺនការផ្តល់ថវិកាឲ្យបានឆាប់រហ័ស។
ប្រទេសស្រីលង្កាបានទទួលជំនួយហិរញ្ញវត្ថុប្រហែល ៤ ពាន់លានដុល្លារពីប្រទេសឥណ្ឌា ហើយរដ្ឋាភិបាលស្រីលង្កាបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានយល់ព្រមផ្តល់ជំនួយបច្ចេកទេសសម្រាប់ការគ្រប់គ្រងសារពើពន្ធរបស់ខ្លួនផងដែរ៕