
តាមពិតប្រទេសចិនបានផ្អាកការបញ្ជាទិញសណ្តែកសៀង និងពោតពីសហរដ្ឋអាម៉េរិកតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ពោលគឺតាំងពីមុនពេលការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលើប្រទេសចិនមកម្ល៉េះ។ ចំណាត់ការរបស់ទីក្រុងប៉េកាំងនេះត្រូវបានគេឃើញថា ហាក់មានបំណងចង់វាយប្រហារកសិករអាម៉េរិក និងក្រុមផ្សេងទៀតដែលគាំទ្រលោក ត្រាំ ដែលបានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិននៅក្នុងអាណត្តិដំបូងរបស់លោក និងបានប្រកាសពន្ធលើប្រទេសជាច្រើនតាំងពីលោកបានវិលត្រឡប់មកគ្រប់គ្រងសេតវិមានជាថ្មីកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៥។
ការសិក្សាលើទិន្នន័យរបស់ក្រសួងកសិកម្មអាម៉េរិកបានបង្ហាញថា ក្រុមហ៊ុនចិនបានផ្អាកបញ្ជាទិញសណ្តែកសៀង និងពោតពីអាម៉េរិកតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅ៤ថ្ងៃមុនលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការ។ ការផ្អាកនេះបានកើតឡើងក្រោយលោក ត្រាំ បានបោះពាក្យសម្តីក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីថា ខ្លួននឹងដាក់ពន្ធ៦០%លើផលិតផលចិនទាំងអស់ ដែលនាំចូលទៅអាម៉េរិក ប៉ុន្តែរដ្ឋការរបស់លោក ត្រាំ រហូតដល់ខែមេសា នេះបានដំឡើងពន្ធលើទំនិញចិនរហូតដល់១៤៥%។
ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកកាលពីខែមីនា បានឆ្លើយតបទៅនឹងការដាក់ពន្ធថ្មីរបស់លោក ត្រាំ តាមរយៈការដាក់ពន្ធបន្ថែមរហូតដល់១៥%លើសណ្តែកសៀង ពោត សាច់មាន់ និងផលិតផលផ្សេងៗទៀតរបស់សហរដ្ឋអាម៉េរិក។ សម្រាប់ទីក្រុងប៉េកាំង ប្រទេសប្រេស៊ីលជាជម្រើសដ៏សំខាន់មួយជំនួសឱ្យសហរដ្ឋអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល