ការវិនិយោគ​ផ្នែកបច្ចេកវិទ្យា​នៅវៀតណាម

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ សម្លឹងឃើញវៀតណាមសម្រាប់ទិសដៅផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្ម


ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា កំពុងក្លាយជាកូនក្រមុំដ៏ស្រស់ប្រិមប្រិយមួយ នៅតំបន់ អាស៊ីអាគ្នេយ៍នេះ សម្រាប់ការបង្វែរទិសដៅផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនធំៗ ពិសេសក្រុមហ៊ុនដែលកំពុងគេចចេញពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និអាមេរិក។ យ៉ាងណាមិញ បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយចំនួន បានបង្ហាញពីផែនការផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្មរបស់ពួកគេចូលទៅកាន់ប្រទេសវៀតណាម នៅក្រោយវិបត្តិកូវីដ-១៩នេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ សម្លឹងឃើញវៀតណាមសម្រាប់ទិសដៅផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្ម (រូបភាព៖ VN Express)

ក្រុមហ៊ុន​អេឡិចត្រូនិក LG ថ្មីៗនេះ បាន​រើ​​ខ្សែចង្វាក់ផលិតកម្ម​ទូរស័ព្ទ​ស្មាតហ្វូន​របស់ខ្លួនទាំងស្រុង ពីកូរ៉េខាងត្បូង​ មកកាន់​ភាគខាងជើង​នៃទីក្រុង​ហៃផុង ប្រទេសវៀតណាម។

នៅក្នុង​សន្និសីទ​ថ្មីៗនេះ រវាង​រដ្ឋាភិបាល និងអាជ្ញាធរក្រុង​ហៃផុង បាន​ស្នើ​ពង្រីកបន្ថែម​តំបន់សេដ្ឋកិច្ច​ពិសេស​ Dinh Vu-Cat Hai និង​សួនឧស្សាហកម្ម​ Trang Due នៅក្នុងទីក្រុងនេះ ដើម្បី​បង្កើតលក្ខខណ្ឌ​សម្រាប់​ការពង្រីក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន LG។

ក្រុមហ៊ុន LG របស់​កូរ៉េខាងត្បូងមួយនេះ បាន​គ្រោង​នឹង​វិនិយោគ​រោងចក្រ​តម្លៃ​១,៥ពាន់លាន​ដុល្លារអាមេរិក នៅក្នុង​ សួនឧស្សាហកម្ម Trang Deu នៅក្នុង​ឆ្នាំ២០១៥។

ប្រទេស​កូរ៉េខាងត្បូង ក៏ត្រូវបាន​ស្គាល់ថា ជា​អ្នកវិនិយោគ​នាំមុខគេ​នៅវៀតណាម​កាលពីឆ្នាំ២០១៩ ដែលមាន​ទុនវិនិយោគ​សរុប ៧,៩២ ពាន់លាន​ដុល្លារអាមេរិក។

ក្រៅពី LG ក៏មាន​ក្រុមហ៊ុនជប៉ុន Panasonic ក៏កំពុង​មានផែនការ​​រើ​​ខ្សែចង្វាក់ផលិតកម្ម​របស់ខ្លួន​ទាក់ទនឹង​ការបង្កើត​ទូរទឹកកក និង​ម៉ាស៊ីនបោកខោអាវ​ខ្នាតធំ ពីប្រទេសថៃ មកកាន់​វៀតណាម​នៅ​ដើមខែ​កញ្ញាឆ្នាំនេះ​ផងដែរ ដើម្បី​ធ្វើឲ្យ​មានភាពប្រសើរឡើង​នៃប្រសិទ្ធភាព​នៃការចំណាយ​របស់ក្រុមហ៊ុន។

លើសពីនេះទៅទៀត ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុន​អ្នកម៉ៅការដ៏សំខាន់​មួយរបស់ ក្រុមហ៊ុនយក្ស Apple របស់អាមេរិក ក៏បាន​ពង្រីក​ផលិតកម្ម​របស់ខ្លួន​ទាក់ទង​នឹងការ​ផលិត​កាសស្ដាប់ត្រចៀក​ឥតខ្សែ ដែលហៅថា Airpods មកកាន់​ប្រទេស​វៀតណាម​ផងដែរ។ ក្រុមហ៊ុន Apple ហាក់ដូចជា​បង្ហាញ​ពី​បំណង​ផ្លាស់ប្តរូរ​ផ្នែកខ្លះ​នៃផលិតកម្ម​របស់ខ្លួន​ពីប្រទេសចិន មកកាន់វៀតណាម​ដែល​ជាកន្លែង​ធ្លាប់​មានការដំឡើង​កាសស្ដាប់ត្រចៀកឥតខ្សែ និងខ្សែសាកថ្ម​ទូរស័ព្ទ។ 

កាលពីប៉ុន្មានខែមុន​នេះ ក្រុមហ៊ុន Apple បាន​បង្ហោះសារ​ត្រូវការ​រើសបុគ្គលិក​នៅ​ក្នុងប្រទេសវៀតណាម​តាម​បណ្ដាញ​ទំនាក់ទំនង​ LinkedIn ហើយវា​ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុននេះ អាចនឹង​ពង្រីក​ផលិតកម្ម​របស់ខ្លួន​នៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុន Foxconn ដែលកាន់កាប់​ដោយ​តៃវ៉ាន់ ថ្មីៗនេះ បាន​និយាយថា នេះជាលើកទី១ហើយ ដែលវៀតណាម​គឺបាន​ក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏ធំ​ជាងគេ​នៅក្នុង​តំបន់អាស៊ី​អាគ្នេយ៍នេះ។ ហើយ​ក្រុមហ៊ុនតៃវ៉ាន់​មួយនេះ មាន​រោងចក្រ​ចំនួន ៣ហើយ​នៅក្នុងខេត្ត​ Bac Giang នៃភាគខាងជើង​ប្រទេសវៀតណាម។

អ្នកជំនាញ​និយាយថា វៀតណាម​បានក្លាយជា​ទិសដៅ​សម្រាប់​ការផលិត​ដ៏​ទាក់ទាញមួយ សម្រាប់​អន្តរជាតិ ដោយសារតែ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​ការឆ្លង​រីករាល​ដាល​នៃកូវីដ-១៩ បានទាន់ពេលវេលា ខណៈដែល​ប្រទេសនេះមាន​ប្រជាជនសរុប​៩៦លាននាក់ តែមានករណីឆ្លង​តែ​៣៧២នាក់ប៉ុណ្ណោះ និងមាន​អ្នកស្លាប់នោះទេ គិតមកទល់ពេលនេះ។

ការពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​​ និង​ការវិនិយោគ ដោយក្រុមហ៊ុន​អន្តរជាតិ បានចូលរួម​ចំណែក​យ៉ាងសំខាន់​ទៅក្នុង​កំណើន​នៃ​ឧស្សាហកម្ម​អេឡិចត្រូនិក​របស់វៀតណាម​នៅក្នុង​ពាក់កណ្ដាល​ឆ្នាំ២០២០នេះ បើទោះបីជា​ឧស្សាហកម្មនេះ កំពុង​ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​កូវីដ-១៩ ក៏ដោយ។

ការនាំចេញ​ផលិតផល​ និងគ្រឿងបង្គុំ​កុំព្យូទ័រ និងគ្រឿអេឡិចត្រូនិក បានកើនឡើង​២៤% នៅពាក់​កណ្ដាល​ឆ្នាំនេះ មានតម្លៃជាទឹកប្រាក់​ជិត​១៩,៣ពាន់លាន​ដុល្លារអាមេរិក ខណៈ​ការនាំចេញ​ទូរស័ព្ទចល័ត និង​គ្រឿងទូរស័ព្ទ​ផ្សេងៗទៀត បានកើនឡើងដល់​២១,៥ពាន់លាន​ដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ ឧស្សាហកម្ម​អេឡិចត្រូនិក​វៀតណាម​ទំនង​ជា​នឹងប៉ះពាល់​ខ្លាំង​នៅឆមាសទី២ នៃឆ្នាំនេះ ដោយសារតែ​បញ្ហាកូវីដ-១៩ ធ្វើឲ្យ​ប៉ះពាល់ដល់​តម្រូវការ​នៅក្នុង​ទីផ្សារអាមេរិក និងអឺរ៉ុប។

យ៉ាងណាមិញ ការលក់​ និងទិន្នផល​ជាសកល​របស់​ក្រុមហ៊ុន Samsung ត្រូវបាន​ព្យាករថា នឹងធ្លាក់ចុះ ហើយ​ក្រុមហ៊ុន​ Samsung នៅវៀតណាម​ក៏មានផែនការ​នឹង​កាត់​បន្ថយ​គោលដៅ​នាំចេញ​សម្រាប់​ឆ្នាំ២០២០នេះ ១២,៧% ធៀបនឹងឆ្នាំ២០១៩ ដែលមាន​៤៥,៥ពាន់លាន​ដុល្លារអាមេរិក

អ្នកជំនាញសេដ្ឋកិច្ច​របស់ UBS បានបញ្ជាក់​នាពេល​ថ្មីៗនេះថា វៀតណាម​គឺស្ថិត​នៅក្នុង​ចំណោម​ចំណុច​ភ្លឺដ៏ត្រចេះត្រចង់មួយ (Brightest Spots) នៅក្នុង​តំបន់អាស៊ី បើទោះបីជា​មានការប្រឈម​នឹង​ការព្យាយាម​ទប់ស្កាត់​ការរីករាលដាល​នៃមេរោគរាតត្បាតក្ដី ហើយសេដ្ឋកិច្ច​របស់ប្រទេសនេះ កំពុង​ត្រៀម​ខ្លួន​ងើបឡើងវិញហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នារីរកស៊ីផ្លូវភេទនៅអាល្លឺម៉ង់ទាមទារ​ឲ្យរដ្ឋាភិបាល​បើក​បនពេស្យា​ឡើងវិញ

ព័ត៌មាន
នារីរកស៊ីផ្លូវភេទ​នៅក្នុង​​ប្រទេស​អាល្លឺម៉ង់​បានកើតទុក្ខ​មិនសុខចិត្តចំពោះ​បំរាម​លើ​មុខរបរ​របស់ពួកគេ និង​បាន​នាំគ្នា​តវ៉ា​ទាមទារ​សិទ្…

សហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយពីមានការស្នើសុំឲ្យលុបប្រព័ន្ធអនុគ្រោះពន្ធ GSP លើអង្ករកម្ពុជានាំទៅអាមេរិក

ព័ត៌មាន
សហព័ន្ធស្រូវអង្ករអាមេរិកកាលពីពេលថ្មីៗនេះបានស្នើទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិកលើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ