សេដ្ឋកិច្ចថៃ

ធនាគារនៅថៃបន្ដដំឡើងអត្រាប្រាក់បន្ថែម នឹងបង្កផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសនេះដែរឬទេ?


ធនាគារពាណិជ្ជធំៗក្នុងប្រទេសថៃបានប្រញាប់ប្រញាល់ដំឡើងអត្រាការប្រាក់ជាការឆ្លើយតបទៅនឹងការដំឡើងអត្រាការប្រាក់គោលដល់ទៅពីរលើកជាប់ៗគ្នារបស់ធនាគារកណ្តាលថៃ។ បញ្ហានេះកំពុងបង្កការព្រួយបារម្ភថា អាជីវកម្ម និងពលរដ្ឋអ្នកប្រើប្រាស់ទូទៅនឹងត្រូវបង្កើនការចំណាយខ្ពស់ជាងមុនសម្រាប់អត្រាការប្រាក់ខ្ពស់ ស្របពេលដែលសេដ្ឋកិច្ចថៃនៅតែស្ថិតក្នុងដំណាក់កាលងើបចេញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩នៅឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ថៃបាងកកបុស្តិ៍។
សេដ្ឋកិច្ចថៃជួបការលំបាកថែមទៀតពេលបន្តធនាគារដំឡើងអត្រាការប្រាក់!

ធនាគារបាងកក ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេក្នុងប្រទេស បានដំឡើងអត្រាការប្រាក់កម្ចីរបស់ខ្លួនពី ០,៣% ទៅ ០,៤%បន្ថែមទៀត ខណៈធនាគារនេះ ក៏បានបង្កើនអត្រាប្រាក់បញ្ញើរបស់ខ្លួនផងដែរពី ០,១៥% ទៅ០,៥%ផងដែរ កាលពីចុងខែកញ្ញា។ ការដំឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានការជូនដំណឹងរបស់​ធនាគារកណ្តាលថៃ​​ស្តីពីការដំឡើងអត្រាការប្រាក់គោល។

ដោយឡែក ធនាគារកសិកន (Kasikorn Bank) នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេច​ដំឡើង​អត្រាការប្រាក់កម្ចី 0,២៥%បន្ថែម ខណៈធនាគារផ្សេងៗទៀតត្រូវបានគេរំពឹងថា នឹងអនុវត្តការដំឡើងអត្រាការប្រាក់នេះដូចគ្នាដែរ។

គួររំឭកថា ធនាគារកណ្តាលថៃ បានបង្កើនអត្រាការប្រាក់​គោល​របស់ខ្លួនចំនួន២លើករួចមកហើយ ដើម្បីទប់ទល់នឹង​អតិផរណា។ ក្នុងនោះ កាលពីខែសីហាធនាគារកណ្តាលថៃ​បាន​ដំឡើង ០,២៥% រីឯនៅចុងខែកញ្ញាថ្មីៗ​នេះ​បានសម្រេច​ដំឡើង ០,២៥%ទៀត។ ទោះយ៉ាងណា ធនាគារកណ្តាល មិនអនុញ្ញាត​ឱ្យ​ធនាគារពាណិជ្ជ ដំឡើងអត្រាការ​ប្រាក់ច្រើន​ពេក ឬលឿនពេក ភ្លាមៗនោះទេ។

ដោយសារសេដ្ឋកិច្ចថៃ​កំពុងជួបការលំបាក រដ្ឋាភិបាល​ក្រុងបាងកក បានស្នើសុំ​កិច្ចសហប្រតិបត្តិការពីធនាគារមួយចំនួន​ដែលគ្រប់គ្រង​ដោយរដ្ឋ រួមមាន​ធនាគារក្រុងថេប ធនាគារសន្សំប្រាក់របស់រដ្ឋាភិបាល ធនាគារកសិកម្មថៃ និងធនាគារមួយចំនួនទៀត ដើម្បីរក្សាអត្រាការប្រាក់របស់ពួកគេឱ្យនៅដដែលសិនរហូតដល់ចុងឆ្នាំ២០២២ ក្នុងគោលបំណងជួយកាត់បន្ថយផលប៉ះពាល់លើសហគ្រាសធុនតូច និងមធ្យម និងក្រុមពលរដ្ឋងាយរងគ្រោះ។

ទោះយ៉ាងណា ការបន្តដំឡើងអត្រាការប្រាក់ពីធនាគារកណ្តាល ធនាគាររដ្ឋ ធនាគារពាណិជ្ជក្នុងប្រទេសថៃ មិនថាតិច ឬច្រើន រយៈពេលខ្លី ឬវែងនោះទេ​ គឺសុទ្ធតែ​បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមវិស័យធុរកិច្ច ដោយសារការកើនឡើងនៃការចំណាយរបស់ពួលគេ អាចប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ចទាំងមូល ស្របពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់ងើបចេះពីវិបត្តិបានពេញលេញនៅឡើយ ក្រោយរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ។ លើសនេះសេដ្ឋកិច្ចថៃ​ត្រូវប្រឈម​មុខនឹងហានិភ័យកើតឡើងច្រើនទៀត​នាពេលខាងមុខ ជាពិសេស គឺប្រាក់បាតចុះថោក ឱនភាពពាណិជ្ជកម្ម​កាន់តែធំ និងបំណុល​គ្រួសាររីកប៉ោង។

លោក​ ក្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ មានប្រសាសន៍ថា វិស័យឧស្សាហកម្ម​នឹងត្រូវចំណាយ​ខ្ពស់​ជាងមុន ហើយវានឹងពិតជា​មានផលប៉ះពាល់អវិជ្ជមាន​ដល់ប្រតិបត្តិការ និងប្រាក់ចំណេញ​របស់ពួកគេ។

គួរជម្រាបថា សេដ្ឋកិច្ចថៃបាន​កើនឡើង ២,៤% នៅក្នុងឆមាសទីមួយ​ឆ្នាំ២០២២។ កំណើននេះក៏ដោយសារតែ ​ថៃ​ទាញបានប្រយោជន៍ច្រើន ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយ តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសជាលក្ខណៈកញ្ចប់ទេសចរណ៍ (Thailand Sandbox)។

អាជ្ញាធរ​ទេសចរណ៍​ថៃ រំពឹង​ថា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ពី ៧ ទៅ ១០ លាន​នាក់​នៅក្នុង​ឆ្នាំ​នេះ។ ទោះជាយ៉ាងណា ចំនួននេះ នៅតែទាបជាងចំនួន​ភ្ញៀវទេសចរចំនួន ៣៩ លាននាក់ ដែលថៃធ្លាប់ទទួលបានកាលពីឆ្នាំ២០១៩ មុនពេលប្រទេសនេះត្រូវរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩៕




អត្ថបទបន្ទាប់


ការទូទាត់តាម KHQR ជាមួយអេស៊ីលីដាម៉ូបាលមានមុខងារពិសេសមួយដែលអ្នកគួរដឹង!

ព័ត៌មាន
តើលោកអ្នកដឹងទេ អេប អេស៊ីលីដាម៉ូបាល ដែលលោកអ្នកកំពុងប្រើប្រាស់សព្វថ្ងៃ មានមុខងារពិសេសមួយសម្រាប់ ទូទាត់ប្រាក់បានភ្លាមៗ ទាំងផ្ទាល់ខ្លួន ឬអា…

ការស៊ើបអង្កេតរបស់ស៊ុយអែតបង្ហាញថា ការលេចធ្លាយបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអឺរ៉ុប កើតចេញពីការបំផ្ទុះ

ព័ត៌មាន
សេវាសន្តិសុខរបស់ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃទី ៦ខែតុលាថា ការស៊ើបអង្កេតលើករណីលេចធ្លាយបំពង់បង្ហូរឧស្ម័ន ណដស្ទ្រីមទី១ និងទី២ (Nord Str…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ