មែនទែនទៅ ប្រទេសចិនបានបង្កើតសមយុទ្ធយោធាគួរឱ្យកត់សម្គាល់ ព្រមទាំងបង្កើនវត្តមានយោធាក្នុងច្រកសមុទ្រតៃវ៉ាន់កាន់តែខ្លាំងឡើងនេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណេនស៊ី ផេឡូស៊ី មកកាន់កោះប្រជាធិបតេយ្យមួយនេះកាលពីខែសីហាមកម្ល៉េះ។
មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ លោក ឈូ តៃសាន (Chiu Tai-san) បានប្រាប់វេទិកាមួយក្នុងទីក្រុងតៃប៉ិថា៖ «រដ្ឋាភិបាលទីក្រុងប៉េកាំងគួរតែបញ្ឈប់ការរករឿង និងបង្កហេតុរបស់ខ្លួនទៅ ព្រោះវារឹងតែធ្វើឱ្យភាគីទាំងពីរមានគម្លាតកាន់តែខ្លាំង និងបង្កើនភាពក្តៅក្រហាយក្នុងតំបន់តែប៉ុណ្ណោះ»។
លោក ឈូ បានបន្ថែមថា «យើងជំរុញឱ្យចិនដីគោកបញ្ឈប់ការដាក់សម្ពាធខាងយោធា និងរក្សាសន្តិភាព និងស្ថិរភាពវិញ ដោយប្រែក្លាយផ្នត់គំនិតក្នុងការដោះស្រាយបញ្ហាដោយកម្លាំង ទៅជា «ការសន្ទនាប្រកបដោយការស្ថាបនា និងគ្មានលក្ខខណ្ឌជាមុន ទើបវាប្រសើរជាង»។
លើសពីនេះ លោកសង្ឃឹមថា ប្រទេសចិនអាចបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួនជាបណ្តើរៗ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីត១៩ ដូច្នេះភាគីទាំងពីរអាចបន្ត «ការផ្លាស់ប្តូរប្រកបដោយសុទ្ធចិត្ត និងសណ្តាប់ធ្នាប់ ព្រមទាំងបង្កើតការដោះស្រាយដោយសន្តិវិធី»។
មែនទែនទៅ ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនអាចចូលតុចរចារគ្នាដោយសមភាពជាមួយមេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បានឡើយ ព្រោះដែនកោះមួយនេះជាផ្នែកមួយនៃប្រទេសចិន ដែលមិនទាន់បានបង្រួបបង្រួមគ្នានៅឡើយ។
គួរជម្រាបថា កាលពីដើមខែតុលានេះ បន្ទាប់ពីបានបន្តកាន់អំណាចជាអគ្គលេខាធិការបក្សក្នុងអាណត្តិទី៣ ក្រោយសមាជបក្សកុម្មុយនិស្តចិនលើកទី២០នាពេលថ្មីៗនេះ លោក ស៊ី ជីនពីង បានប្តេជ្ញាថា ចិនត្រូវតែបង្រួបបង្រួមគ្នាជាមួយតៃវ៉ាន់ឡើងវិញទោះប្រើវិធីណាក៏ដោយ រួមទាំងសិទ្ធិប្រើប្រាស់កម្លាំងយោធាក្តីផងដែរ ព្រោះលោកចាត់ទុកការបង្រួបបង្រួមចិនតែមួយនោះគឺជា «ការរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន»។
ទោះបីជាបែបនេះក្តី ទីក្រុងតៃប៉ិនិយាយថា មានតែប្រជាជនទាំង ២៣ លាននាក់របស់កោះនេះប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេចអនាគតរបស់ពួកគេបាន ហើយតៃវ៉ាន់មិនធ្លាប់ត្រូវបានគ្រប់គ្រងដោយចិនកុម្មុយនិស្តនោះទេ ដូច្នេះហើយការទាមទារអធិបតេយ្យភាពពីសំណាក់ទីក្រុងប៉េកាំងគឺគ្មានន័យនោះទេ។
សហរដ្ឋអាមរិកចុងក្រោយនេះ ក៏បានចេញមកព្រមានដែរថា ពេលនេះ ចិនលែងទទួលយកស្ថានការណ៍ដើមនៃកោះតៃវ៉ាន់តទៅទៀតហើយ ពោលគឺចិននឹងបង្កើនការដាក់សម្ពាធ និងធ្វើយ៉ាងណាត្រូវតែយកតៃវ៉ាន់មកគ្រប់គ្រងឲ្យបានកាន់តែឆាប់ជាងអ្វីដែលគេដៅទុកទៅទៀត៕