ក្នុងអំឡុងពេលចុះពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់នេះសម្រេចបានប្រមាណ៧៦% ហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ខែសីហា ខាងមុខនេះ។ បើតាមការអះអាងរបស់ សម្តេចធិបតី គម្រោងនេះមានតម្លៃរហូតដល់៤០០លានដុល្លារឯណោះ ដោយថ្លៃជាងការស្ថាបនាផ្លូវថ្នល់ធម្មតាទៅទៀត។ សម្តេចធិបតី បានចាត់ទុកប្រព័ន្ធធារាសាស្ត្រនេះ គឺជាប្រឡាយប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដោយសារវាសាងសង់ឡើងដោយក្រាលបេតុង។
គោលបំណងនៃការកសាងគម្រោងនេះ គឺដើម្បីរំដោះ និងពង្វាងការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដីខណ្ឌដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល និងកំពង់ស្ពឺ ដែលជាប់នឹងស្ទឹងព្រែកត្នោត ដែលតំបន់ទាំងនេះតែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។ សម្តេចធិបតីរំពឹងថា ក្រោយគម្រោងបញ្ចប់ការសាងសង់ វានឹងជួយរំដោះតំបន់គ្រោះថ្នាក់ដោយជន់លិចប្រមាណជាង៣០ម៉ឺនហិកតា និងក្លាយជាប្រព័ន្ធស្រោចស្រពសម្រាប់បម្រើឱ្យវិស័យកសិកម្មបានប្រមាណជាង៥០ម៉ឺនហិកតាផងដែរ។
សូមជម្រាបថា គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបនេះ ត្រូវអនុវត្តជា៣ជំហាន ដោយបច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ ហើយគិតមកទល់ពេលនេះគម្រោងនេះសម្រេចបានការសាងសង់ប្រមាណ៧៦% ហើយផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ