បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ តម្លៃភាគហ៊ុន និងតម្លៃមាសបានធ្លាក់ចុះមួយរំពេច ក្រោយលោក ដូណាល់ ត្រាំ ព្រមានថា អាម៉េរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងក្នុងរយៈពេលពីពីរទៅបីសប្តាហ៍ខាងមុខ ខណៈតម្លៃប្រេង និងប្រាក់ដុល្លារបានហក់ឡើង។ តម្លៃភាគហ៊ុននៅទីផ្សារអាម៉េរិកនៅព្រឹកថ្ងៃទី២ ខែមេសា បានធ្លាក់ចុះ០,៦៧% ខណៈតម្លៃភាគហ៊ុននៅអឺរ៉ុបធ្លាក់ចុះ០,១% និងនៅជប៉ុនបានធ្លាក់ចុះ០,៧៥%។ ជាមួយគ្នានេះតម្លៃមាស ក៏បានរអិលធ្លាក់១,៣%មកនៅត្រឹម៥,៦៣០ដុល្លារក្នុង១តម្លឹង។
ដោយឡែកសារព័ត៌មាន CNBC វិញបានរាយការណ៍ថា ទីផ្សារប្រេងឆៅបានឡើងពី៤%ទៅ៥%ឈានដល់លើស១០៥ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលប្រាក់ដុល្លារអាម៉េរិកបានហក់ឡើងប្រមាណ០,២៥%បើធៀបនឹងប្រាក់អឺរ៉ូ។
លោក កាហ្សូណូរិ តាតេបេ (Kazunori Tatebe) អ្នកយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន Daiwa Asset Management បានលើកឡើងថា ការដែលលោក ត្រាំ មិនបានបញ្ជាក់ច្បាស់ពីពេលវេលា នៃការបញ្ចប់សង្គ្រាមបានធ្វើឱ្យវិនិយោគិនស្ថិតក្នុងភាពមន្ទិលសង្ស័យ និងមិនហ៊ានសម្រេចចិត្តវិនិយោគទាំងប្រថុយប្រថាន ដែលជាហេតុធ្វើឱ្យទីផ្សារភាគហ៊ុនពិបាកនឹងងើបឡើងវិញ។
ជាមួយគ្នានេះ លោក ចច អេហ្វស្តាថូពូឡូស (George Efstathopoulos) អ្នកគ្រប់គ្រងផលប័ត្រនៅក្រុមហ៊ុន Fidelity International បានអះអាងថា ស្ថានភាពទីផ្សារភាគហ៊ុន ប្រេង និងមាស តែងតែវិវត្តទៅតាមភាពប្រែប្រួល នៃគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក៕
ដោយៈ សរ សុជាតិ