ប្រទេសឥណ្ឌូនេស៊ី

តម្លៃទំនិញឡើងថ្លៃខ្ពស់ ជំរុញឲ្យឥណ្ឌូនេស៊ីសម្រេចបានអតិរេកគណនីចរន្ដជាង ១៣ពាន់លានដុល្លារនៅឆ្នាំ២០២២


ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ សម្រេចបាននូវទំហំអតិរេកគណនីចរន្ដសរុបជាង ១៣ពាន់លានដុល្លារនៅឆ្នាំ២០២២ ដែលមានស្មើនឹង ១% នៃទំហំផលិតផលក្នុងស្រុកសរុប។ អ្វីទៅជា អតិរេកគណនីចរន្ដ? វាគឺសម្ដៅលើទំហំនៃការនាំចេញ និងការទូទាត់ចូលរបស់ប្រទេសមួយ ដែលមានច្រើនជាងការនាំចូល និងការទូទាត់ចេញទៅក្រៅប្រទេស។
ឥណ្ឌូនេស៊ីសម្រេចបានអតិរេកគណនីចរន្ដជាង ១៣ពាន់លានដុល្លារនៅឆ្នាំ២០២២

យ៉ាងណាមិញ ការសម្រេចបាននូវអតិរេកគណនីចរន្ដខ្ពស់របស់ឥណ្ឌូនេស៊ីកាលពីឆ្នាំមុននេះ គឺដោយសារតែប្រទេសសម្បូរទៅដោយធនធានមួយនេះ ទទួលបានប្រយោជន៍ខ្លាំងមែនទែនពី ការឡើងថ្លៃទំនិញនៅលើទីផ្សារអន្តរជាតិ ដែលធ្វើឲ្យតម្លៃនៃការនាំចេញក៏មានកំណើនខ្ពស់ទៅតាមនោះដែរ។ នេះបើតាមការអះអាងរបស់ធនាគារកណ្ដាលរបស់ឥណ្ឌូនេស៊ី ដែលបានបញ្ជាក់នៅក្នុងសារព័ត៌មានជប៉ុន Nikkei។

អតិរេកគណនីចរន្ដ ដែលសម្ដៅលើទំហំនៃការនាំចេញ និងការទូទាត់ចូលរបស់ប្រទេសឥណ្ឌូនេស៊ី មានច្រើនជាងការនាំចូល និងការទូទាត់ចេញទៅក្រៅប្រទេសនោះ គឺដល់ទៅជាង១៣ពាន់លានដុល្លារ ហើយវាជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាន រាប់តាំងពីឆ្នាំ២០០៩មក បើគេគិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមទិន្នន័យពីធនាគារពិភពលោក។

ធនាគារកណ្ដាលរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់នៅថ្ងៃទី ២០ ខែកុម្ភៈថា កំណើនអតិរេកគណនីចរន្ដរបស់ឥណ្ឌូនេស៊ី នេះ គឺមានការគាំទ្រដ៏ធំ ដោយកំណើននៃការនាំចេញ ស្របតាមកំណើនតម្លៃទំនិញសកល និងតម្រូវការសម្រាប់ទំនិញឥណ្ឌូនេស៊ី ដែលនៅតែមានភាពល្អប្រសើរ ចំពេលការនាំចូលមានការកើនឡើងស្របតាមភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងស្រុក។

អតិរេកគណនីចរន្ដរបស់ឥណ្ឌូនេស៊ី ក៏បានជួយឲ្យរូបិយបណ្ណរូពៀរបស់ខ្លួនរក្សាបានស្ថិរភាពរឹងមាំ ធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីឆ្នាំមុន។ នៅពេញមួយឆ្នាំ២០២២ ប្រទេសបងធំសេដ្ឋកិច្ចនៅអាស៊ានមួយនេះ សម្រេចបានការនាំចេញទំនិញក្នុងតម្លៃសរុបប្រមាណ ២៩២ពាន់លានដុល្លារ ជាទំហំទឹកប្រាក់នាំចេញប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយជាលទ្ធផលអតិរេកពាណិជ្ជកម្មសម្រេចបានដល់ជាង៥៤ពាន់លានដុល្លារ ដែលជាកំណើនខ្ពស់បំបែកកំណត់ត្រាផងដែរ។

ឥណ្ឌូនេស៊ី ជាប្រទេសនាំចេញដូងប្រេង និងធ្យូងថ្មកម្ដៅដ៏ធំបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃផលិតផលសំណប៉ាហាំង ទង់ដែង កៅស៊ូ និងថ្មីនីកែល នៅក្នុងចំណោមទំនិញសំខាន់ៗជាច្រើនទៀត។

ទន្ទឹមគ្នានេះ កាលពីឆ្នាំ២០២២ សមតុល្យទូទាត់របស់ប្រទេសឥណ្ឌូនេស៊ី គឺមានប្រមាណ ៤ពាន់លានដុល្លារ ទាបជាង ជាង១៣ពាន់លានដុល្លារ ដែលធ្លាប់មានកាលពីឆ្នាំ២០២១។

ទោះយ៉ាងណា សេដ្ឋវិទូប្រចាំធនាគារកណ្ដាលអាស៊ី (BCA) លោក David Sumual បាននិយាយថា អតិរេកគណនីចរន្ដរបស់ឥណ្ឌូនេស៊ី ដែលសម្រេចបានកាលពីឆ្នាំមុន នឹងមិនអាចបន្ដមកដល់ឆ្នាំនោះទេ ខណៈដែលតម្លៃទំនិញបច្ចុប្បន្នហាក់មានការថមថយចុះមកវិញហើយ នៅរយៈពេល២ ទៅ៣ខែចុងក្រោយនេះ។

សេដ្ឋវិទូរូបនេះ បានព្យាករទៀតថា គណនីចរន្ដឥណ្ឌូនេស៊ីនៅឆ្នាំនេះ អាចនឹងមានឱននភាពក្នុងរង្វង់ ០,៥% នៃ GDPផងដែរ៕




អត្ថបទបន្ទាប់


តើអង់គ្លេសអាចនឹងផ្តល់ប្រយោជន៍ច្រើនកម្រិតណា ប្រសិនអាចចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP បានសម្រេច?

ព័ត៌មាន
អង់គ្លេសបានបង្ហាញពីឆន្ទៈក្នុងការចូលក្នុងកិច្ចព្រមព្រៀង CPTPP កាន់តែខ្លាំងក្រោយពីប្រទេសនេះ បានចាកចេញពីសហភាពអឺរ៉ុប។ ក្រុមអ្នកជំនាញជឿថា ការច…

ក្រុមហ៊ុនវិនិយោគ Axiata Group Berhad បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍប្រទេសក្នុងដំណើរទស្សនកិច្ចកម្ពុជា

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាភិបាល Axiata Group លោក Tan Sri Shahril Ridza Ridzuan និងនាយកប្រតិបត្តិស្តីទីរួម លោកបណ្ឌិត Hans Wijayasuriya បានអះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ