កម្ពុជានឹងគ្មានការបិទខ្ទប់ទីក្រុងទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ «កម្ពុជានឹងគ្មានការបិទខ្ទប់ទីក្រុង និងបណ្ដាផ្សារដូចមុនទៀតនោះទេ»


បើទោះបីជា ករណីឆ្លងកូវីដ១៩អូមីក្រុង កំពុងបន្ដកើនឡើងក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសអះអាងថា សម្តេច នឹងមិនបញ្ជាឲ្យបិទខ្ទប់ក្រុងភ្នំពេញ និងបណ្ដាផ្សារនានា ដូចអ្វីដែលបានធ្វើកាលពីមុននោះទេ។ មិនបន្ដបិទខ្ទប់ដូចពីមុន ព្រោះសម្តេច អះអាងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងក្នុងចំនួនច្រើន ហើយអត្រាអ្នកស្លាប់ដោយសារកូវីដ១៩ ក៏បានថយចុះដែរនៅមួយរយៈចុងក្រោយនេះ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រូបភាព៖ SPM Page

ទោះយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្ដ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ កុំបោះបង់​វិធានការការពារខ្លួនឲ្យសោះ ពោលគឺ ត្រូវតែ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់គ្នាៗ។

សម្តេច តេជោ ហ៊ុន សែននៅថ្ងៃអង្គារ ទី២២ កុម្ភៈនេះ  បានបញ្ជាក់ថា កម្ពុជាមិនទាន់មានការចាំបាច់អ្វី ត្រូវធ្វើការបិទខ្ទប់រាជធានីភ្នំពេញ ឬតាមបណ្ដាផ្សារនានាដូចពីមុននោះទេ ដ្បិតថា ប្រជាជនកម្ពុជាភាគច្រើន បានចាក់វ៉ាក់សាំងរួចរាល់អស់ហើយ ហើយកម្ពុជាក៏កំពុងបន្ដចាក់ដូសជំរុញផងដែរ ប៉ុន្ដែ ការពឹងផ្អែកតែលើវ៉ាក់សាំងមួយមុខក៏មិនមែនជារឿងល្អក្នុងការទប់ស្កាត់កូវីដ១៩ ពោលគឺ វាក៏ត្រូវមានការចូលរួមឲ្យបានខ្ជាប់ខ្ជួនពីប្រជាពលរដ្ឋទាំងអស់គ្នាតាមរយៈការអនុវត្តវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកលក់ថ្នាំទាំងអស់នៅអំឡុងពេលកូវីដ១៩រីករាលដាលនេះ សូមកុំឆ្លៀតឱកាសលក់ថ្នាំដំឡើងថ្លៃ ហើយក្រសួងសុខាភិបាលត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់អំពីគុណភាពថ្នាំដែលបានលក់ទាំងនោះ តើសុទ្ធ ឬមិនសុទ្ធ? ព្រោះបច្ចុប្បន្ន ស្របពេលដែលតម្រូវការថ្នាំកើនឡើងខ្ពស់ ក៏មានជនឆ្លៀតឱកាសលក់ថ្នាំក្លែងក្លាយច្រើនផងដែរ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី កម្ពុជាបច្ចុប្បន្ន ត្រូវការបង្កើនការនាំចូលថ្នាំបន្ថែមទៀត ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។

សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ថ្មីៗនេះបានព្រមានថា ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជា អាចនឹងកើនដល់តួលេខ ៤ខ្ទង់ក្នុងមួយថ្ងៃ នៅពេលឆាប់ៗមុខនេះ ប្រសិនបើប្រជាពលរដ្ឋមិនមានការប្រុងប្រយ័ត្នក្នុងការពារខ្លួន។

យ៉ាងណាមិញ នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជាមានរាប់រយនាក់ក្នុងមួយថ្ងៃ និងសុទ្ធសឹងជាប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង។ តួយ៉ាង នៅថ្ងៃទី ២២ ខែកុម្ភៈ កម្ពុជាប្រកាសរកឃើញអ្នកឆ្លងថ្មីជិត៦០០នាក់ និងមានអ្នកស្លាប់ថ្មី២នាក់បន្ថែមទៀត នាំឲ្យករណីឆ្លងសរុបបានកើនដល់ជាង១២ម៉ឺន៧ពាន់នាក់ និងអ្នកស្លាប់សរុប ជាង៣ពាន់នាក់។

ដោយឡែក សម្រាប់ការចាក់វ៉ាក់សាំងនៅកម្ពុជាវិញ គិតមកទល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ៩០%ហើយ នៃចំនួនប្រជាជនសរុប១៦លាននាក់ ហើយកម្ពុជាក៏ទើបតែប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅផងដែរ៕




អត្ថបទបន្ទាប់


Pleng ប្រកាសបេក្ខភាពសិល្បករ និងសិល្បការិនី ដែលត្រូវបានជ្រើសរើសសម្រាប់ Pleng Music Awards 2022 ដែលជាពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា

ព័ត៌មាន
កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងរៀបចំដោ…

ស្រីលង្ការនឹងបើកទ្វារពិភាក្សាជាមួយ IMF ខណៈស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនកាន់តែអាក្រក់ទៅៗ

ព័ត៌មាន
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្ការបាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស្រីលង្កានឹងបើកទ្វារសម្រាប់ការពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ