ដេប៉ូប្រេងឥន្ធនៈ

ម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនឹងប្រឈមការកសាងសំណុំរឿងទៅតុលាការ បើរកឃើញលក់បន្លំគុណភាព និងបរិមាណម្តងទៀតនៅឆ្នាំនេះ


ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈក្រោមរូបភាពលក់បន្លំគុណភាព និងបរិមាណនៅឆ្នាំនេះ អាចប្រឈមនឹងវិធានការក្តៅ និងធ្ងន់ធ្ងរជាងឆ្នាំមុន។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈអាចប្រឈមនឹងការកសាងសំណុំរឿងទៅតុលាការ ប្រសិនបើរកឃើញលក់បន្លំគុណភាព និងបរិមាណម្តងទៀតនៅក្នុងឆ្នាំ២០២៤ នេះ។
ដេប៉ូប្រេងឥន្ធនៈ
ដោយ

ការព្រមានចាត់វិធានការក្តៅនេះធ្វើឡើងក្នុងគោលបំណង ដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ ក៏ដូចជាធានាភាពត្រឹមត្រូវក្នុងការប្រកួតប្រជែងក្នុងវិស័យប្រេងឥន្ធនៈ។

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ដើម្បីរួមចំណែកជួយការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ ក៏ដូចជាធានាសុចរិតភាពក្នុងការប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ អគ្គនាយកដ្ឋាន ក.ប.ប នឹងបង្កើនការចុះត្រួតពិនិត្យ និងចាត់វិធានការកាន់តែធ្ងន់ធ្ងរជាងចំពោះម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតនៅឆ្នាំនេះ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈអាចប្រឈមនឹងការកសាងសំណុំរឿងទៅតុលាការ ដើម្បីអនុវត្តនីតិវិធីច្បាប់ ប្រសិនបើមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញនៅតែបន្តប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យប្រេងឥន្ធនៈ។

បើតាមការលើកឡើងរបស់ឯកឧត្តម ផាន អូន នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ នេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យនៅតាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបានចំនួន១៥កន្លែង ដោយរកឃើញដេប៉ូចំនួន៤ បានប្រកបអាជីវកម្មមិនសុចរិត ក្រោមរូបភាពលក់បន្លំគុណភាព និងបរិមាណ។ ចំនួននេះហាក់មានការថយចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ក៏ដោយសារនៅក្នុងខែមករា ដើមឆ្នាំនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានផ្អាកសកម្មភាពចុះត្រួតពិនិត្យនៅតាមស្ថានីយ និងប្រេងឥន្ធនៈសិន ដើម្បីរៀបចំផែនការថ្មីនៃការអនុវត្តពិន័យលើម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលបន្តប្រព្រឹត្តបទល្មើស។

គួរបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការវិន័យក្រោមរូបភាពធ្វើកិច្ចសន្យាណែនាំ និងពិន័យអន្តរការណ៍លើម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈយ៉ាងសស្រាក់សស្រាំក្នុងក្របខណ្ឌទូទាំងប្រទេស។ ប៉ុន្តែយើងនៅតែសង្កេតឃើញថា សកម្មភាពលក់ប្រេងឥន្ធនៈបន្លំគុណភាព និងបរិមាណរបស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅតែបន្តកើតមានជាហូរហែ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួនជិត១ពាន់៧រយកន្លែង ក្នុងនោះមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញបានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ មានការថយចុះ២០% បើធៀបនឹងឆ្នាំ២០២២។

ការថយចុះបទល្មើសក្នុងវិស័យប្រេងឥន្ធនៈនេះ ត្រូវបានថ្នាក់ដឹកនាំរូបនេះ អះអាងថា គឺបន្ទាប់ពីមានការចុះអនុវត្តសកម្មភាពត្រួតពិនិត្យ និងចាត់វិធានការច្បាប់ដូចភ្លៀងរលឹមពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប គួបផ្សំការចុះអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ដល់ធុរជន និងការចូលរួមអនុវត្តច្បាប់យ៉ាងផុលផុសពីអ្នករកស៊ីក្នុងវិស័យប្រេងឥន្ធនៈនេះ។ សម្រាប់ឯកឧត្តម ផាន អូន ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ត្រីបានរួមចំណែកសំខាន់យ៉ាងណាក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នស្ត្រីកំពុងគ្រប់គ្រងអាជីវកម្មជាង៦០%នៅកម្ពុជា?

ព័ត៌មាន
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចាត់ទុកការចូលរួមរបស់ស្ត្រី គឺជាកាតាលីករយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការជួយជំរុញការអភិវឌ្ឍសង្គមសេដ្…

ទីបំផុតស៊ុយអែត ក្លាយជាសមាជិកទី៣២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាផ្លូវការ

ព័ត៌មាន
នៅទីបំផុតប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី៣២ របស់អង្គការបក្សសម្ព័ន្ធយោធា NATO ជាផ្លូវការហើយ ដោយបញ្ចប់ជំហរអព្យាក្រឹតភាពជាច្រើនទសវត្សរ៍របស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ