គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង បានស្នើឱ្យបង្កើតច្បាប់បន្ទះឈីបពិសេសមួយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដើម្បីផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនផលិតបន្ទះសៀគ្វី និងការលើកលែងការកម្រិតម៉ោងធ្វើការ ដើម្បីដោះស្រាយហានិភ័យដែលអាចកើតមានក្រោយការឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិករបស់លោក ដូណាល់ ត្រាំ។
ឧស្សាហកម្មបន្ទះឈីបមានសារសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលពឹងផ្អែកលើពាណិជ្ជកម្ម និងជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ នៅតំបន់អាស៊ី ខណៈដែលប្រទេសនេះបាននាំចេញបន្ទះឈីប១៦% នៃការនាំចេញសរុបកាលពីឆ្នាំមុន។
ការស្នើឱ្យមានសេចក្តីព្រាងច្បាប់ដែលត្រូវការយល់ព្រមពីគណបក្សជំទាស់នេះបានធ្វើឡើងចំពេលក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួនមានក្រុមហ៊ុន Samsung Electronics ជាដើមកំពុងត្រៀមលក្ខណៈសម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងនៅប្រទេសចិន តៃវ៉ាន់ និងកន្លែងផ្សេងទៀតផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយយ៉ាងតិច៦៥ពាន់លានដុល្លារដល់ឆ្នាំសារពើពន្ធ២០៣០ ដើម្បីជំរុញបង្កើនឧស្សាហកម្មបន្ទះឈីប និងបញ្ញាសិប្បនិម្មិតក្រោមផែនការ ដែលបានដាក់ចេញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្កេរូ អ៊ីស៊ីបា (Shigeru Ishiba)។
លោក អ៊ីស៊ីបា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកនឹងបង្កើតក្របខណ្ឌជំនួយថ្មីមួយ ដើម្បីទាក់ទាញការវិនិយោគសាធារណៈ និងឯកជនក្នុងទំហំទឹកប្រាក់ប្រហែល ៦៥ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ផែនការនេះនឹងត្រូវដាក់បញ្ចូលក្នុងកញ្ចប់សេដ្ឋកិច្ចដ៏ទូលំទូលាយ ដែលនឹងត្រូវបញ្ចប់រួចរាល់នៅក្នុងខែវិច្ឆិកា នេះ៕
អត្ថបទ៖ សុខ មង្គល