រដ្ឋបានចុះកិច្ចព្រមព្រៀងខ្ចីលុយបរទេសជិត៥០០លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

រដ្ឋបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីបរទេសជិត៥០០លានដុល្លារនៅត្រីមាសទី១ ដើម្បីអភិវឌ្ឍន៍លើវិស័យអាទិភាព


រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍បរទេសនានាសរុបជិត៥០០លានដុល្លារនៅត្រីមាសទី១ឆ្នាំ២០២៣ កើនឡើងជាង៥០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋបានចុះកិច្ចព្រមព្រៀងខ្ចីលុយបរទេសជិត៥០០លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីនេះ គឺដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព, ប្រសិទ្ធិភាព និងស័ក្ដិសិទ្ធិភាពបានរួមចំណែកជួយឲ្យកម្ពុជាអាចកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បម្រើឲ្យការអភិវឌ្ឍន៍វិស័យអាទិភាពនានានៅឆ្នាំនេះ។ ទោះបីសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលគំរាមកំហែងដោយសារសង្គ្រាមនៅអ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចនិងបញ្ហាអតិផរណាក៏ដោយ តែថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងអាចរក្សាបានកំណើនក្នុងរង្វង់ជាង ៥%នៅឆ្នាំនេះ។

ព្រឹត្តិបត្តិស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាជិត៥០០លានដុល្លារអាមេរិកសមមូលនឹងជាង៣៦០លានអេសដេអ៊ែរដែលទំហំនេះស្មើនឹងប្រមាណ២១,២៤% នៃពិដានដែលច្បាប់អនុញ្ញាត។ ទំហំឥណទានសម្បទានដែលរាជរដ្ឋាភិបាលទើបចុះកិច្ចព្រមព្រៀងនេះមានការកើនឡើង៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឥណទានទាំងនេះកម្ពុជាបានខ្ចីក្នុងក្របខណ្ឌទ្វេភាគីប្រមាណ៣៨% និងពហុភាគី៦៦%។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៣៨%។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ទៀតថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន ការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយចីរភាព, ប្រសិទ្ធិភាព និងស័ក្ដិសិទ្ធិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ក្នុងរយៈកាលជាងពីរទស្សវត្សរ៍កន្លងមកព្រមទាំងបានធ្វើឱ្យកម្ពុជាមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញប្បទានលើវិស័យអាទិភាពចំពោះមុខនានា សំដៅរួមចំណែកក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ និងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ - ២០២៣។

នាពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣នៅខេត្តកណ្តាលនាព្រឹកថ្ងៃទី២០ ខែមិថុនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញជំនឿយ៉ាងមុតមាំថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះនឹងមានកំណើនរង្វង់៥,៦% បើទោះបីសេដ្ឋកិច្ចកម្ពុជាបន្តយាយីដោយវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ កំណើននេះត្រូវបានថ្នាក់ដឹកនាំរូបនេះរំពឹងជំរុញមួយផ្នែកធំ ដោយសារភាពស៊ាំនៃសហគមន៍ទល់នឹងជំងឺឆ្លងកូវីដ-១៩ ការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម សេដ្ឋកិច្ចបានរហ័ស និងចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាលំនឹងជីវភាពប្រជាជននិងធានានូវស្ថិរភាពអាជីវកម្ម ស្របពេលស្ថានភាពអតិផរណាបន្តស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បានល្អជាដើម។

ព្រឹត្តិបត្តិស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញផងដែរថា សន្និធិបំណុលសាធារណៈសរុបរបស់កម្ពុជាមានទំហំជាង ១០,២៧ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២៣ ក្នុងនោះបំណុល១០,២៣ពាន់លានដុល្លារ ឬស្មើនឹង៩៩,៥៩% ជាបំណុលសាធារណៈបរទេស និងជាង៤២លានដុល្លារជាបំណុលសាធារណៈក្នុងស្រុក។ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចបានគូសបញ្ជាក់ថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាស្ថិតក្នុងស្ថានភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន ពោលគឺស្ថិតនៅក្នុងរង្វង់៤០% នៃផលិតផលក្នុងស្រុកសរុប៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី បោះមួយជំហានទៀតចូលក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈការបង្កើតធនាគារពាណិជ្ជធំមួយ

អ្នកឧកញ៉ា សៀ ឫទ្ធី ដែលគេស្គាល់ថា ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា បានបោះជើងមួយជំហានកាន់តែវែងឆ្ងាយចូលទៅក្នុងវិស័យធនាគារ និងហិរញ្…

អ្នកជំនាញធនាគារនិងហិរញ្ញវត្ថុបារម្ភការកើនឡើងអត្រាការប្រាក់កម្ចីនៅបរទេសធ្វើឲ្យបះពាល់វិស័យធនាគារនៅកម្ពុជា

អ្នកជំនាញធនាគារនិងហិរញ្ញវត្ថុបារម្ភការកើនឡើងអត្រាការប្រាក់កម្ចីនៅបរទេសធ្វើឲ្យបះពាល់វិស័យធនាគារនៅកម្ពុជា!! ទោះបីជាស្ថានភាពពិភពលោកមិនទាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ