គេធ្លាប់ឃើញចំណតវៃឆ្លាតដែលប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ នៅប្រទេសជឿនលឿនមួយចំនួន ប៉ុន្តែ បច្ចុប្បន្ន និស្សិតខ្មែរបានយកគំនិតច្នៃប្រឌិតបច្ចេកវិទ្យាទាំងនេះ មកបង្ហាញក្នុងការតាំងពិព័រណ៍មួយនៅភ្នំពេញ។
លោក សោម សីហា តំណាងក្រុមនិស្សិតទាំង៤នាក់ បានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា ចំណតនេះមានឈ្មោះថា៖ «ប្រព័ន្ធចំណតរថយន្ត Rotary ដោយប្រើប្រាស់ RFID Card» ដែលក្រុមលោកបានបញ្ចូលប្រព័ន្ធទំនើបជាខួរក្បាលបញ្ជា ដែលមានលទ្ធភាពទុកដាក់ឡានស្វ័យប្រវត្តិដោយម្ចាស់ឡាន គ្រាន់តែប្រើប្រាស់កាតអេឡិចត្រូនិកមួយប៉ុណ្ណោះ។
លោក សោម សីហា ដែលជានិស្សិតមហាវិទ្យាល័យអេឡិចត្រូនិក បានថ្លែងថា៖ «ចំណតរថយន្តនេះ វាជាប្រព័ន្ធទំនើបមួយ ដែលយើងបានបញ្ចូលកម្មវិធីស្វ័យប្រវត្តិជាខួរក្បាលរបស់វា ដែលវាអាចចេះទុកដាក់ឡានដោយខ្លួនឯង ដោយមិនចាំបាច់ប្រើសន្តិសុខស៊ីញ៉ូនោះទេ។ វាចំណេញច្រើនណាស់ ដូចជា អាចកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះយើងប្រើទីធ្លាតូចតែអាចដាក់រថយន្តបានច្រើន»។
បើតាមលោក សោម សីហា ចំណតប្រភេទនេះ គឺអាចដាក់រថយន្តប្រភេទតូចៗ មានទម្ងន់២,៥តោនប៉ុណ្ណោះ ដោយក្នុងមួយចំណតអាចផ្ទុករថយន្តបានចំនួន២៤គ្រឿង។
សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ បញ្ហាកង្វះចំណតកំពុងក្លាយជាប្រធានបទក្តៅ ដែលមហាជនកំពុងជជែកគ្នា ខណៈដែលអាជ្ញាធរកំពុងចេញយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋយកចិញ្ចើមផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ។
គម្រោងចំណតរបស់ក្រុមនិស្សិតខាងលើ គឺគ្រាន់តែជាគំនិតផ្តួចផ្តើមប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើចំណតទំនើបនេះ ត្រូវបានគេប្រើប្រាស់ច្រើននៅភ្នំពេញ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយចំណែកធំ។
បើតាមលោក សោម សីហា គម្រោងនេះគឺជាប្រធានបទបញ្ចប់សារណាថ្នាក់បរិញ្ញាបត្រ ដោយបានចំណាយពេលស្រាវជ្រាវជាង១ខែ និងចំណាយទឹកប្រាក់អស់២៣០ដុល្លារ លើការទិញឧបករណ៍។
បច្ចុប្បន្ន ប្រព័ន្ធចំណតរថយន្ត Rotary នេះ ស្ថិតនៅជាគំនិតនៅឡើយ ដោយមិនទាន់មានក្រុមហ៊ុន ឬវិនិយោគិនណា យកគំនិតរបស់និស្សិតមួយក្រុម ទៅបង្កើតជាចំណតរថយន្តបែបនេះសម្រាប់ការចតរថយន្តនៅទីណាមួយ នៅឡើយទេ៕