លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅអំឡុងថ្ងៃទី៩ និងទី១០ ខែមីនា ខាងមុខនេះ នឹងមានក្រុមហ៊ុនជប៉ុន ប្រមាណ២០ក្រុមហ៊ុនចុះមកសិក្សា និងធ្វើធុរកិច្ច និងសិក្សាលទ្ធភាពទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារផ្សេងៗទៀត។ យ៉ាងណាមិញ អ្នកជំនាញរូបនេះបារម្ភថា សកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបច្ចុប្បន្នអាចនឹងពុំមានលទ្ធភាពឆ្លើយតបគ្រប់គ្រាន់តាមចំនួនដែលក្រុមហ៊ុនចង់បាននោះទេ។ ក្រៅពីក្រុមហ៊ុនជប៉ុន ប្រធានសមាគមរូបនេះបានគូសបញ្ជាក់ថា ក្រោយពិធីបុណ្យចូលឆ្នាំចិនរួច ក៏នឹងមានក្រុមហ៊ុនចិន ជាច្រើនទៀតចុះមកកម្ពុជា ដើម្បីស្វែងរកការបញ្ជាទិញសម្បកគ្រាប់ស្វាយចន្ទី សម្រាប់យកទៅកែច្នៃចម្រាញ់ជាប្រេងផងដែរ។
ពាក់ព័ន្ធនឹងស្ថានភាពផលដាំដុះវិញ លោក អួន ស៊ីឡុត បានប៉ាន់ប្រមាណថា មកទល់ពេលនេះការប្រមូលផលគ្រាប់ស្វាយចន្ទីទើបសម្រេចបានប្រមាណ៥% ប៉ុណ្ណោះ ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណា តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅដើមរដូវឆ្នាំ ២០២៦ នេះ ហាក់មានស្ថិរភាពល្អប្រសើរ ដោយកសិករអាចលក់បានក្នុងតម្លៃប្រមាណ ៦,២៥០រៀលក្នុងមួយគីឡូក្រាម។
យោងតាមទិន្នន័យឆ្នាំ២០២៥ កម្ពុជា មានរោងចក្រសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីជាង៥០ កន្លែង ប៉ុន្តែក្នុងនោះមានតែ៦កន្លែងប៉ុណ្ណោះជារោងចក្រខ្នាតមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧,០០០តោនទៅ១៤០,០០០តោនក្នុងមួយឆ្នាំ ខណៈសហគ្រាសជាង៤០ទៀតជាសិប្បកម្មលក្ខណៈគ្រួសារ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១,២ លានតោន និងបាននាំចេញទៅទីផ្សារអន្តរជាតិ ក្នុងតម្លៃទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារកើនឡើង២៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង ៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា