អ្នកវិនិយោគ

គម្រោងជាប់គាំង និងមិនជាប់គាំងក្នុងខេត្តព្រះសីហនុ ចំនួន១៤ ដែលមានទុនវិនិយោគជាង៧៣០លានដុល្លារ ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល


គម្រោងវិនិយោគ និងធុរកិច្ច ដែលជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និងមិនជាប់គាំងចំនួន១៤ នៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគជាង៧៣០លានដុល្លារ ទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយពីរាជរដ្ឋាភិបាលកម្ពុជា។ គិតមកទល់ពេលនេះ មានគម្រោងវិនិយោគ និងធុរកិច្ចចំនួន៤១ហើយ ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ខណៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បាននិងកំពុងពិនិត្យលើសំណើរស្នើសុំការលើកទឹករបស់គម្រោង និងធុរកិច្ចជាង៣០បន្ថែមទៀតនាពេលខាងមុខ។
អ្នកវិនិយោគ
ដោយ

​​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោង និងធុរកិច្ចចំនួន១៤គម្រោង ដែលមានទុនវិនិយោគប្រមាណ៧៣៧លានដុល្លារ បន្ទាប់ពីម្ចាស់គម្រោង និងធុរកិច្ចទាំងនោះដាក់ពាក្យស្នើសុំការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងចំណោមគម្រោងទាំងនេះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន៧គម្រោង និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៦ ដែលអាចដំណើរការបានភ្លាមក្នុងឆ្នាំ២០២៤ និងគម្រោងពង្រីកចំនួន១។ គម្រោងទាំងនេះរួមមានគម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម ដែលគ្រប់គ្រងដោយម្ចាស់ជាជនជាតិខ្មែរ និងបរទេស។

បើតាមការគូសបញ្ជាក់របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍​ពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចបានចំនួន៤១គម្រោង ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារនឹងពិនិត្យលើការស្នើសុំការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន២៣បន្ថែមទៀត។ ការពិនិត្យ និងផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាល មានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤ ដោយផ្តោតលើគម្រោង៣ប្រភេទ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ២០២៤ និងការពង្រីកគម្រោង ឬសកម្មភាពធុរកិច្ច។ លើសពីនេះ ការលើកទឹកចិត្ត និងការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និងមធ្យមផងដែរ។

ជាមួយនេះ សហគ្រាស ឬគម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និងការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋដូចជាទឹក ភ្លើង និងផ្លូវតាមលក្ខណៈភូមិសាស្រ្ត និងលទ្ធភាពរបស់រដ្ឋ និងវិស័យឯកជនផងដែរ។ បន្ថែមលើនេះ ម្ចាស់គម្រោង ក្រុមហ៊ុន និងសហគ្រាសផ្សេងៗក៏អាចស្នើសុំការលើកទឹកចិត្តនេះផងដែរ៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យខេត្តកំពង់ស្ពឺ នៅតែជួបបញ្ហាខ្វះកម្លាំងពលកម្មជាង៤ពាន់នាក់ មកទល់ពេលនេះ?

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ បានអះអាងថា មកទល់ពេលនេះខេត្តកំពង់ស្ពឺ នៅតែជួបប្រទះនឹងបញ្ហាខ្វះកម្លាំងពលកម្មប្រមាណជាង៤ពាន់នាក់ ដើម្បីបម្រើការងារ…

តើហេតុអ្វីបានជា IMF ហ៊ានព្យាករព្រមានកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិននឹងកាន់តែថមថយទៅៗយ៉ាងដូច្នេះ?

ហេតុអ្វីបានជា IMF ហ៊ានព្យាករព្រមានកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិននឹងកាន់តែថមថយទៅៗយ៉ាងដូច្នេះ? ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ