សេដ្ឋកិច្ចជប៉ុន

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជាង៧០% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងបន្តកើនឡើងនៅឆ្នាំ២០២៤


ការស្ទង់មតិរបស់សារព័ត៌មានក្យូដូ (Kyodo News) បានបង្ហាញថា ក្រុមហ៊ុនធំៗរបស់ជប៉ុនជាង៧០% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងកើនឡើងនៅឆ្នាំ២០២៤ ក្រោយពួកគេរំពឹងអ្នកប្រើប្រាស់មានភាពរឹងមាំផ្នែកសេដ្ឋកិច្ច ហើយការចំណាយមូលធនអាចនឹងយកឈ្នះលើផលប៉ះពាល់នៃអតិផរណាកើនខ្ពស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចជប៉ុន
ដោយ

នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនចំនួន១១៣ រួមទាំងក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន SoftBank Group Corp ដែរនោះ ក្រុមហ៊ុនចំនួន៧២% បាននិយាយថា ពួកគេរំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើនមធ្យម រីឯ១%ទៀតមើលឃើញពីការកើនឡើងដ៏រឹងមាំនៅឆ្នាំ២០២៤។ ការមើលឃើញវិជ្ជមានក្នុងអត្រារួមគ្នា៧៣%នេះ គឺខ្ពស់ជាងអត្រាកាលពីមួយឆ្នាំមុន ដែលពេលនោះមានក្រុមហ៊ុន៥៦% បាននិយាយថា ពួកគេរំពឹងថា នឹងមានកំណើនមធ្យម ឬរឹងមាំ ទោះជាការកើនឡើងនូវតម្លៃវត្ថុធាតុដើម និងតម្លៃថាមពលបានបង្ហាញថា ជាកត្តាហានិភ័យដ៏សំខាន់យ៉ាងណាក៏ដោយ។

ទស្សនប្រកបដោយសុទិដ្ឋនិយមនេះ បានកើតឡើងស្របគ្នានឹងការព្យាកររបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ដែលរំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើន១%ក្នុងឆ្នាំ២០២៤ ជាអត្រាមួយតិចជាងការព្យាករសម្រាប់ឆ្នាំ២០២៣ ដែលរំពឹងមានចំនួន១.៧%។ ពាក់ព័ន្ធនឹងមូលហេតុនៃក្ដីរំពឹងថា នឹងមានកំណើននេះ អ្នកឆ្លើយសំណួរ៨៥% ដែលបានព្យាករពីការពង្រីកសេដ្ឋកិច្ចនេះបានលើកឡើងពីការស្ទុះងើបឡើងវិញនូវការប្រើប្រាស់ឯកជន ហើយ៦៥%ទៀត បានចង្អុលបង្ហាញពីការចំណាយរបស់ភ្ញៀវបរទេស ដែលមានចំនួនចេះតែកើនឡើង។

អ្នកឆ្លើយសំណួរប្រហែល៦២% បាននិយាយថា ការចំណាយដើមទុនគួរតែកើនឡើង។ ជាក់ស្ដែងនៅក្នុងវិស័យបន្ទះឈីប ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC កំពុងសាងសង់រោងចក្រមានតម្លៃជាង៨ពាន់លានដុល្លារនៅក្នុងខេត្តគូម៉ាម៉ូតូ ហើយក្រុមហ៊ុន រ៉ាពីឌឹស ខប (Rapidus Corp) គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វីទំនើបមួយនៅកោះហុកកៃដូរបស់ជប៉ុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន២២% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើនសូន្យ ខណៈដែល៣%ទៀតបាននិយាយថា សេដ្ឋកិច្ចរបស់ជប៉ុននឹងធ្លាក់ចុះក្នុងកម្រិតមធ្យម ដោយ៥៤% បានព្រួយបារម្ភអំពីការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ហើយការធ្លាក់ចុះសេដ្ឋកិច្ចនៅបរទេស និងហានិភ័យភូមិសាស្ត្រនយោបាយដូចជាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ត្រូវបានលើកឡើងថា ជាកត្តាជំរុញឱ្យធ្លាក់ចុះសេដ្ឋកិច្ចជប៉ុនផងដែរ។ ទោះយ៉ាងណា មិនមានក្រុមហ៊ុនណាមួយរំពឹងថា សេដ្ឋកិច្ចរបស់ជប៉ុននឹងធ្លាក់ចុះនោះទេនៅឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានអំពាវនាវជារឿយៗសុំឱ្យក្រុមហ៊ុនអាជីវកម្មនានាផ្តល់ការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតឱ្យបានច្រើន ដើម្បីឱ្យពួកគេអាចទប់ទល់ និងប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលចេះតែកើនខ្ពស់។ ក្រុមហ៊ុន ដែលឆ្លើយសំណួរសរុបចំនួន៤៣% បាននិយាយថា ពួកគេកំពុងពិចារណា ឬរៀបចំផែនការដំឡើងប្រាក់ខែ ខណៈដែល៤៥%ទៀតបាននិយាយថា ពួកគេមិនទាន់សម្រេចចិត្តបែបនេះនៅឡើយទេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះនៅឆ្នាំនេះ ដោយសារកត្តាប្រឈមធំៗជាច្រើន

ព័ត៌មាន
អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៤ នឹងថយចុះដោយសារកត្តាប្រឈមធំៗជាច្រើ…

ពលរដ្ឋអាម៉េរិកចំណាយប្រាក់២២២ពាន់លានដុល្លារលើការទិញទំនិញតាមអនឡាញក្នុងរដូវវិស្សមកាល

ព័ត៌មាន
ពលរដ្ឋអាម៉េរិកបានចំណាយថវិកា២២២ពាន់លានដុល្លារ លើការទិញទំនិញតាមប្រព័ន្ធអនឡាញនៅក្នុងរដូវវិស្សមកាល ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗ មានការកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ