នៅក្នុងវិបស្សនាស្តីពី «វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់ផ្តល់សេវាតាមអនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ» ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ឱ្យដឹងថា នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនប្រមាណ ៣ពាន់ ២រយលានដុល្លារ ស្មើនឹងប្រមាណ ១១៤% នៃផែនការប្រចាំឆ្នាំ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ទោះបីជាក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោកអគ្គនាយកដ្ឋានពន្ធដារនៅតែមានលទ្ធភាពប្រមូលចំណូលពន្ធបានគ្រប់និងលើសផែនការ។
បើតាម ឯកឧត្តម គង់ វិបុល កំណែទម្រង់ពន្ធដារ គឺសម្រេចឱ្យបានរដ្ឋបាលកិច្ចល្អ និងឈានទៅសម្រេចឱ្យបាននូវអភិបាលកិច្ចល្អ ជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ក្នុងនោះការកែទម្រង់ដ៏ធំមួយរបស់ប្រព័ន្ធពន្ធដារកម្ពុជា គឺការផ្លាស់ប្ដូរពីការបំពេញឯកសារប្រកាសពន្ធដោយដៃ ទៅជាការអនុវត្តការប្រកាសពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ដោយចាប់ពីឆ្នាំ ២០១៤-២០២២ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានបានចំនួន ៥២ ប្រព័ន្ធ និង ១៩ កម្មវិធី ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធនិងកម្មវិធីទាំងនោះជាបន្តបន្ទាប់។ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ និងបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ។
គួរបញ្ជាក់ថា តាមផែនការច្បាប់ហិរញ្ញវត្ថុនៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធសរុបឲ្យបានដល់ប្រមាណ ២ ៨១៩លានដុល្លារ ខណៈនៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធសរុបឲ្យបានដល់ប្រមាណ ៣ ៥៧១លានដុល្លារ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕