យ៉ាងណាមិញកសិករធ្វើស្រែ ដែលកំពុងជួបបញ្ហាតម្លៃមានការធ្លាក់ចុះស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហានេះ បើពុំដូច្នោះទេ ពួកគេអាចប្រឈមនឹងការខាតបង់ជាក់ជាមិនខាន។
លោក វង្ស វិ កសិករធ្វើស្រែម្នាក់នៅខេត្តព្រៃវែង បានលើកឡើងថា បច្ចុប្បន្ននៅតំបន់របស់លោកកសិករកំពុងជួបបញ្ហាគ្រោះទឹកជន់ ដោយមានស្រែរបស់កសិករខ្លះបានប្រមូលផលរួច ហើយខ្លះត្រូវជន់លិចមិនអាចប្រមូលផលបាន។ បើតាមការលើកឡើងរបស់កសិកររូបនេះ ស្រូវប្រភេទអូអឹមសើមនៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី៥៧០រៀលទៅ៦២០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនអាចលក់បានក្នុងតម្លៃ៧៧០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែស្រូវ ដែលកសិករបានប្រមូល និងហាលស្តុកទុកអាចលក់បានក្នុងតម្លៃ១០០០ក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងនេះ កសិកររូបនេះស្នើឱ្យភាគីពាក់ព័ន្ធជួយធ្វើយ៉ាងណាឱ្យតម្លៃស្រូវអូអឹមមានការកើនឡើងជាងនេះ ទើបកសិករអាចទទួលបានប្រាក់ចំណេញខ្លះ។
ជាមួយគ្នានេះ លោក នួន ណារិន្ទដា កសិករធ្វើស្រែម្នាក់នៅខេត្តឧត្តរមានជ័យ បានអះអាងថា បច្ចុប្បន្នតម្លៃស្រូវ នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី៥៥០រៀលទៅ៦០០រៀលក្នុងមួយគីឡូក្រាម ដោយកាលពីឆ្នាំមុនអាចលក់បានក្នុងតម្លៃចន្លោះពី៧០០ទៅ៨០០រៀលក្នុងមួយគីឡូក្រាម។ បើតាមកសិកររូបនេះតម្លៃជីថ្នាំកសិកម្ម ប្រេង និងសាំងហាក់មានតម្លៃខ្ពស់ ដែលធ្វើតម្លៃនេះមិនអាចផ្តល់ប្រាក់ចំណេញដល់កសិករនោះទេ។ ជាមួយគ្នានេះ លោកស្នើឱ្យភាគីពាក់ព័ន្ធជួយចុះទៅប្រមូលទិញស្រូវនៅតំបន់របស់លោកគ្រាន់ទទួលបានថវិការខ្លះក្នុងការដោះស្រាយបំណុល។
ពាក់ព័ន្ធបញ្ហានេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ស្រូវ ដែលកសិករបានផលិតនៅឆ្នាំនេះបានលើសតម្រូវការប្រើប្រាស់ក្នុងស្រុកប្រមាណជិត៧លានតោន ដោយកើនឡើងប្រហែល៥០ម៉ឺនតោនស្រូវ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមលោក លន់ យ៉េង តត្តានេះ គួបផ្សំប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ដែលទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា បានផ្អាកការនាំចូលស្រូវ និងអង្ករបានធ្វើតម្លៃហាក់មានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ។ បើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ស្របពេលស្រូវកំពុងជួបបញ្ហាទីផ្សារ និងអ្នកជួយប្រមូលទិញ សហព័ន្ធស្រូវអង្ករកំពុងជួយប្រមូលទិញស្រូវតាមរយៈរោងម៉ាស៊ីនកិនស្រូវទៅតាមសមត្ថភាព ដោយគិតតាមតម្លៃទីផ្សារនៃអង្ករអន្តរជាតិ។
ស្របពេលស្រូវកំពុងធ្លាក់ថ្លៃ និងខ្វះឈ្មួញចុះប្រមូលទិញ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លើកទឹកចិត្តឱ្យកសិករ ដែលមានលទ្ធភាពហើយត្រូវប្រមូលផលស្រូវ ហាលស្តុកទុកដើម្បីលក់យកចំណេញនៅពេលស្រូវមានទីផ្សារល្អ៕
អត្ថបទ៖ ជា ម៉ារ៉ា