អធិការបតីអាល្លឺម៉ង់ទៅទស្សនកិច្ចនៅវៀតណាម!

ហេតុផលនៅពីក្រោយអធិការបតីអាល្លឺម៉ង់ធ្វើដំណើរទស្សនកិច្ចនៅវៀតណាម មុននឹងឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលG20នៅបាលី


អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអាទិត្យ ទី ១៣ វិច្ឆិកា បានធ្វើដំណើរទស្សនកិច្ចទៅរដ្ឋធានីហានូយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាងមួយទសវត្សរ៍នៃមេដឹកនាំអាល្លឺម៉ង់ ដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ដើម្បីពិភាក្សាអំពីទំនាក់ទំនងវិស័យថាមពល និងពាណិជ្ជកម្ម ក្រោយពីមើលឃើញពីទំនោររោងចក្រផលិតកាន់តែច្រើនបានរើផលិតកម្មចេញពីប្រទេសចិន មកកាន់ប្រទេសវៀតណាម រួមទាំងក្រុមហ៊ុនផលិតរបស់អាល្លឺម៉ង់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំ។
ហេតុផលនៅពីក្រោយអធិការបតីអាល្លឺម៉ង់ធ្វើដំណើរទស្សនកិច្ចនៅវៀតណាម មុននឹងឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលG20នៅបាលី

វាមិនមែនជារឿងចៃដន្យនោះឡើយដែលលោក អូឡាហ្វ ស៊ុលស៍ (Olaf Scholz) បានឈៀងធ្វើដំណើររបស់ខ្លួននៅក្នុងប្រទេសវៀងណាម មុននឹងបន្តទៅចូលរួមកិច្ចប្រជុំកំពូល G20 ដោយបានសរបង្ហាញយ៉ាងច្បាស់ថា វៀតណាមបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ស្របពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនកំពុងពិចារណាធ្វើពិពិធកម្មប្រតិបត្តិការផលិតកម្មរបស់ពួកគេក្នុងប្រទេសវៀតណាមបន្ថែមទៀត ដោយពង្រីកវត្តមានរបស់ខ្លួនឱ្យហួសពីដែនសេដ្ឋកិច្ចនៃប្រទេសចិនដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ក្នុងតំបន់អាស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជីញ, លោក អូឡាហ្វ ស៊ុល អធិការបតីអាល្លឺម៉ង់បាននិយាយថា៖ «ទីក្រុងប៊ែរឡាំងចង់បានទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយវៀតណាម ហើយនឹងគាំទ្រការផ្លាស់ប្តូររបស់ប្រទេសទាំងពីរទៅកាន់សេដ្ឋកិច្ចបៃតង រួមទាំងតាមរយៈការពង្រីកប្រព័ន្ធរថភ្លើងក្រោមដី នៅទីក្រុងហាណូយ ដែលជារដ្ឋធានីរបស់ប្រទេសវៀតណាមផងដែរ»។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានប្រាប់ទៅកាន់ភាគីអាល្លឺម៉ង់វិញថា៖ «ទំនាក់ទំនងរវាងវៀតណាម និងអាល្លឺម៉ង់បានបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់នៅអាស៊ីអាគ្នេយ៍។

ជាមួយគ្នានោះ នាយរដ្ឋមន្ត្រីវៀតណាមរូបនេះបានប្រកាសថា «ទីភ្នាក់ងាររដ្ឋនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនបី ស្តីពីវិស័យការពារជាតិ ថាមពល និងការផ្លាស់ប្តូរការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដោយលោកបន្តថា នេះជាភស្តុតាងដែលបង្ហាញថា ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់កាន់តែស៊ីជម្រៅ និងស្អិតល្មួតជាងមុន។

សូមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅទីក្រុងហាណូយនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Scholz ទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ដែលត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចលើកដំបូងដូចគ្នា នៃប្រទេសទាំងពីរចាប់តាំងពីការរីករាតត្បាតនៃជំងឺកូវីដ១៩។ ហើយលោកក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីទៀត មុននឹងបន្តទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកាខាងមុខ។

មែនទែនទៅ វៀតណាម និងសិង្ហបុរីគឺជាប្រទេសតែពីរគត់នៅអាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ ជាលទ្ធផល ប្រទេសសមាជិកអាស៊ានទាំងពីរនេះក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ផងដែរ។

បើយោងតាមក្រុមហ៊ុនច្បាប់ Dezan Shira បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមក្នុងចំណោមរដ្ឋសហភាពអឺរ៉ុបបន្ទាប់ពីប្រទេសហូឡង់ ជាមួយនឹងការដោះដូរពាណិជ្ជកម្មមានទំហំជាទឹកប្រាក់ជិត៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្ដែ វានៅមានតិចណាស់ បើគេធៀបនឹងទំហំពាណិជ្ជកម្មរបស់វៀតណាមមានជាមួយសហរដ្ឋអាមេរិក ចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។

យោងតាមសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅវៀតណាម AHK ក្រុមហ៊ុនអាល្លឺម៉ង់ប្រហែល៥០០ ដែលប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ក្នុងនោះមានក្រុមហ៊ុនរោងចក្រឧស្សាហកម្ម ៨០ កំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាម។ ក្នុងចំណោមនោះក៏មានដែរ ក្រុមហ៊ុនវិស្វកម្មយក្ស Bosch ក្រុមហ៊ុនថាមពល Messer និងក្រុមហ៊ុនតូចៗជាច្រើនដែលពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តពិភពលោក៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃសុំឱ្យក្រុមហ៊ុនអាជីវកម្មកាត់បន្ថយប្រើប្រាស់អគ្គិសនី ខណៈក្រុមមេដឹកនាំទៅដល់ប្រទេសនេះសម្រាប់កិច្ចប្រជុំAPEC

ព័ត៌មាន
ក្រុមមេដឹកនាំពិភពលោកអាចនឹងឃើញទីក្រុងបាងកកមានសភាពងងឹតជាងពេលធម្មតានៅពេលពួកគេបានទៅដល់ប្រទេសនេះ សម្រាប់កិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិប…

ជំនួបត្រីភាគីរវាងមេដឹកនាំអាមេរិកជប៉ុន និងកូរ៉េខាងត្បូង នៅកម្ពុជា បានជជែកស៊ីជម្រៅលើបញ្ហារសើប និងបញ្ហាក្ដៅអ្វីខ្លះ?

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យទី១៣ វិច្ឆិកា បានព្រមព្រៀងគ្នាចាត់វិធានការ ជាដំណោះស្រាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ