ធនាគារអេស៊ីលីដា ប្រាក់ចំណេញជិត ៨៤លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ធនាគារអេស៊ីលីដា ប្រាក់ចំណេញជិត ៨៤លានដុល្លារនៅឆមាសទី១ឆ្នាំនេះ កើនជាង២លានដុល្លារ


ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ និងរងឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងសង្គ្រាមនៅអ៊យក្រែនក៏ដោយ ប៉ុន្ដែប្រតិបត្តិការរបស់ធនាគារអេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅតែដំណើរយ៉ាងរឹងមាំ។ ជាក់ស្តែង នៅឆមាសទី១ឆ្នាំនេះ ធនាគារខ្មែរពាណិជ្ជកម្មដ៏ធំមួយនេះ ទទួលបានប្រាក់ចំណេញជិត៨៤លានដុល្លារកើនជាង២លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រាក់ចំណេញនេះ ត្រូវបានជំរុញដោយការកើនឡើងប្រាក់ចំណូលសុទ្ធ ចំណូលកម្រៃ និងជើងសា និងចំណូលផ្សេងៗទៀត។
ធនាគារអេស៊ីលីដា
ដោយ

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រេចបានប្រាក់ចំណេញជិត៨៤លានដុល្លារនៅឆមាសទី១ឆ្នាំ២០២២ កើនឡើង២លាន៤សែនដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ បើគិតក្នុងត្រីមាសទី២ឆ្នាំនេះ ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធទទួលបានប្រាក់ចំណេញជាង ៤៨លានដុល្លារ មានការកើនឡើងជាង១១លានដុល្លារ ឬស្មើនឹងកំណើន ៣០% បើធៀបនឹងត្រីមាសទី២កាលបីឆ្នាំ២០២១។

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាគារអេស៊ីលីដារូបនេះ ការកើនឡើងប្រាក់ចំណេញ ទាំងដែលកម្ពុជាកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ និងរងឥទ្ធិពលពិភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅអ៊ុយក្រែនយ៉ាងដូច្នេះ គឺដោយសារការកើនឡើងនូវចំណូលការប្រាក់សុទ្ធ ចំណូលកម្រៃ និងជើងសាសុទ្ធ និងចំណូលផ្សេងៗ ខណៈចំណាយពីការខាតបង់ឱនភាពនៃតម្លៃសុទ្ធមានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

លោកស្រី ម៉ារ អមរា បានគូសបញ្ជាក់ទៀតថា ដើម្បីជួយជំរុញកំណើនប្រាក់ចំណេញ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរ ធនាគារ អេស៊ីលីដា បាន និងកំពុងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធចម្រុះឲ្យកាន់តែទូលំទូលាយសម្រាប់ផ្តល់ជាជម្រើសដ៏សម្បូរបែប ដើម្បីអភិវឌ្ឍបន្តិចម្តងៗទៅជាមជ្ឈមណ្ឌល ដែលអាចឲ្យអតិថិជនធ្វើស្វ័យប្រតិបត្តិការដោយខ្លួនឯង។

តាមរយៈការអភិវឌ្ឍប្រតិបត្តិការ និងសេវាកម្មឌីជីថលឥតឈប់ឈររបស់ខ្លួន ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ រំពឹងថា នឹងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ១៧០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដែលនឹងលើសពីផែនការដែលបានគ្រោងទុក និងលើសពីប្រាក់ចំណេញដែលសម្រេចបាននៅក្នុងឆ្នាំ២០២១។ ជាមួយគ្នានេះ ដើម្បីចូលរួមគាំទ្រការរីកលូតលាស់អាជីវកម្មរបស់អតិថិជន ធនាគារ អេស៊ីលីដា បានបញ្ចុះអត្រាការប្រាក់លើការស្នើសុំឥណទានថ្មីគ្រប់ប្រភេទ និងដោយកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់អាចដាក់សំណើសុំឥណទានតាមរយៈ អេស៊ីលីដាម៉ូបាល។ ជាលទ្ធផល សមតុល្យឥណទានដុលសរុបនៅត្រីមាសទី២ ឆ្នាំ២០២២ មានការកើនឡើងចំនួន ៥៧៤លានដុល្លារអាមេរិក ស្មើនឹង ១០,៥៧% ធៀបនឹងដំណាច់ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ារ អមរា។

លោកស្រី បានគូសបញ្ជាក់បន្ថែមថា៖«ការបង្កើនភាពងាយស្រួលដល់អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាពអ៊ិនធើណែត គឺជាចំណុចដែលធនាគារ អេស៊ីលីដា ផ្ដោតការយកចិត្តទុកដាក់បំផុត។ ដើម្បីសម្រេចនូវវឌ្ឍនភាពគោលដៅដ៏រឹងមាំទាំងនេះ ធនាគារនឹងបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ ពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងពង្រីកនិងកែលម្អដំណើរការអាជីវកម្ម»។

ជាយុទ្ធសាស្ត្រ ធនាគារកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ដែលអាចឲ្យដៃគូទាំងក្នុង និងក្រៅប្រទេសអាចភ្ជាប់ប្រព័ន្ធនេះ ដើម្បីបម្រើអតិថិជនទៅវិញទៅមក និងឆ្លងព្រំដែន។ ប្រព័ន្ធនេះមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អតិថិជនដ៏ឆ្លាតវៃរបស់ អេស៊ីលីដា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដៃគូអាជីវកម្មរបស់ពួកគេផងដែរ។ សម្រាប់លោកស្រី អតិថិជន និងដៃគូអាជីវកម្មទាំងអស់គឺជាបណ្ដាញតភ្ជាប់ដ៏មានសារសំខាន់សម្រាប់ពង្រីកសេវាកម្មរបស់ធនាគារ និងរីកចម្រើនជាមួយគ្នា។

KHQR ផ្តល់នូវភាពងាយស្រួលជាងមុនជូនដល់អ្នកប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិករបស់កម្មវិធីបាគង (Bakong App) ។

សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹម អេស៊ីលីដា ចំនួន១,៧២លានប័ណ្ណជូនដល់អតិថិជន។ បន្ថែមលើនេះ អេស៊ីលីដាម៉ូបាល បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង២,៦០លាននាក់ នៅដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច៕




អត្ថបទបន្ទាប់


កម្ពុជានៅតែត្រូវការនាំចូលស៊ីម៉ងត៍ប្រមាណ៣លានតោនក្នុងមួយឆ្នាំ ខណៈការផលិតក្នុងស្រុកមិនគ្រប់តម្រូវការ

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ ដែលអាចផលិតស៊ីម៉ងត៍បាន ៩លានតោនប៉ុនញនោះក្នុងមួយឆ្នាំ ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក…

ក្រុមហ៊ុនធានារ៉ាប់រងនៅកូរ៉េខាងត្បូងប្រឈមសងសំណង់ធ្ងន់ក ក្រោយក្រុងសេអ៊ូលលិចលង់ដោយជំនន់ទឹកភ្លៀង

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវគេរំពឹងថានឹងប្រឈមមុខជាមួយការទាមទារសំណងសម្រាប់ថ្លៃខូចខាតរថយន្តរបស់អតិថិជន ដែលបានលិចល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ