ការដឹកជញ្ជូនទំនិញតាមព្រំដែន

តើការបិទការធ្វើដំណើរចេញចូលព្រំដែនកម្ពុជា-វៀតណាម ១ខែ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសពីរដែរឬទេ?


មន្ត្រីប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងអ្នកជំនាញវិស័យដឹកជញ្ជូននិងឡូជីស្ទិកអះអាងថា វិធានការបិទការធ្វើដំណើរចេញចូលរវាង​កម្ពុជា-វៀតណាម រយៈពេល១ខែ មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការដោះដូរ និងដឹកជញ្ជូនទំនិញនៅតាមព្រំដែននៃប្រទេសទាំងនោះទេ។ ទោះយ៉ាងណា មន្ត្រីរូបនេះសង្កេតឃើញថា សកម្មភាពដឹកជញ្ជូន និងដោះដូរទំនិញរវាងប្រទេសទាំងពីរនៅប៉ុន្មានថ្ងៃមកនេះ ហាក់មានការថយចុះខ្លះៗដែរ។ ការធ្លាក់ចុះនេះ ដោយសារមានរឹតត្បិតនៅតាមព្រំដែន ក្រោយប្រទេសទាំងពីរមានការឆ្លងជំងឺកូវីដ-១៩ រាតត្បាតខ្លាំង។
ការដឹកជញ្ជូនទំនិញនៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងបិញ) មានសភាពធម្មតា ទោះវៀតណាមដាក់មានការរឹតបន្តឹងខ្លាំង
ដោយ

លោក សែ ឈុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ខេត្តកណ្តាល) បានអះអាងប្រាប់ខេមបូណូមីសថា ការដឹកជញ្ជូន និងដោះដូរទំនិញនៅច្រកព្រំដែនជ្រៃធំ-ឡុងប៊ិញ ប្រព្រឹត្តទៅធម្មតា តាមបែបគន្លងថ្មី ដែលបានអនុវត្តអស់រយៈពេលជាច្រើនខែមកហើយ។ ដូច្នេះ វិធានការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-វៀតណាមរយៈពេល១ខែ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លោកជឿថា មិនបានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរវាងភាគីទាំងពីរនោះទេ។

យ៉ាងណាកដ៏ដោយចុះ ប្រធានច្រកទ្វារព្រំដែនរូបនេះ សង្កេតឃើញថា ចរន្តនៃការដោះដូរទំនិញ និងការដឹកជញ្ជូនទំនិញនៅច្រកទ្វារជ្រៃធំ-ឡុងប៊ិញ ហាក់មានការថមថយខ្លៗដែរ​នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការធ្លាក់ចុះនេះត្រូវបាន លោកកត់សម្គាល់ថា វាបានកើនឡើងក្រោយប្រទេសវៀតណាម ជាពិសេសទីក្រុងហូជីមិញ ដែលជាកន្លែងចែកចាយទំនិញដ៏ធំរបស់ប្រទេសនេះ មានការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខ្លាំង ដែលធ្វើឲ្យតំបន់មួយចំនួនត្រូវបានបិទខ្ទប់។ 

ជុំវិញការដាក់ចេញវិធានការផ្អាកការធ្វើដំណើរចេញចូលរវាងកម្ពុជា និងវៀតណាមនេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា​បានអះអាងដូចគ្នាថា វាមិនបានបង្កការរំខានដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្ងន់ធ្ងរនោះទេ ពោលគឺចរន្តដោះដូរ និងដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរនៅតែអាចប្រព្រឹត្តទៅធម្មតា គ្រាន់តែមានការរឹតត្បិតបន្តិចបន្តួចតែប៉ុណ្ណោះ។ ការរឹតត្បិតនេះ គឺបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បានចេញក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចផ្អាក​​ការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាវៀតណាមជាបណ្តោះអាសន្នរយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បើតាមលិខិតដែលក្រសួងការបរទេសផ្ញើទៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ការផ្អាកនេះ ធ្វើឡើងចំពោះកម្មករជំនាញ អ្នកបច្ចេកទេស និងបុគ្គលិកក្រុមហ៊ុននានា​របស់​វៀតណាម។ 

ប៉ុន្តែការផ្អាកនេះ ក៏មានការលើកលែងចំពោះអ្នកជំងឺ អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតបតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ និស្សិត និងសិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា ប្រទេសវៀតណាមថ្មីៗនេះ បានសម្រេចដាក់វិធានការបិទខ្ទប់លើទីក្រុងសំខាន់ៗរបស់ខ្លួនជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ រួមមានទីក្រុងហូជីមិញ និងហាណូយផងដែរ ខណៈដែលការឆ្លងកូវីដ-១៩នៅប្រទេសនេះ ក៏បានហក់ឡើងដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជា និងប្រទេសក្បែរខាងទាំងបី កំពុង​រង​ទុក្ខពីការរាតត្បាតកូវីដ-១៩​​យ៉ាងដូចម្ដេចខ្លះ?

ព័ត៌មាន
កូវីដ-១៩នៅតែបន្តអុកឡុក និងរាលដាលក្នុងចំនួនដ៏ច្រើនគួរឲ្យព្រួយបារម្ភមែនទែននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ដែលសុទ្ធសឹងជ…

ក្រសួងទេសចរណ៍ រំពឹងគម្រោងបើកទទួលភ្ញៀវទេសចរបរទេសចាក់បានវ៉ាក់សាំងរួច នឹងត្រូវ រាជរដ្ឋាភិបាលអនុម័តឆាប់ៗនេះ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាង គម្រោងបើកទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ត្រូវបានក្រសួងរៀបចំផែនការ និងទស្សនទានទេសចរណ៍រួចហើយ ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ