![កម្មករកម្មការិនីរោងចក្រនាំគ្នាថតរូប selfie ជាមួយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ សីហា នៅក្នុងពិធីមួយនៅកោះពេជ្រ។ រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី](https://cdn.cambonomist.com/media/images/workers-with-pm-fb01.2e16d0ba.fill-960x540.jpg)
ការចុះសួរសុខទុក្ខដល់កន្លែងធ្វើការនេះ គឺបន្ថែមពីលើកាលវិភាគជួបសំណេះសំណាល រៀងរាល់ថ្ងៃអាទិត្យ។ នេះបើតាមសំណេរមួយ ចុះផ្សាយនៅថ្ងៃទី២០ ខែសីហា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ការចុះសួរសុខទុក្ខដោយផ្ទាល់ដល់កន្លែងធ្វើការនេះ ត្រូវគេមើលឃើញថា ជាការផ្ដល់ឱកាសដល់កម្មករកម្មការិនីបានជម្រាបជូនប្រមុខដឹកនាំរដ្ឋាភិបាលដោយផ្ទាល់អំពីកង្វល់នានា ទាក់ទងនឹងលក្ខខណ្ឌការងារ ជាដើម ដែលកន្លងមក គេសង្កេតឃើញមានការផ្ទុះការតវ៉ាពីក្រុមកម្មករកម្មការិនីនៅតាមរោងចក្រមួយចំនួនតូច ដែលមិនគោរពលក្ខខណ្ឌការងារ។
ប៉ុន្តែ ទោះយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួននៃការធ្វើកូដកម្ម ឬបាតុកម្មហាក់មានការថយចុះច្រើន នៅក្នុងវិស័យរោងចក្រកាត់ដេរ មួយផ្នែកគឺដោយសាររដ្ឋាភិបាល តាមរយៈក្រសួងការងារ បានបង្កើតឲ្យមានយន្តការចម្រុះភាគីចរចាការដំឡើងប្រាក់ឈ្នួលអប្បបរមារៀងរាល់ឆ្នាំ។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជា ផ្ដល់ការងារដោយផ្ទាល់ដល់ប្រជាជនប្រមាណ ៨សែននាក់ ដែលភាគច្រើនជាកម្លាំងប្រជាជនវ័យក្មេងដែលចំណាកស្រុកពីទីជនបទមកធ្វើការងារនៅទីក្រុងភ្នំពេញ ហើយប្រាក់ចំណូលពីវិស័យនេះ បានជួយដល់ជីវភាពគ្រួសារជនបទបានច្រើនគួរឲ្យកត់សម្គាល់៕