វិស័យការពារជាតិ

តើកម្ពុជា ត្រូវសម្រួចយុទ្ធសាស្ត្រស្នូលបែបណា ដើម្បីពង្រឹងអធិបតេយ្យភាព និងទប់ទល់នឹងមហិច្ឆតាឈ្លានពានពីខាងក្រៅ?


ក្រុមអ្នកជំនាញ និងអ្នកតាមដានភូមិសាស្ត្រនយោបាយបានលើកឡើងថា កម្ពុជា មិនមានពេលច្រើនឡើយក្នុងការប្រែក្លាយខ្លួនឱ្យទៅជាប្រទេសដែលមានឥទ្ធិពល និងរឹងមាំ។ ការធ្វើកំណែទម្រង់គ្រប់វិស័យប្រកបដោយប្រសិទ្ធភាព គឺជាសោរចម្បងក្នុងការឆ្លើយតបទៅនឹងការឈ្លានពានពីសត្រូវទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលពង្រឹងវិស័យការពារជាតិ តាមរយៈទំនើបកម្មសព្វាវុធ ការរឹតចំណងមេត្រីភាពអន្តរជាតិ និងការបង្កើនសាមគ្គីភាពជាតិ តាមរយៈយុត្តិធម៌សង្គម ដើម្បីចៀសវាងកុំឱ្យប្រទេសជិតខាងយកកម្ពុជា ធ្វើជាឈ្នាន់នយោបាយបន្តទៀត។
វិស័យការពារជាតិ
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា នៅពេលដែលប្រទេសថៃ កំពុងជួបវិបត្តិនយោបាយផ្ទៃក្នុង ពួកគេតែងតែយកបញ្ហាព្រំដែនជាមួយកម្ពុជា ធ្វើជាឈ្នាន់​ដើម្បីបង្វែរដាន និងកេងចំណេញផលប្រយោជន៍នយោបាយ។ ដើម្បីឱ្យកម្ពុជាចៀសផុតពីបញ្ហានេះ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ត្រូវតែកែទម្រង់ឱ្យបានស៊ីជម្រៅជុំវិញវិស័យការពារជាតិ ជាពិសេសប្រព័ន្ធការពារដែនអាកាស និងត្រូវបង្កើនសមត្ថភាពកងទ័ពជើងគោក ជើងទឹក និងអាកាសឱ្យកាន់តែទំនើប។ លើសពីនេះត្រូវធ្វើកំណែទម្រង់គ្រប់វិស័យ និងពង្រីងយុត្តិធម៌សង្គម ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដែលជាខែលការពារដ៏រឹងមាំបំផុតក្នុងការប្រឆាំងនឹងការប្រមាថពីជាតិសាសន៍ដទៃ។

​ស្រដៀងគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា កម្ពុជា ត្រូវតែសម្រួចចំណុចស្នូលឱ្យបានឆាប់បំផុត ដើម្បីចៀសវាងប្រទេសជិតខាងយកធ្វើជាឈ្នាន់នយោបាយបន្តទៀត តាមរយៈជំរុញការកសាងភាពធន់ផ្ទៃក្នុង រួមមាន សេដ្ឋកិច្ច និងសាមគ្គីភាពជាតិ។ បន្ថែមលើនេះត្រូវពង្រឹងវិស័យការពារជាតិ និងពង្រីកការចងសម្ពន្ធមិត្តជាមួយបរទេសឱ្យបានច្រើន ក៏ជារឿងចាំបាច់សម្រាប់កម្ពុជា ត្រូវធ្វើផងដែរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មិនអាចកសាងខ្លួនឱ្យមានភាពខ្លាំងទេ នោះកម្ពុជានឹងក្លាយជាទីលានសម្រាប់ការប្រកួតអំណាចគ្នារបស់ប្រទេសដទៃ ដែលអាចប្រឈមនឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ។

​ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា កម្ពុជា គួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីឱ្យពិភពលោកដឹងឮ និងទទួលស្គាល់នូវអំពើឈ្លានពានរបស់ថៃ រួមទាំងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ ផងដែរ។ លោក ក៏បានលើកទឹកចិត្តឱ្យមានចលនា​ពហិការផលិតផលថៃ ឱ្យកាន់តែខ្លាំងក្លា និងជំរុញឱ្យកម្ពុជាពិចារណាចូលរួមក្នុងប្លុកសេដ្ឋកិច្ចថ្មីៗដូចជា ក្រុមប្រទេស BRICS ដើម្បីពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងការពារអធិបតេយ្យភាព។

​គួរបញ្ជាក់ថា វៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា កំពុងរៀបចំផែនការធ្វើកំណែទម្រង់រដ្ឋបាលស៊ីជម្រៅបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ តាមរយៈការរំលាយក្រសួង ទីភ្នាក់ងាររដ្ឋាភិបាល និងស្ថានីយទូរទស្សន៍រដ្ឋ ដើម្បីកាត់បន្ថយបុគ្គលិករដ្ឋចំនួន២០% នៅត្រឹមឆ្នាំ២០៣០ ក៏ដូចជាដើម្បីជំរុញសេដ្ឋកិច្ច លើកកម្ពស់ប្រសិទ្ធភាព និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការអនុម័តគម្រោងវិនិយោគ ដើម្បីឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រកឃើញហើយ! ម្ចាស់រង្វាន់ iPhone 17 Pro Max ដំបូងគេបង្អស់ក្នុងប្រម៉ូសិនប្រើប្រាស់ LOLC KHQR ជាមធ្យោបាយទទួលការទូទាត់ពីអតិថិជន!

ការទន្ទឹងរង់ចាំបានមកដល់ហើយ! កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កន្លងទៅ អិលអូអិលស៊ី បានប្រកាសអំពីប្រម៉ូសិនចែកជូនរង្វាន់ទូរស័ព្ទ iPhone 17 …

តើមានកត្តាអ្វីជួយជំរុញឱ្យម៉ាឡេស៊ី ក្លាយជាអ្នកវិនិយោគធំទី២ របស់កម្ពុជា បន្ទាប់ពីចិន?

ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងម៉ាឡេស៊ី មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ស្របពេលដែលម៉ាឡេស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ