កាលពីពេលកន្លងទៅ កោះតៃវ៉ាន់ត្រូវបានគេមើលឃើញថា មានការស្កាត់ជំងឺកូវីដ១៩បានល្អជាងគេ ដោយក្នុងនោះ អាជ្ញាធរដែនដីកោះមួយនេះ បានបិទព្រំដែន និងដាក់ចេញវិធានការការពារនានាដើម្បីបញ្ជៀសការឆ្លងកូវីដ១៩។ ក៏ប៉ុន្ដែ នៅប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការផ្ទុះឆ្លងកូវីដ-១៩ក្នុងសហគមន៍នៅតៃវ៉ាន់បាននិងកំពុងផ្ទុះរាលដាលកាន់តែខ្លាំងឡើង ខណៈដែលការចាក់វ៉ាក់សាំងវិញគឺនៅមានចំនួនតិចតួចប្រមាណតែ១%ប៉ុណ្ណោះនៃចំនួនប្រជាជនសរុបជាង២៣លាននាក់នៅតៃវ៉ាន់។ ប្រការនេះ បានបង្ខំឲ្យអាជ្ញាធរកោះតៃវ៉ាន់ចេញបម្រាមភ្លាមៗលើការជួបជុំមនុស្សច្រើន និងបិទទីតាំងកម្សាន្ដជាច្រើនផងដែរ។
ដោយមើលឃើញពីបញ្ហាកូវីដ១៩ បន្ដរាតត្បាតកាន់តែខ្លាំង តៃវ៉ាន់បានអនុម័តកញ្ចប់ថវិកាចំណាយបន្ថែមទៀតប្រមាណជាង១៥ពាន់លានដុល្លារ ហើយថវិកានេះ នឹងត្រូវប្រើប្រាស់រហូតដល់ចុងខែមិថុនាឆ្នាំក្រោយ។
ទន្ទឹមគ្នានេះដែរ ធនាគារកណ្ដាលរបស់តៃវ៉ាន់ ក៏កំពុងតែដំណើរការគម្រោងផ្ដល់ប្រាក់កម្ចីដាច់ដោយឡែកមួយទៀត ដែលមានតម្លៃជាង ១៤ពាន់លានដុល្លារ ដើម្បីផ្ដល់កម្ចីអនុគ្រោះការប្រាក់ទាប សម្រាប់ជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលកំពុងរងផលប៉ះពាល់ដោយសារតែកូវីដ-១៩ផងដែរ។
សូមបញ្ជាក់ថា កោះតៃវ៉ាន់បានចាប់ផ្ដើមផ្ទុះរាលដាលកូវីដ-១៩រលកឆ្លងថ្មីចាប់ពីពាក់កណ្ដាលខែឧសភាមក ដោយគិតមកទល់ថ្ងៃ៣០ខែឧសភា ចំនួនអ្នកឆ្លងកូវីដ-១៩នៅតៃវ៉ាន់សរុបមានជាង៨ពាន់នាក់ហើយ ក្នុងនោះអ្នកជាសះស្បើយមានជាង១ពាន់នាក់ និងអ្នកស្លាប់មានជាង១០០នាក់៕