តុលាការធម្មនុញ្ញ

គណបក្សភឿថៃ ច្រានចោលដំណឹងបែកធ្លាយថា លោក ថាក់ស៊ីន លួចធ្វើកិច្ចសន្យា ជាមួយតុលាការធម្មនុញ្ញ


គណបក្សភឿថៃ នៅថ្ងៃទី ទី ១៦ ខែសីហា បានចេញមកច្រានចោល ចំពោះដំណឹងបែកធ្លាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើកិច្ចសន្យាដោយសម្ងាត់ ជាមួយចៅក្រមតុលាការធម្មនុញ្ញ ដើម្បីប្រើប្រាស់ឥទ្ធិពល លើសេចក្តីសម្រេច នាពេលខាងមុខ ក្នុងសំណុំរឿងរបស់នាយករដ្ឋមន្ត្រីថៃ ព្យួរតំណែង លោកស្រី ផែថងថាង ស៊ីណាវ៉ាត្រ ពាក់ព័ន្ធនឹងការធ្លាយសំឡេងនៃការសន្ទនារបស់លោកស្រីជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
តុលាការធម្មនុញ្ញ
ដោយ

ក្នុងពេលកន្លងមកនេះ មានមានការលេចធ្លាយព័ត៌មានថា លោក ថាក់ស៊ីន ជាឪពុករបស់លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ ព្យួរតំណែង បានធ្វើកិច្ចព្រមព្រៀងដោយសម្ងាត់មួយជាមួយនឹងតុលាការធម្មនុញ្ញថៃ ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់តុលាការនេះ ជុំវិញសំណុំរឿងនៃការលេចធ្លាយខ្សែអាត់សំឡេងសន្ទនារបស់លោកស្រី ផែថងថាន ជាមួយនឹងសម្រេចតេជោ ហ៊ុន សែន។

ប៉ុន្តែលោក ព្រំផង ណុបផារិត (Prompong Nopparit) អតីតអ្នកនាំពាក្យគណបក្សភឿថៃ កាលពីថ្ងៃទី ១៦ ខែសីហា បានចាត់ទុកព័ត៌មាននេះថា ជា «រឿងប្រឌិតគ្មានមូលដ្ឋាន» ដែលគេរៀបចំឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទាំងលោក ថាក់ស៊ីន និងលោកស្រី ផែថងថាន តែប៉ុណ្ណោះ ខណៈតុលាការត្រៀមនឹងចេញសាលក្រមក្នុងសំណុំរឿងនយោបាយដ៏រសើបចំនួនពីរករណីក្នុងខែសីហានេះ។

តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២២ ខែសីហា គ្រោងនឹងចេញសាលក្រមសម្រាប់សំណុំរឿងប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ប្រឆាំងលោក ថាក់ស៊ីន ដែលគេបានមើលឃើញយ៉ាងទូលំទូលាយថា ជាមេដឹកនាំគណបក្សភឿថៃ ដែលកំពុងក្ដោបក្ដាប់អំណាច។ ដោយឡែក នៅថ្ងៃទី២៩ ខែសីហា តុលាការធម្មនុញ្ញនឹងចេញដីកាមួយទៀត ដើម្បីសម្រេចថា តើលោកស្រី ផែថងថាន បានរំលោភក្រមសីលធម៌មែន ឬយ៉ាងណា ពាក់ព័ន្ធនឹងការលេចធ្លាយការសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន។

លោក ព្រំផង បាននិយាយថា ក្រុមប្រឆាំងកំពុងឆ្លៀតយកពេលវេលានេះ ដើម្បីបញ្ឆេះការមិនទុកចិត្តគ្នា និងការភាន់ច្រឡំកាន់តែខ្លាំងឡើង ដោយបន្ថែមថា ការទាញភ្ជាប់ចៅក្រមឱ្យចូលទៅក្នុងរឿងនយោបាយ ក៏អាចបំផ្លាញភាពជឿជាក់លើប្រព័ន្ធតុលាការផងដែរ។

ដំណឹងបែកធ្លាយថា លោកថាក់ស៊ីន និងតុលាការធម្មនុញ្ញថៃ មានការចរចាចុះកិច្ចព្រៀងដោយសម្ងាត់នោះ បានផ្ទុះឡើង នៅក្រោយពេលដែល ចៅក្រមតុលាការធម្មនុញ្ញ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា រយៈពេល ៧ថ្ងៃ កាលពីដើមខែសីហា ដោយមានការរំពឹងថា ជាពេលវេលា​ដែលក្រុមលោកថាក់ស៊ីន ឈ្លៀតឱកាសបានជួបចរចាជាមួយនឹងចៅក្រមទាំងនោះ។ ប៉ុន្ដែ មានមតិខ្លះរួមទាំងអតីតសមាជិកសភាថៃផង បានអះអាងថា ដំណើរទស្សនកិច្ចរបស់ចៅក្រមតុលាការទៅឥណ្ឌា គឺជាកម្មវិធីសិក្សាផ្លូវការតែប៉ុណ្ណោះ ហើយគ្មានការចរចាណាមួយកើនឡើងនោះទេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សភាថៃ បោះឆ្នោតអនុម័តកញ្ចប់ថវិកាជាតិ ១១៧ ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលកំពុងដុនដាប

កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា សភាជាន់ទាបរបស់ប្រទេសថៃ បានអនុម័តកញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណ ១១៧ ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំសារ…

លោក ដូណាល់ ត្រាំ ប្រាប់លោក ហ្សេឡិនស្គី ថា លោក ពូទីន ចង់បានទឹកដីអ៊ុយក្រែន បន្ថែមទៀត ហើយឱ្យប្រញាប់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា ថា អ៊ុយក្រែន គួរតែប្រញាប់ឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ