
មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោក ជាមួយប្រជាជនសរុបជាង១,៤ពាន់លាននាក់ បានខឹងឆេះដុំ និងបានបញ្ជាឱ្យបណ្ដាក្រុមហ៊ុនរដ្ឋចិន ផ្អាករាល់កិច្ចព្រមព្រៀងថ្មីៗជាមួយក្រុមហ៊ុនរបស់គ្រួសារកំពូលមហាសេដ្ឋីហុងកុង លោក លី កាស៊ីង ក្រោយក្រុមហ៊ុនមេ CK Hutchison របស់គ្រួសារលោកបានលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Panama Ports Company ដែលគ្រប់គ្រងកំពង់ផែយុទ្ធសាស្ត្រចំនួន២ នៅព្រែកជីកប៉ាណាម៉ា ឱ្យទៅក្រុមហ៊ុនយក្សអាម៉េរិក BlackRock ក្នុងតម្លៃ២,៨ពាន់លានដុល្លារអាម៉េរិក កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំនេះ។
ទោះជាយ៉ាងណា បទបញ្ជាថ្មីដែលចេញកាលពីជាងមួយសប្តាហ៍មុននេះមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងចាប់ដៃគូសហការដែលមានស្រាប់នោះទេ ពោលគឺគ្រាន់តែពន្យារពេលអនុម័តកិច្ចព្រមព្រៀងថ្មីៗជាមួយក្រុមហ៊ុនរបស់គ្រួសារកំពូលមហាសេដ្ឋហុងកុង លោក លី កាស៊ីង ប៉ុណ្ណោះ។
ទន្ទឹមនេះ ក្រុមនិយ័តករចិន ក៏នឹងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញផងដែរលើការវិនិយោគរបស់គ្រួសារលោក លី កាស៊ីង នៅក្នុងប្រទេសចិន និងក្រៅប្រទេស ដើម្បីវាយតម្លៃពីទំហំអាជីវកម្ម និងឥទ្ធិពលរបស់ក្រុមហ៊ុនទាំងនោះ។
ការផ្អាកកិច្ចព្រមព្រៀងថ្មីៗទាំងនេះ មិនមានន័យថា ទីក្រុងប៉េកាំង នឹងហាមឃាត់បណ្ដាក្រុមហ៊ុនរដ្ឋទាំងស្រុងពីការចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនរបស់លោក លី កាស៊ីង នោះទេ។
ប៉ុន្តែវាគឺជាការបង្កើនការដាក់សម្ពាធលើមហាសេដ្ឋីវ័យ៩៦ឆ្នាំរូបនេះ បន្ទាប់ពីក្រុមហ៊ុនមេ CK Hutchison របស់គ្រួសារលោក លី កាស៊ីង បានលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Panama Ports Company ដែលគ្រប់គ្រងកំពង់ផែយុទ្ធសាស្ត្រចំនួន២ នៅព្រែកជីកប៉ាណាម៉ា ឱ្យទៅក្រុមហ៊ុនយក្សអាម៉េរិក BlackRock ស្របពេលដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន កំពុងតានតឹងស្រាប់៕
ដោយ: តែម សុខុម