ស្ត្រីពោរពេញដោយសមត្ថភាពក្នុងប្រទេសចិន

Li Ying ស្ត្រីដៃស្ដាំរបស់មហាសេដ្ឋី Jack Ma ដែលពោរពេញដោយសមត្ថភាព តែមិនសូវចេញមុខ


Li Ying ជាស្ត្រីដៃស្ដាំរបស់មហាសេដ្ឋីចិន Jack Ma ត្រូវបានគេចាត់ទុកថា ជាស្ត្រីដែលពោរពេញដោយសមត្ថភាព និងជាសេដ្ឋីនីមួយរូបផងដែរ នៅក្នុងប្រទេសចិន ប៉ុន្ដែ នាងហាក់មិនសូវចេញមុខចេញមាត់នៅលើបណ្ដាញព័ត៌មានធំៗរបស់ពិភពលោកនោះទេ។ នៅក្នុងប្រទេសចិន អ្នកនាង Li Ying ជារឿយៗត្រូវបានគេឲ្យរហ័សនាមថា «Warren Buffett នៃប្រទេសចិន» ដែលសម្ដៅលើសមត្ថភាពនៃការគិតលើការវិនិយោគរបស់នាង។ តាមរយៈសារព័ត៌មាន South China Morning Post ខេមបូណូមីស សូមស្រង់យកប្រវត្តិត្រួសៗរបស់នាង Li Ying មកចែករំលែកមិត្តអ្នកអានដូចតទៅនេះ។
Li Ying ស្ត្រីដៃស្ដាំរបស់មហាសេដ្ឋី Jack Ma ដែលពោរពេញដោយសមត្ថភាព តែមិនសូវចេញមុខ (រូបភាព៖ SCMP)

អ្នកនាង Li មិនត្រឹមតែ​ត្រូវបាន​គេស្គាល់ថា ជា​ស្ត្រី ដែលពោរពេញដោយ​សមត្ថភាព​ ចំណេះដឹង ក្នុងការបំពេញ​ការងារ និងជំនួញនោះទេ ប៉ុន្ដែ នាង​ក៏ត្រូវបាន​គេចាត់ទុកថា ជា​ស្ត្រី​​មួយរូប​ក្នុងចំណោម ស្ត្រីនៅលីវ ដែលមាន​មាន​ភាពទាក់ទាញបំផុត​ក្នុងប្រទេសចិន​​ ទាំងរូបសម្រស់ និងទ្រព្យសម្បត្តិ។

នៅឆ្នាំ២០១០ នៅក្នុង​វ័យ ២៩​ឆ្នាំ នាងនាង Li Ying ត្រូវបាន​មហាសេដ្ឋី Jack Ma និយាយ​អូសទាញ​នាង​ដល់ទៅ​ ៣លើក ដើម្បី​ឲ្យ​ដើរចេញ​ Silicon Valley មក​បើក​ក្រុមហ៊ុន Yunfeng Capital ដែលជា​ក្រុមហ៊ុន​​មូលនិធិ​ទុន​ឯកជន​របស់​លោក។ ក្រុមហ៊ុននេះ ផ្ដោតលើ​ការ​វិនិយោគ​បច្ចេកវិទ្យា​កម្រិតខ្ពស់​ និង​សហគ្រាស​ថាមពល។ ក្រោយមក អ្នកនាង Li បាន​សម្រេចចិត្ត​យល់ព្រម​ចូលរួម​ជាមួយលោក Jack Ma ដោយ​ធ្វើ​ជា​សហស្ថាបនិក​ក្រុមហ៊ុន Yungfeng Capital ដោយមានរូបនាង ​លោក Jack Ma និង​លោក David Yu។

ស្ថិតលើ​ទំនួល​ខុសត្រូវ​លើការគ្រប់គ្រង​លុយ​រាប់រយ​ពាន់លាន​​​របស់​ក្រុមហ៊ុន​ បានធ្វើ​អ្នកនាង​ Li បានកំពុង​​ប្រជែង​តំណែង​ស្ត្រីមានជាងគេ​បង្អស់​នៅក្នុង​ប្រទេសចិន ​ជាមួយនឹង​អ្នកស្រី Yang Huiyan ដែល​ជា​អ្នកអភិវឌ្ឍ​ន៍អចលនទ្រព្យ​ដ៏ល្បី​។

បើទោះបីជា ទ្រព្យ​សម្បត្តិ​របស់អ្នកនាង Li Ying មិនត្រូវបាន​បើក​បង្ហាញ​ក៏ដោយ ប៉ុន្ដែ តាមការរាយការណ៍​របស់​ព័ត៌មានចិន បាន​ប៉ាន់ប្រមាណថា ទ្រព្យ​សម្បត្តិ​​សរុប​របស់នាង​អាច​មានដល់​ជាង ១,៤ ពាន់លាន​ដុល្លារអាមេរិក។

មិនសូវជាមាន​ព័ត៌មាន​ចុះផ្សាយ​ច្រើន​ពីសហស្ថាបនិក​របស់​លោក Jack Ma រូបនេះ​នោះទេ ប៉ុន្ដែអ្នកនាង ត្រូវបានគេដឹងថា មានវ័យ​ ៣៩​ឆ្នាំ និងនៅលីវ​នៅឡើយ ហើយនាងក៏​ជាអ្នកនិយម​ប្រើប្រាស់​​រថយន្ដ​ទំនើបៗ ដូចជា Bentley, Mercerdes-Maybach និង Rolls-Royce ជាដើម។

អ្នកនាង​ Li ត្រូវបាន​គេដឹងថា បាន​ធំដឹងក្ដីឡើង​នៅក្នុង​ក្រុង​ស៊ិនជិន ប្រទេសចិន រហូតដល់​ឆ្នាំទី២ នៃ​មធ្យម​សិក្សា នាង​ត្រូវបាន​ឪពុកម្ដាយ ឲ្យ​បន្ដ​ការសិក្សា​នៅសហរដ្ឋ​អាមេរិក។ ដំបូងឡើយ នាង​មិនពេញចិត្ត​នឹង​គំនិត​នេះទេ ព្រោះមិនចង់​រើទៅរស់នៅ​​ឆ្ងាយពីផ្ទះ ប៉ុន្ដែ បន្ទាប់ពី​បាន​ព្រមព្រៀង​ជាមួយ​ឪពុកម្ដាយ​របស់នាង ដើម្បីរៀន​ផ្លោះ​ថ្នាក់ (មធ្យមសិក្សា) នាងក៏បាន​យល់ព្រម​ទៅរៀន​នៅអាមេរិក។

នាងពិតជាមានសមត្ថភាពលេចធ្លោ​​ជាង​មិត្ត​ភ័ក្ដិ​​​ក្នុងការ​ដាក់ពាក្យ​ទៅរៀន​នៅក្រៅប្រទេសនោះ ដោយ​នាង​ត្រូវបាន​វិទ្យាស្ថាន MIT, សាកលវិទ្យាល័យ Yale និង​​ Stanford​ ទទួលយកឲ្យ​ចូលរៀន ខណៈដែលកាលនោះ នាង​មាន​វ័យ​ត្រឹមតែ ១៧ឆ្នាំ។ នាង​បាន​ជ្រើសរើស​រៀន​នៅ​វិទ្យាស្ថាន MIT ហើយបាន​បញ្ចប់​ការសិក្សា​ត្រឹមតែរយៈពេល​៣ឆ្នាំ។ នៅគ្រានោះ នាង​មានវ័យ​២០ ឆ្នាំ នាង​ទទួលបាន​​បរិញ្ញាបត្រ​វិទ្យា​សាស្ត្រ​កុំព្យូទ័រ និង​បរិញ្ញាបត្រ​ផ្នែកសេដ្ឋកិច្ច និង​ថ្នាក់​អនុបណ្ឌិត ផ្នែកវិស្វករ​អេឡិចត្រូនិក និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ។

អ្នកនាង Li Ying

ការងារ​ដំបូង​របស់អ្នកនាង Li​ គឺធ្វើការ​នៅ​ក្រុមហ៊ុន Mckinsey & Company ជាកន្លែង​ដែល​នាង​កាន់​ផ្នែក​គ្រប់គ្រង​ការប្រឹក្សាយោបល់​នៅក្នុង Silicon Valley។ នៅរយៈពេល ១៣ ឆ្នាំក្រោយមក នាង​បាន​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​កំពូលវិនិយោគ Wall Street ដូចជា Ikano, UT និង KPCB ។

ក្រោយមក នៅពេល​ដែល​លោក Jack Ma បាន​ដឹង​ពី​ទេពកោសល្យ និងសមត្ថភាព​របស់នាង រួមទាំង​ការសិក្សា និង​បទពិសោធន៍​ធ្វើការងារផងនោះ លោក Jack Ma បាន​និយាយ​អូសទាញនាង​ឲ្យ​ចូលរួម​ជាមួយក្រុមហ៊ុន​របស់​លោក ក្នុងការ​បង្កើត​នូវ​ក្រុមហ៊ុនថ្មី Yunfeng Capital។ ប៉ុន្ដែ មុននឹង​អាច​បញ្ចុះបញ្ជូល​នាងបាន លោក Ma ក៏​ចំណាយ​ពេល ៣លើកផងដែរ។

អ្នកនាង Li Ying

អ្នកនាង Li ត្រូវបាន​តែងតាំង​នាយក​គ្រប់គ្រង​ទូទៅ នៃ​អគ្គនាយក​ក្រុមប្រឹក្សាភិបាល និងទទួលខុសត្រូវ លើការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា និងថាមពល​ថ្មីៗ។ ភាពជោគជ័យ​របស់នាង​ បានធ្វើ​ឲ្យ​មូលនិធិ​ដំបូង​នៃក្រុមហ៊ុន Yunfeng Capital កើនដល់​១០ពាន់លាន​យ័ន។ ទោះយ៉ាងណា បើតាម​ការរាយការណ៍​របស់សារព័ត៌មាន នាង​បានឈប់​ពីក្រុមហ៊ុននេះ កាលពីឆ្នាំមុន ហើយ​បាន​ចាប់ផ្ដើម​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​វិញ។ យើងនឹងរង់ចាំមើលថា តើ​នាង​នឹងធ្វើអ្វី​ជាសមិទ្ធផល​លេចធ្លោ​បន្ថែមទៀត ក្នុង​ជីវិត​ជំនួញ​របស់នាង?

អ្នកនាង Li ត្រូវបាន​គេដឹងថា តែងតែ​ដាក់ខ្លួន​ មិនសូវ​ចេញមុខមាត់ទេ ហើយ​ដោយសារតែ​រូបសម្រស់ និង​ចំណេះដឹង​របស់នាង នាងតែង​តែធ្វើ​ឲ្យមាន​ការភ្ញាក់ផ្អើល​ នៅពេលដែល​បាន​បង្ហាញ​ខ្លួន​ជាសាធារណៈ​លើកដំបូង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម សម្រេចលុបចោលប្រាក់កម្ចី ៣៩០លានដុល្លារ ពីធនាគារ ADB

ព័ត៌មាន
រដ្ឋាភិបាល​វៀតណាមបានសម្រេចចិត្តលុបចោលប្រាក់កម្ចី ៣៩០លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ខណៈដែលប្រាក់កម្ចីនេះ គឺសម្រាប់…

គម្រោងបូម​ប្រេង​​នៅសមុទ្រ​កម្ពុជា​ឈានដល់ការ​តម្លើងក្បាលអណ្ដូងហើយ... រំពឹងតំណក់ប្រេងដំបូងនៅចុងឆ្នាំនេះ!

ព័ត៌មាន
ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ប្រកាសឲ្យ​ដឹង​នៅថ្ងៃទី២៦ ខែសីហានេះ ថា ការកសាងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្ម (Mini-Platform) សម្រាប់​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ