
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានរិះគន់ប្រធានាធនាគារកណ្ដាលអាម៉េរិកលោក ជើរ៉ូម ផៅវែល (Jerome Powell) ជាបន្តបន្ទាប់កាលពីសប្ដាហ៍កន្លងទៅ ហើយកំពុងវាយតម្លៃថា តើលោកអាចបណ្តេញលោក ជើរ៉ូម ចេញពីតំណែងបានដែរ ឬយ៉ាងណា ដែលចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ឯករាជភាពរបស់ធនាគារកណ្ដាលអាម៉េរិក និងធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ។
ជាលទ្ធផល S&P 500 ដែលជាសន្ទស្សន៍ផ្សារហ៊ុននៃក្រុមហ៊ុនឈានមុខគេទាំង៥០០ របស់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះ០,៦៤% ហើយផ្សារហ៊ុនអាម៉េរិកមួយទៀតគឺ Nasdaq បានធ្លាក់ចុះ០,៥៣%។ ហើយនៅអាស៊ីឯណេះវិញ សន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះ១% ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនកូរ៉េខាងត្បូងហាក់មានស្ថិរភាពល្អ។
គួរឱ្យរំឭកថា សង្គ្រាមពន្ធគយដែលបញ្ឆេះឡើងដោយលោក ដូណាល់ ត្រាំ បានធ្វើឱ្យកក្រើកទីផ្សារពិភពលោករួចទៅហើយ ដែលនាំឱ្យបណ្ដាអ្នកវិនិយោគសម្រុកលក់ចេញសញ្ញាប័ណ្ណ ឬមូលបត្របំណុល និងប្រាក់ដុល្លារ។ ហើយការរិះគន់របស់លោក ដូណាល់ ត្រាំ ចំពោះធនាគារកណ្ដាលអាម៉េរិកជាសាធារណៈបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត ដែលធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃ ខណៈប្រាក់អឺរ៉ូ និងប្រាក់យ៉េន របស់ជប៉ុនហក់ឡើងថ្លៃ។
ទន្ទឹមនឹងនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃដល់កម្រិតកំណត់ត្រាថ្មី គឺ៣,៣២៨ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,០៥៨ដុល្លារអាម៉េរិកក្នុងមួយតម្លឹងនៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥៕
ដោយ: តែម សុខុម