ជំនួបពិភាក្សានេះ គ្រោងធ្វើឡើងក្នុងអំឡុងពេលឯកឧត្តមដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយនៅក្នុងអំឡុងពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងសិក្សាពីភាពជោគជ័យរបស់ជប៉ុន ក្នុងការស្រូបទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាផងដែរ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនោះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងជួបជាមួយលោក ISHIGURO Norihiko ប្រធាន JETRO និងប្រធានសមាគមជប៉ុន និងកម្ពុជា (JCA) ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីកង្វល់ និងបញ្ហាប្រឈមដែលវិនិយោគគិនជប៉ុនកំពុងជួបប្រទះ សំដៅស្វែងរកដំណោះស្រាយ សម្រួលដល់ការធ្វើធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងធ្វើដំណើរទៅកាន់ខេត្តគូម៉ាម៉ូតូ (Kumamoto) ដែលមានទីតាំងនៅភាគនិរតីនៃប្រទេសជប៉ុន ដើម្បីជួបជាមួយលោក KIMURA Takashi អភិបាលខេត្តកូម៉ាម៉ូតូ និងប្រធានសមាគមន៍ឧស្សាហកម្មកូម៉ាម៉ូតូ ដើម្បីដកពិសោធន៍ពីជោគជ័យរបស់តំបន់នេះក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្មនិងការរីចម្រើនផ្នែកបច្ចេកវិទ្យា ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅប្រទេសជប៉ុន។
ក្រៅពីជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏មានជំនួបពិភាក្សាការងារជាមួយសមាជិកគណៈរដ្ឋមន្ត្រីជប៉ុន និងថ្នាក់ដឹកនាំក្រសួងស្ថាប័នរបស់ជប៉ុន ជាច្រើនរូបទៀតផងដែរ ដើម្បីសិក្សាអំពីប្រព័ន្ធអភិបាលកិច្ចជប៉ុន ជាពិសេសពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការ ដ៏សំខាន់មួយរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី, សិក្សាស្វែងយល់អំពីគោលនយោបាយ សំខាន់ៗពាក់ព័ន្ធនឹងវិស័យរដ្ឋបាល ច្បាប់ ការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយរបស់ រដ្ឋាភិបាល និងទិដ្ឋភាពពាក់ព័ន្ធមួយចំនួនទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណង មិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនង ប្រជាជននិងប្រជាជន។
ដំណើរទស្សនកិច្ចនេះ បង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ការពង្រឹងអភិបាលកិច្ចប្រព័ន្ធការងារ ក៏ដូចជាពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ជាពិសេសដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តនូវមុខងារគន្លឹះ និងមុខងារស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានជាង២ពាន់១៦១លានដុល្លារ មានការកើនឡើង២០% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា នាំចេញទៅជប៉ុន មានទំហំជាង១ពាន់៤រយលានដុល្លារ មានការកើនឡើងជិត២០% ខណៈកម្ពុជា នាំចូលទំនិញពីជប៉ុន មានទំហំជាង៧៥២លានដុល្លារ មានការកើនឡើង២០%៕