សេដ្ឋកិច្ចប្រទេសស្រីលង្ការ

ក្រោយទទួលបានជំនួយហិរញ្ញវត្ថុពី IMF តើមកទល់ពេលនេះ សេដ្ឋកិច្ចប្រទេសស្រីលង្ការបានប្រសើរឡើងយ៉ាងណាខ្លះ?


ក្រសួងហិរញ្ញវត្ថុស្រីលង្កាបាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនាថា ប្រទេសនេះបានដកចេញនូវការរឹតបន្តឹងលើការនាំចូលទំនិញចំនួន ២៨៦ មុខ។ ការសម្រេចនេះគឺជាសញ្ញាថ្មីមួយដែលបង្ហាញថា ប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងតែចាប់ផ្តើមងើបចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រោយទទួលបានជំនួយហិរញ្ញវត្ថុពី IMF តើមកទល់ពេលនេះ សេដ្ឋកិច្ចប្រទេសស្រីលង្ការបានប្រសើរឡើងយ៉ាងណាខ្លះ?

ស្រីលង្កាដែលជាប្រទេសកោះស្ថិតនៅជិតឆ្នេរសមុទ្រខាងត្បូងនៃប្រទេសឥណ្ឌា បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុនដោយសារតែអស់ទុនបម្រុងរូបិយប័ណ្ណបរទេស ដូច្នេះហើយរដ្ឋាភិបាលស្រីលង្កាបានរឹតត្បិតការនាំចូលទំនិញជាង ៣ ពាន់ ២ រយមុខ រួមទាំងអាហារសមុទ្រ គ្រឿងអេឡិចត្រូនិច និងសូម្បីតែឧបករណ៍ភ្លេង។

ជោគវាសនាប្រទេសស្រីលង្កាបានប្រសើរឡើងវិញ ក្នុងរយៈពេល ៩ ខែចុងក្រោយ ដោយសារតែប្រទេសនេះបានទទួលជំនួយសង្គ្រោះចំនួនជិត ៣ ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ប្រទេសនេះក៏បានសម្រួលកម្រិតអតិផរណាដែលពីមុនបានកើនឡើងខ្លាំង ហើយបានចាប់ផ្តើមកសាងទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនឡើងវិញដែរ។

ទុនបម្រុងរបស់ស្រីលង្កាបានកើនឡើង ២៦% គឺឡើងដល់ ៣,៥ ពាន់លានដុល្លារនៅក្នុងខែឧសភា ដែលជាការកើនខ្ពស់បំផុតក្នុងរយៈពេល ១៧ ខែ។ កំណើននេះបានមកពីការផ្ញើប្រាក់ពីបរទេស និងពីប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ ដែលសុទ្ធតែជាចំណូលខ្លាំងជាងមុន។ យោងតាមទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា តម្លៃរូបិយប័ណ្ណរបស់ប្រទេសនេះក៏បានកើនឡើងប្រហែល ២៤% ដែរ នៅក្នុងឆ្នាំនេះ។

ក្រសួងហិរញ្ញវត្ថុស្រីលង្កាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារស្ថានភាពសេដ្ឋកិច្ចកំពុងមានស្ថិរភាព ទើបក្រសួងនេះបានសម្រេចលុបចោលការរឹតបន្តឹងលើការនាំចូលទំនិញចំនួន ២៨៦ មុខ ដោយអនុវត្តចាប់ពីអធ្រាត្រថ្ងៃសុក្រ ទី ០៩ ខែមិថុនាតទៅ។ មុខទំនិញដែលត្រូវបានដកចេញពីការរឹតបន្តឹងនេះគឺមានចាប់ពីទូរថភ្លើង រហូតដល់មុខទំនិញពាក់ព័ន្ធនឹងគ្រឿងចាប់សំឡេងរបស់វិទ្យុ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ទោះយ៉ាងណាក្រសួងនេះនឹងបន្តធ្វើការរឹតបន្តឹងលើមុខទំនិញចំនួន ៩២៨ មុខទៀត រួមទាំងការនាំចូលយានយន្តដែលត្រូវបានហាមឃាត់កាលពីខែមីនា ឆ្នាំ២០២០ ផងដែរ។

ប្រទេសស្រីលង្កាក៏នឹងកាត់បន្ថយតម្លៃថ្នាំពេទ្យសំខាន់ចំនួន ៦០ មុខ ក្នុងអត្រា ១៦% ចាប់ពី សប្ដាហ៍នេះទៅ។

ទោះជាវិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កាមានការធូរស្បើយក៏ដោយ ក៏ប្រទេសនេះនៅតែត្រូវបញ្ចប់ការពិភាក្សាអំពីបំណុលជាមួយម្ចាស់បំណុលនៅក្នុងខែកញ្ញា ឱ្យបានមុនពេលពិនិត្យវាយតម្លៃលើកម្មវិធីរបស់មូលនិធិ IMF ជាលើកដំបូង។ ទន្ទឹមនឹងនេះ ស្រីលង្កាក៏ត្រូវអនុវត្តកំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗ ដើម្បីធ្វើឱ្យការស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញស្ថិតនៅលើគន្លងនិរន្តរភាព។

មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់ស្រីលង្កានឹងរួញប្រហែល ៣% នៅឆ្នាំ២០២៣នេះ បន្ទាប់ពីវាស្វិតអស់ ៧,៨% កាលពីឆ្នាំ២០២២ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះបានព្យាករថា វានឹងរីកឬមានកំណើនវិញនៅឆ្នាំ២០២៤៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ថៃព្រមានអំពីហានិភ័យឥណទានយានយន្តក្នុងចំណោមក្រុមមនុស្សអាយុពី ២៧ ទៅ ៤២ ឆ្នាំ

ការិយាល័យឥណទានជាតិថៃបានព្រមានថា អ្នកដែលមានអាយុចាប់ពី ២៧ ដល់ ៤២ ឆ្នាំ គឺជាអ្នកដែលមាននិន្នាការជាប់បំណុលយានយន្តខ្ពស់បំផុត ខណៈដែលឥណទានរ…

ធនាគារិករុស្ស៊ីដ៏មានឥទ្ធិពលមួយរូបនិយាយថា ទីបញ្ចប់នៃអំណាចប្រាក់ដុល្លារអាមេរិកជិតមកដល់ហើយ

ចុងបញ្ចប់នៃការត្រួតត្រាគេរបស់ប្រាក់ដុល្លារអាមេរិកជិតមកដល់ហើយ ខណៈដែលប្រាក់យន់របស់ចិនងើបឡើងជារូបិយប័ណ្ណអន្តរជាតិ ហើយពិភពលោកទាំងមូលបានឃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ