អ្នកជំនាញក្នុងវិស័យទេសចរណ៍បានសាទរចំពោះការបន្ដលើកលែងពន្ធពីសំណាក់រាជរដ្ឋាភិបាលចំពោះ អាជីវកម្មទេសចរណ៍ ដែលវាគឺជាការចូលរួមដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងវិស័យនេះ ដើម្បីបន្ដលើកស្ទួយដល់ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ,ផ្ទះសំណាក់,ភោជនីយដ្ឋាន និងភ្នាក់ងារក្រុមហ៊ុនទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្ម នៅក្នុងបណ្ដារាជធានី-ខេត្តចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់ឆមាសទី១ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកុម្ភៈ។ ដោយឡែក ករណីមានបំណុលមុនវិបត្តិកូវីដ១៩ សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ខេត្តដទៃទៀត ត្រូវពន្យារពេលការចុះធ្វើសវនកកម្មនៅក្នុងឆ្នាំ២០២១ តែអាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀងរាល់ខែ អំឡុងពេលលើកលែងនេះ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា គូសបញ្ជាក់ថា សព្វថ្ងៃ ចរន្តទេសចរផ្ទៃក្នុងចាប់ផ្ដើមមានស្ទុះងើបឡើងវិញ ក៏ពិតមែន តែចរន្តទេសចរបរទេសហាក់មានកំណើនយឺតនៅឡើយ។ ទន្ទឹមនឹងការងើបឡើងវិញជាបណ្ដើរនូវវិស័យទេសចរណ៍ អ្នកជំនាញរូបនេះ ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ពីការផ្ទុះឡើងនៃកូវីដ១៩ ប្រភេទអូមីក្រុង នាពេលរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលអាចជាការរំខានដល់សកម្មភាពនៃវិស័យទេសចរណ៍។
បើតាមអ្នកជំនាញ វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច កាលណាវិស័យទេសចរណ៍មានការជាប់គាំង នោះចង់ឬមិនចង់ វានឹងបង្កជាផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីឱ្យវិស័យទេសចរណ៍អាចវិលទៅរកប្រក្រតីភាព ទាំងក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធ បានកែសម្រួលនូវផលិតផលទេសចរណ៍ថ្មីៗ ជាបន្តបន្ទាប់ ដូចជា ប្រភេទអេកូទេសចរណ៍,ទេសចរណ៍បែបវប្បធម៌ ក៏ដូចជា ការជំរុញបន្ថែមនូវទីតាំងទេសចរណ៍នៅតាមតំបន់មាត់សមុទ្រ ជាដើម៕