ក្រោយចាប់រឹបអូសបានប្រេងជិត៣០ម៉ឺនបារ៉ែល ដោយកងទ័ពជើងទឹកឥណ្ឌូនេស៊ីកាលពថ្ងៃពុធ ទី២៥ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន World Tankers Management បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅល្ងាចថ្ងៃដដែល ដោយបានទាត់ចោលការចោទប្រកាន់ដែលថា នាវារបស់ក្រុមហ៊ុនខ្លួនឈ្មោះ MT Strovolos បានដឹកប្រេងចេញពីកម្ពុជាដោយខុសច្បាប់ ព្រមទាំងមិនបានសុំការអនុញ្ញាតចូលសុំចតក្នុងដែនសមុទ្រឥណ្ឌូនេស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានសរសេរក្នុងសំណេរជាភាសាអង់គ្លេសដែលមានន័យដូច្នេះថា៖«យើង(ក្រុមហ៊ុន World Tankers Management) សោកស្តាយដែលបានទទួលដំណឹងថា សមាជិកនាវិកមួយចំនួនរបស់យើង ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ឃាត់ខ្លួនយកមកលើគោកហើយនៅតែបន្តឃុំខ្លួនដដែលមកទល់ពេលនេះ ខណៈដែលនាវិកមួយចំនួន ដែលនៅសេសសល់ កំពុងជាប់គាំងនៅលើនាវា ដែលមិនអាចចាកចេញបាន»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមហ៊ុនខាងលើនៅតែបន្តបដិសេធដាច់ណាត់ លើការចោទប្រកាន់ដែលថា ប្រេងដែលពួកគេដឹកជញ្ជូនគឺខុសច្បាប់។
ក្រុមហ៊ុនអះអាងថា នាវារបស់ពួកគេបានផ្ទុកប្រេងឆៅប្រមាណ ៣០ម៉ឺនបារ៉ែល នៅតំបន់អប្សរាដែនរុករកប្រេងរបស់កម្ពុជា កាលពីថ្ងៃទី ២១ខែឧសភា ដោយគេគ្រាន់តែដឹងថា ប្រេងទាំងនេះជារបស់ក្រុមហ៊ុន Kris Energy ហើយក្រុមហ៊ុន Kris Energy ជាអ្នកជួលពួកគេមកដឹកជញ្ជូន។
យ៉ាងណាមិញ បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុននាវាដឹកប្រេង ក្រុមហ៊ុន KrisEnergy បានខកខានក្នុងការបង់ប្រាក់ថ្លៃដឹកជញ្ជូនមកឲ្យខ្លួន ហើយបានសម្រេចឲ្យបញ្ឈប់ប្រតិបត្តិការភ្លាមៗ នៅពេលដែលនាវាចូលសុំចតចាក់ប្រេង និងផ្លាស់ប្តូរនាវិកក្នុងប្រទេសថៃ។
គួរជម្រាបថា កងទ័ពជើងទឹកឥណ្ឌូនេស៊ីនៅថ្ងៃពុធទី២៥សីហា បានចាប់រឹបអូសនាវាផ្ទុកប្រេងឆៅខាងលើ និងនាវិកជាច្រើននាក់ទៀត ដែលត្រូវបានចោទប្រកាន់ថា បានលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលពីស្ដុកបម្រុងទុកប្រេងនៅកម្ពុជា។ អាជ្ញាធរឥណ្ឌូនេស៊ីឲ្យដឹងទៀតថា នាវាផ្ទុកប្រេងនេះ គឺត្រូវបានជួលដោយក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលជាក្រុមហ៊ុនបូមប្រេងនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិរុករកប្រេង និងបានបូមប្រេងនៅកម្ពុជាប៉ុន្ដែ ដោយសារតែក្រុមហ៊ុនមានជួបវិបត្តិហិរញ្ញវត្ថុ និងការបូមប្រេងបានតិចជាងការរំពឹងទុកធ្វើឲ្យក្រុមហ៊ុនធ្លាក់ខ្លួនកាន់តែខ្លាំងក្នុងវិបត្តិបំណុល។ កាលពីថ្ងៃទី៤ខែមិថុនា Kris Energy បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ខ្លួនគ្មានលទ្ធភាពសងបំណុលដល់ម្ចាស់បំណុល ដែលខ្លួនបានជំពាក់នោះទេ៕