លោក លៀង វេនឈី (Liang Wen-chieh) អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់បានប្រាប់អ្នកយកព័ត៌មានថា ការព្រមានអំពីការធ្វើដំណើរដែលបានលើកឡើង ក៏បានអនុវត្តទៅលើទីក្រុងដែលគ្រប់គ្រងដោយចិន ដូចជាទីក្រុងហុងកុង និងម៉ាកាវ ផងដែរ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីចិន បានប្រកាសពីគោលការណ៍ច្បាប់ថ្មី ដោយមានទាំងការគំរាមប្រហារជីវិតអ្នកបំបែកឯករាជ្យតៃវ៉ាន់នៅក្នុងករណីធ្ងន់ធ្ងរ ដែលធ្វើឱ្យកើនឡើងបន្ថែមទៀតនូវភាពតានតឹង ហើយបានទាក់ទាញការថ្កោលទោសពីប្រធានាធិបតីកោះតៃវ៉ាន់ ឡៃ ជីងតេ និងរដ្ឋាភិបាលរបស់លោក ក៏ដូចជាសហរដ្ឋអាម៉េរិក។
អ្នកនាំពាក្យរូបនេះ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ក្នុងទីក្រុងតៃប៉ិ ថា គោលការណ៍ណែនាំទាំងនោះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាពរបស់ប្រជាជនតៃវ៉ាន់ ដែលនឹងធ្វើដំណើរទៅប្រទេសចិន បន្ថែមពីលើវិធានការផ្សេងទៀត ដែលចិនកំពុងអនុវត្តដើម្បីពង្រឹងច្បាប់សន្តិសុខជាតិរបស់ខ្លួន។