រោងចក្រឈីបទី១ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៤ ខណៈ គម្រោងរោងចក្រទី២ ដែលស្ថិតនៅក្បែររោងចក្រទី១ នឹងផលិតឈីបជំនាន់ក្រោយបំផុត ហៅថា 3 nanometer នៅត្រឹមឆ្នាំ២០២៦។ រោងចក្រទី២នេះ នឹងក្លាយជារោងចក្រឈីបដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្តអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានទៅចូលរួមក្នុងពិធីមួយនៅរោងចក្រ TSMC ទីមួយតម្លៃ ១២ពាន់លានដុល្លារដែលកំពុងសាងសង់នេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជាការបង្ហាញអំពីការជំរុញដល់ការផលិតបន្ទះឈីបនៅអាមេរិក។
លោកប្រធានាធិបតីបាននិយាយថា នាពេលកន្លងទៅ អាមេរិកធ្លាប់បានផលិតឈីបប្រមាណ ៣០% នៃឈីបសាកល ប៉ុន្តែបច្ចុប្បន្នវាធ្លាក់មកនៅត្រឹម ១០% ប៉ុណ្ណោះ បើទោះបីជាអាមេរិក ជាអ្នកនាំមុខគេក្នុងពិភពលោកលើការស្រាវជ្រាវ និងរចនាឈីបក៏ដោយ។
លោក Mark Liu ប្រធានក្រុមហ៊ុន TSMC បាននិយាយថា នៅពេលរោងចក្រទាំងពីរ ត្រូវបានសាងសង់រួចរាល់ ក្រុមហ៊ុននឹងអាចផលិតបានបន្ទះឈីបប្រមាណ ៦ម៉ឺនវ៉ាហ្វឺ ក្នុង១ឆ្នាំ ដែលតំណាងឱ្យប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ១០ពាន់លានដុល្លារ។ លោកបន្ថែមថា អតិថិជនដែលប្រើបន្ទះឈីបទាំងនោះ នឹងទទួលបានការលក់ប្រចាំឆ្នាំជាង ៤០ពាន់លានដុល្លារឯណោះ។ រោងចក្រទាំងពីរនេះ នឹងបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់ប្រមាណ ១ម៉ឺន ៣ពាន់កន្លែង។
ក្រុមហ៊ុន Apple, Nvidia Corp និង Micro ដែលជាអតិថិជនរបស់ក្រុមហ៊ុន TSMC សុទ្ធតែមានក្តីរំពឹងដូចគ្នាថា ឈីបរបស់ពួកគេនឹងត្រូវផលិតឡើងនៅក្នុងរោងចក្រ Arizona ថ្មីនេះ។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា Apple បានធ្វើការជាមួយក្រុមហ៊ុន TSMC ដើម្បីផលិតឈីបដែលជួយជំរុញដល់ការលក់ផលិតផលរបស់ខ្លួននៅទូទាំងពិភពលោក។ Apple ក៏ត្រៀមពង្រីកការងារនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខទៀតដែរ នៅពេល TSMC ចាក់គ្រឹះកាន់តែរឹងមាំនៅលើទឹកដីអាមេរិកហើយនោះ។ សម្រាប់ Apple វាគឺជា លើកដំបូងហើយ ដែលក្រុមហ៊ុនមានតម្លៃថ្លៃបំផុតក្នុងលោកមួយនេះ បានបង្ហាញពីគម្រោងផលិតបន្ទះឈីប។
សូមជម្រាបដែរថា ក្រៅតែពីការវិនិយោគរោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC នេះ ក៏មានរោងចក្ររបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung តម្លៃ ១៧ពាន់លានដុល្លារ នៅរដ្ឋ Texas និងរោងចក្រក្រុមហ៊ុន Intel តម្លៃ ៤០ពាន់លានដុល្លារនៅរដ្ឋ Arizona និង Ohio ដែលកំពុងសាងសង់ផងដែរ៕
អត្ថបទ ៖ នៅ សំភី